ប៊ុន ច័ន្ទវិចិត្រ«និស្សិតពេទ្យគួររៀនដើម្បីចេះ កុំរៀនដើម្បីតែជាប់»

គ្រាន់តែអានចំណងជើង ក៏កាត់ន័យបានខ្លះៗទៅហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី។ ប្រាកដណាស់ គឺអំពីការសិក្សារបស់និស្សិតពេទ្យ។ ដើម្បីជាគន្លឹះដល់ការសិក្សានៃនិស្សិតជំនាន់ក្រោយ យុវនិស្សិត ប៊ុន ច័ន្ទវិចិត្រ ដែលសព្វថ្ងៃជានិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ និងមតិយោបល់របស់ខ្លួនដែលរួមមានដូចខាងក្រោម…

ហេលស៍ថាម ៖ តើហេតុអ្វីបានជាជ្រើសរើសមុខវិជ្ជាមួយនេះ?
វិចិត្រ ៖
ព្រោះតែវាជាចំណង់ចំណូលចិត្តដែលមានតាំងពីកំណើតសម្រាប់រូបខ្ញុំ និងមានបំណងរួមចំណែកចង់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលមានបញ្ហាទាក់ទិនទៅនឹងសុខភាពមាត់ធ្មេញ។ ជាមួយគ្នានេះដែរ ខ្ញុំក៏មានគម្រោងបង្កើតអាជីវកម្មផ្ទាល់ខ្លួន ស្របពេលដែលមានចំណាប់អារម្មណ៍លើវិស័យវិទ្យាសាស្រ្តសុខាភិបាលផងនោះ ខ្ញុំក៏ធ្លាប់គិតចង់ជ្រើសរើសផ្នែកវេជ្ជសាស្រ្តដែរ គ្រាន់តែកាលនោះ គិតថាពិបាកជាងផ្នែកនេះ តែក្រោយមកទើបដឹងថាពិបាកមិនខុសគ្នាប៉ុន្មាននោះទេ។

ហេលស៍ថាម ៖ តើមាននរណាដែលកម្លាំងជំរុញទឹកចិត្តកន្លងមកទេ?
វិចិត្រ ៖
អ្នកគាំទ្រ និងផ្តល់កម្លាំងចិត្តកន្លងមក គឺក្រុមគ្រួសារផ្ទាល់តែម្តង ដែលតែងតែនិយាយលើកទឹកចិត្តជានិច្ច ព្រមទាំងជួយជ្រោមជ្រែងគ្រប់រឿងរ៉ាវ និងគ្រប់ពេលវេលា ជាពិសេសបញ្ហាថ្លៃសិក្សា គឺពួកគាត់មិនឲ្យបារម្ភឡើយ។

ហេលស៍ថាម ៖ តើបានជួបប្រទះនូវភាពលំបាក ឬឧបសគ្គអ្វីខ្លះ?  តើបានជំនះវាដោយរបៀបណា?
វិចិត្រ ៖
ឧបសគ្គដែលកើតមាននៅក្នុងកំឡុងពេលសិក្សារួមមាន៖ មេរៀនច្រើន  និងពិបាកយល់ដែលជាទូទៅត្រូវបានប្រើប្រាស់ភាសាបច្ចេកទេសដោយសាស្រ្តាចារ្យ  តម្រូវឲ្យមានការចងចាំល្អ ហើយក៏តម្រូវឲ្យមានការអនុវត្តផ្ទាល់ផងដែរ។ 

គន្លឹះដែលចម្បងជាងគេ គឺត្រូវរៀនពីដើមឆ្នាំ ដោយចៀសវាងដាច់ខាតនូវការចាំដល់ពេលប្រឡងទើបមើលមេរៀន ព្រោះថាទម្លាប់បែបនោះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែល«រៀនដើម្បីតែជាប់ មិនមែនរៀនដើម្បីចេះ»នោះទេ ហើយជាលទ្ធផលអ្នកក៏មិនអាចចងចាំ និងចេះអ្វីបានច្រើននោះឡើយ ហើយថែមទាំងអាចបង្កជាបញ្ហាដល់សុខភាពរបស់អ្នកផងដែរ។ 

ម្យ៉ាងវិញទៀត ការស្តាប់នូវការពន្យល់របស់សាស្រ្តាចារ្យនៅក្នុងម៉ោងសិក្សា គឺអាចជួយយើងបានត្រឹមតែ៣០-៤០% តែប៉ុណ្ណោះ ហេតុនេះហើយ ការសាកសួរបន្ថែមទៅកាន់ពួកគាត់ និងការស្វ័យសិក្សាជាលក្ខណៈបុគ្គល ឬជាក្រុម ជាការចាំបាច់បំផុត ដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា។

ចំណែកការអនុវត្តវិញ បើសិនជាអាចគួរតែព្យាយាមភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសិស្សច្បង ឬសាស្រ្តចារ្យដែលមានគ្លីនិក ដើម្បីសុំធ្វើការស្ម័គ្រចិត្ត និងសិក្សាបន្ថែមអំពីការអនុវត្តផ្ទាល់នូវទ្រឹស្តីដែលបានខិតខំសិក្សានៅក្នុងថ្នាក់ ក៏ដូចជាសាលារៀនង ដើម្បីបានយល់ដឹងកាន់តែច្បាស់បន្ថែមពីដំណើរការ និងដំណាក់កាលនៃការព្យាបាលជាក់ស្តែង ព្រោះថាសម្រាប់ការសិក្សាផ្នែកនេះ គឺទ្រឹស្តី និងការអនុវត្តចាំបាច់ណាស់ត្រូវដើរស្របគ្នា។

ហេលស៍ថាម ៖ សម្រាប់ការរៀនពេទ្យនេះដែរ តើមានទង្វើអ្វីខ្លះដែលនិស្សិតពេទ្យគួរធ្វើ និងមិនគួរធ្វើ?
វិចិត្រ ៖
នេះគ្រាន់តែជាមតិយោបល់ ក៏ដូចជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ប្រហែលជាមានចំណុខ្លះអាចនឹងលើសលួស ឬខ្វះខាត។ សម្រាប់ខ្ញុំ មានទង្វើមួយចំនួនដែលនិស្សិតពេទ្យគួរធ្វើរួមមាន ៖
-ខិតខំរៀនឲ្យបានច្បាស់លាស់ ដើម្បីក្លាយជាខ្លួនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបដែលអាចព្យាបាលអ្នកជំងឺបានដោយប្រសិទ្ធភាព និងសុវត្ថិភាព
-ផ្សព្វផ្សាយនូវចំណេះដឹងដែលខ្លួនបានដឹងទៅកាន់មនុស្សនៅជុំវិញខ្លួន
-ចៀសវាងដាច់ខាតនូវការអួតអាង ឬមានចរិតឆ្មើងឆ្មៃ ព្រោះថាទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់និស្សិតដទៃទៀត
-ប្រកបការងារប្រកបដោយក្រមសីលធម៌ជានិច្ច ដោយគោរព និងព្យាបាលអ្នកជំងឺគ្រប់គ្នាឲ្យដូចជាសមាជិកគ្រួសាររបស់អ្នកដែរ
-ចូលរួមការងារសង្គមតាមរយៈការចុះបេសកកម្មនៅតាមខេត្ត ឬតំបន់ផ្សេងៗ ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាហ្វឹកហាត់បន្ថែមនូវជំនាញរបស់ខ្លួនផងដែរ។

ហេលស៍ថាម ៖ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់ប្អូនៗដែលមានបំណងចង់ជ្រើសរើសចូលសិក្សាផ្នែកវិស័យសុខាភិបាលនេះដែរឬទេ?
ចម្លើយ ៖
ត្រូវតែមានការតាំងចិត្ត និងប្តេជ្ញាចិត្តឲ្យបានមុតមាំ មិនចុះចាញ់នូវរាល់ឧបសគ្គ ឬបញ្ហាទាំងឡាយដែលកើតមានឡើយ។

គួរបញ្ជាក់ផងដែរថា វិចិត្រក៏បានចែករំលែកផងដែរនូវគន្លឹះជូនដល់អនាគតនិស្សិតផ្នែកសុខាភិបាលដែលមានបំណងប្រលងចូលសាលាពេទ្យ​តាមរយៈអត្ថបទ  អ្នកត្រៀមប្រលងពេទ្យ គួររៀនអនុវត្តលំហាត់ក្នុងសៀវភៅពុម្ពលើមុខវិជ្ជាទាំង៣ឲ្យបានច្រើន

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់