ហេតុអ្វីគួរឲ្យកូនៗរបស់អ្នកជិះកង់?

ការហាត់ប្រាណ ឬលេងកីឡាមួយចំនួន តែងផ្តល់ឲ្យអ្នកនូវសុខភាពល្អ មិនថាស្ថិតក្នុងវ័យណានោះទេ។ ដោយឡែក ការជិះកង់ជាលំហាត់ប្រាណមួយ ដែលត្រូវបានបង្ហាញថាស័ក្តិសមបំផុតសម្រាប់ក្មេង។ ដូចនេះ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម នឹងបង្ហាញនូវគុណសម្បត្តិ៦ចំណុច ដែលមាតាបិតាគ្រប់រូបមិនគួរមើលរំលង៖

រក្សាឲ្យក្មេងសកម្ម
ភាពអសកម្ម អាចនាំដល់បញ្ហាសុខភាពជាច្រើន មិនត្រឹមតែយុវវ័យនោះទេ តែក្មេងៗក៏ដូចគ្នា។ ឳពុកម្តាយមួយចំនួនច្រើនទម្លាប់កូន ជាមួយនឹងឧបករណ៍អេឡិចត្រូនិកនៅតែក្នុងផ្ទះ ឬនៅមួយកន្លែង ព្រោះតែបារម្ភពីសុវត្ថិភាពពួកគេ ជាលទ្ធផលវាអាចធ្វើឲ្យកូនរបស់អ្នកឡើងទម្ងន់ ដោយមិនដឹងខ្លួន ហើយអាចក្លាយជាក្មេងអសកម្ម។ គួរចាប់ផ្តើមបង្រៀនកូនរបស់អ្នកឲ្យជិះកង់ ហើយនាំពួកគេជិះ ជាជម្រើសល្អបំផុត ធ្វើឲ្យពួកគេរីករាយ កាន់តែជិះ កាន់តែធ្វើឲ្យពួកគេសកម្មឡើង។ ម៉្យាង វាក៏ត្រូវបានចាត់ជាទម្រង់ហាត់ប្រាណសមល្មមបំផុតដែលមានប្រសិទ្ធភាពខ្ពស់ចំពោះកូនៗរបស់អ្នក។

បង្កើនទំនាក់ទំនង
តាមពិតទៅវាជាវិធីល្អបំផុតក្នុងការបង្កើនទំនាក់ទំនងរវាងឳពុកម្តាយ និងកូនៗ ល្អជាងការអង្គុយមើលទូរទស្សន៍ ឬធ្វើការងារលើតុមួយកន្លែង រឹតតែបង្កើនភាពរីករាយជាលក្ខណៈគ្រួសារដោយការជិះកង់រៀងៗខ្លួន។ អ្នកអាចជិះពេលទៅកម្សាន្តនៅមាត់សមុទ្រ ផ្តល់ឲ្យអ្នក និងកូនៗរបស់អ្នកនូវភាពរីករាយបង្កប់ជាមួយលំហាត់ប្រាណ។ មិន-ត្រឹមផ្តល់នូវលំហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំពេញនូវពេលវេលាប្រកបដោយសំណើច  អនុស្សាវរីយ៍ល្អៗ និងធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗរបស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។

សម្រួលបេះដូង សរសៃឈាម និងសាច់ដុំ
វាមិនលឿនពេកទេ ដែលចាប់ផ្តើមឲ្យកូនៗរបស់អ្នក មានចង្វាក់បេះដូងកើនឡើងបន្តិច ដើម្បីបង្កើនការច្របាច់ឈាមចេញទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ។ នៅពេលជិះកង់ រាងកាយមានការចូលរួមពីក្រុមសាច់ដុំធំៗនៃប្រអប់ជើង បង្កើនចង្វាក់បេះដូង ខណៈពេលនោះ វាភ្ញោចឲ្យមានការបង្កើនសន្ទុះកម្លាំងកុមារឡើងវិញ។ ក្មេងដែលចូលរួមក្នុងការជិះកង់ជាទៀងទាត់ ត្រូវបានរកឃើញថា ការរក្សាថាមពលរបស់ពួកគេ គឺកាន់តែប្រសើរ បើប្រៀបធៀបទៅនឹងខណៈពេលដែលពួកគេហាត់កីឡាផ្សេងទៀត ដូចជាហែលទឹក និងបាល់ទាត់ជាដើម។ លើសពីនេះ វាក៏មានលទ្ធភាពបង្កើនឲ្យសាច់ដុំរឹងមាំ និងលូតលាស់បានយ៉ាងល្អផងដែរ។

បន្ថយការលើសខ្លាញ់ចំពោះកុមារ
បច្ចុប្បន្ន ក្មេងធាត់ហួស ហាក់ក្លាយជាហានិភ័យចម្បងមួយសម្រាប់ឳពុកម្តាយភាគច្រើន ស្ទើរតែទូទាំងសកលលោក។ តាមការស្រាវជ្រាវ បានបង្ហាញថា ការជិះកង់គឺជាវិធីសាស្រ្តល្អបំផុត ដើម្បីប្រយុទ្ធនឹងបញ្ហានេះ ព្រោះវាអាចរក្សាឲ្យក្មេងសកម្មដោយគ្មានការធុញទ្រាន់។ កុមារភាគច្រើនអាចអនុវត្តកីឡានេះបានយ៉ាងងាយ ហើយវាមិនធ្វើឲ្យមានបញ្ហាទៅលើសន្លាក់ជង្គង់នោះឡើយ។ ការជិះកង់នេះ ក៏អាចអនុវត្តដើម្បីបន្ថយផ្នែកធាត់ខ្លះនៃរាងកាយបានផងដែរ។

បង្កើនស្មារតីប្រុងប្រយ័ត្ន
អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត ផ្តល់ដោយការជិះកង់ចំពោះកុមារ គឺជួយបង្កើនទំនុកចិត្តចំពោះខ្លួនឯង។ វាអនុញ្ញាតឲ្យក្មេងក្លាយជាជោគជ័យទៅលើខ្លួនពួកគេផ្ទាល់ ខណៈពេលដែលអារម្មណ៍មិនសូវមានភាពភ័យ ពីមិត្តភក្តិក៏ដូចជាកត្តាផ្សេងៗនៅជុំវិញខ្លួន។ ពិសេសការជិះកង់ធ្វើឲ្យកុមារចេះបែងចែកទីតាំង បង្កើននូវទំនុកចិត្ត និងស្មារតីប្រុងប្រយ័ត្នជានិច្ច ទោះពេលពួកគេស្ថិតក្នុងស្ថានភាពមិនច្បាស់ ក៏ពួកគេពិតជាអាចរកផ្លូវដ៏មានសុវត្ថិភាពត្រឡប់ទៅផ្ទះបាន។

អត្ថប្រយោជន៍ពីបរិយាកាសខាងក្រៅ
ភាគច្រើនក្មេងៗចូលចិត្តចេញក្រៅបំផុត ពួកគេអាចទទួលបានពន្លឺធម្មជាតិដែលផ្តល់ឲ្យពួកគេនូវវីតាមីន D និងខ្យល់បរិសុទ្ធយ៉ាងច្រើន ជួយឲ្យក្មេងគេងលក់ស្រួលនៅពេលយប់។ ជាក់ស្តែង ការគេងលក់ស្រួលផ្តល់ឲ្យក្មេងនូវសុខភាពរាងកាយរឹងមាំ លូតលាស់បានល្អ និងបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ។ ជិះកង់ជួយឲ្យពួកគេរៀនទទួលយកអ្វីៗនៅជុំវិញខ្លួនពួកគេ និងអាចឲ្យពួកគេទៅចំណាយពេលផ្ទាល់ខ្លួនបានយ៉ាងរីករាយ។

លើសពីនេះ ការជិះកង់នឹងធ្វើឲ្យកូនៗរបស់អ្នកស្គាល់ទីតាំងច្បាស់លាស់ និងអាចចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានមួយផ្នែក។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់