Healthogo និងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ចូលរួមលើកកម្ពស់សុខភាពភ្នែកសិស្សនិស្សិត

កម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ រៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញទើបតែបានបញ្ចប់ទៅថ្មីៗនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដែលនេះជាលើកទី៩ហើយ ដែលកម្មវិធីដ៏សប្បាយរីករាយនេះត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិត និងសាស្ត្រាចារ្យជាច្រើនរូប ហើយឆ្នាំនេះផងដែរ Healthogo ក៏បានចូលរួមផងនូវក្នុងកម្មវិធីសប្បុរសធម៌មួយនេះ ដោយមានការផ្តល់ជូននូវការពិនិត្យ និងវាស់ភ្នែកដោយឥតគិតថ្លៃ ក្រោមកិច្ចសហការជាមួយនឹងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ដែលជាដៃគូយ៉ាងជិតស្និទ្ធ និងជាសមាជិកមួយរូបនៃសហគមន៍ហេលស៍ថាម។ 

ការពិនិត្យ និងវាស់ភ្នែក បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកចូលរួមជាពិសេសសិស្សនិស្សិតដែលមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់ខ្លួន។ លោកវេជ្ជបណ្ឌិត សេង សិរី វេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ដែលបានចូលរួមផ្ទាល់ក្នុងសកម្មភាពសង្គមដ៏មានអត្ថន័យខ្លឹមសារនេះ បានឲ្យដឹងថាលោកពិតជាមានភាពសប្បាយរីករាយខ្លាំង ដែលបានចូលរួមចំណែកក្នុងការថែទាំ និងលើកកម្ពស់សុខភាពភ្នែកដល់សិស្សនិស្សិតដែលបានចូលរួម តាមរយៈការពិនិត្យលើបញ្ហាមិនប្រក្រតី និងជំងឺភ្នែកផ្សេងៗ ព្រមទាំងពន្យល់បន្ថែមអំពីវិធីថែទាំសុខភាពភ្នែកឲ្យបានត្រឹមត្រូវ ចំំណេះដឹង និងសេវាសុខភាពភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ជូនផងដែរថា«បើតាមការសង្កេតរបស់ខ្ញុំ បញ្ហាចម្បងជាងគេរបស់សិស្សនិស្សិតដែលបានមកពិនិត្យនៅក្នុងថ្ងៃនេះ គឺបញ្ហាកំហុសកំណុំរូបភាព ហើយពួកគាត់ច្រើនកើតមានជំងឺភ្នែកម្ញ៉ូប ដែលជាជំងឺមួយដែលកើតមានជាទូទៅមិនថាក្នុងប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍឡើយ»។ ជាក់ស្តែង បើតាមការអង្កេតនៅឆ្នាំ២០០៦នៅខេត្តកណ្តាល បានបញ្ជាក់ថាការមិនព្យាបាលបញ្ហាកំហុសកំណុំរូបភាព(uncorrected refractive error)មានរហូតដល់6.1%នៃអ្នកជំងឺពិការភាពសងខាង (bilateral blindness) ដែលជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីបញ្ហាភ្នែកឡើងបាយ (cataract 67.4%)

មានសារខ្លីតែខ្លឹម ដែលលោកវេជ្ជបណ្ឌិតមានបំណងចែករំលែកជូនដល់មិត្តអ្នកអានអំពីការថែទាំសុខភាពភ្នែកដែលរួមមានដូចជា ៖ ត្រូវចេះការពារ និងមានអនាម័យក្នុងការថែទាំសុខភាពភ្នែករបស់ខ្លួន ហើយក្នុងករណីដែលមានបញ្ហាភ្នែកអ្វីមួយនេះ សូមធ្វើការពិនិត្យ និងពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ជាចុងក្រោយ គឺមិនគួរប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយខ្លួនឯងនោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ក៏ដូចជាមានបញ្ហាភ្នែកផ្សេងៗ ឬក៏អាចបណ្តាលឲ្យខូចភ្នែកទៀតផង។

បន្ថែមពីលើការផ្តល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃនេះ ក៏មានផងដែរនូវកម្មវិធីងាយៗសម្រាប់អ្នកចូលរួម ដោយគ្រាន់តែធ្វើការទាញយក ឬវាយតម្លៃទៅលើកម្មវិធីទូរស័ព្ទ Healthogo ដែលជាជម្រើសទីមួយសម្រាប់សុខភាពរបស់អ្នក ក៏អាចទទួលបាននូវកាដូជាស៊ីរ៉ូ និងថ្នាំបៀមបំបាត់អាការៈក្អក ឬឈឺបំពង់ក ក្រោមការឧបត្ថម្ភពីផលិតផលCoxil និងកាវអៀកបំបាត់អាការៈឈឺចាប់ ចុករួយសាច់ដុំដែលទទួលបានការឧបត្ថម្ភពីផលិតផលCo-plaster។ អ្វីដែលរឹតតែពិសេសនោះ គឺអ្នកមានសំណាងចំនួន៣រូប ក៏ត្រូវបានជ្រើសរើសដោយចៃដន្យ ដើម្បីទទួលបានស្ព្រៃយ៍បាញ់បំបាត់ការឈឺចាប់Co-Sprayម្នាក់ចំនួន១ដបផងដែរ។

គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែមផងដែរ។ ចំណែកនៅឯសាលាតិចណូ (ITC) Healthogo ក៏បានធ្វើការសហការជាមួយនឹង គ្លីនិកឯកទេស អេគីប ក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay កាលពីដើមខែធ្នូផងដែរ។

Healthogo ក៏សូមសន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង តាមរយៈយុទ្ធនាការនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។

សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo… 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Eng Sinvichka 7 ខែ មុន

Looking forward to attending more events...

profile.png
Clinic Community 7 ខែ មុន

Please stay tuned on our FB page...Thanks

ឆ្លើយតប