ចង់រៀនពីភាពជាអ្នកដឹកនាំនៅជប៉ុន គួរត្រៀមអ្វីខ្លះ?

()
1414
ដោយ : Clinic Community

និយាយអំពីបែបផែននៃការធ្វើការងារ និងជំនួញបែបជប៉ុនប្រហែលជាមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ ហើយក៏ប្រាថ្នាចង់សិក្សាស្វែងយល់បន្ថែមផងដែរ ដែលវគ្គសិក្សាក្រោមប្រធានបទពិសេសៗមួយចំនួនក៏ត្រូវបានបើកបង្រៀននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (Cambodia-Japan Cooperation Center ហៅកាត់ថា CJCC) ផងដែរ។ បន្ថែមពីលើវគ្គសិក្សាដែលមាននៅ CJCC ក៏មានកម្មវិធីមួយចំនួនទៀតក្រោមការរៀបចំពីប្រទេសជាសម្ព័ន្ធមិត្តជប៉ុនដែរ ក្នុងនោះក៏មានកម្មវិធីអៀតស៍ (IATSS Forum) ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់អ្នកជំនាន់ក្រោយដែលចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំនៅពេលអនាគត។ កម្មវិធីនេះមានរយៈពេល៥៥ថ្ងៃ ដែលត្រូវបានរៀបចំឡើងដោយ IATSS Forum នៃប្រទេសជប៉ុន ក្នុងគោលបំណងចម្បងធំគឺបណ្តុះបណ្តាលផ្នែកធនធានមនុស្ស។


ហេលស៍ថាម បានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកស្រី នួន កុសុមា អ្នកសម្របសម្រួលទូទៅផ្នែករដ្ឋបាល នៅ CJCC និងជាអតីតសិក្ខាកាមមួយរូបនៃកម្មវិធី IATSS Forum បានចែករំលែកបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ ក្នុងការងារជាអ្នកសម្របសម្រួលកម្មវិធីកន្លងមក និងឆន្ទៈមុតមាំក្នុងការមិនបោះបង់ចោល បើទោះជាបរាជ័យក្នុងការការដាក់ពាក្យលើកទី១ក៏ដោយ…

តើបេក្ខភាពមួយរូបគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ ទើបអាចក្លាយជាសិក្ខាកាមកម្មវិធី IATSS Forum បាន?
-មានអាយុក្រោម៣៥ឆ្នាំ
-មានបទពិសោធន៍ការងារពេញម៉ោង យ៉ាងតិច២ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ
-មានឯកសារសំខាន់ចំនួន៣យ៉ាង
 ១ ពាក្យស្នើសុំ (Application Form)
 ២ ការសរសេរតែងសេចក្តី ចំនួន២ប្រធានបទ 
 ៣ លិខិតផ្តល់អនុសាសន៍ (Recommendation Letter) ចំនួន២

តាមរយៈបទពិសោធន៍របស់បងផ្ទាល់ បេក្ខភាពមួយរូបគួរតែត្រៀមខ្លួនបែបណាខ្លះដែរ?
-បង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអតីតសិក្ខាកាម ដោយធ្វើការសាកសួរពីអ្វីដែលពួកគាត់ធ្លាប់បានឆ្លងកាត់
-សិក្សាបន្ថែមពីកម្មវិធីផ្ទាល់ តាមរយៈគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយផ្សេងៗ ឬសិក្ខាសាលាណែនាំស្តីពីកម្មវិធីផ្ទាល់ ដែលត្រូវបានរៀបចំឡើង២ដងក្នុងមួយឆ្នាំ
-យកចិត្តទុកដាក់ក្នុងការសរសេរនូវតែងសេចក្តី (Essay) ក្រោមប្រធានបទដែលបានដាក់ជូន ដោយព្យាយាមសរសេរឲ្យចំគោលដៅ និងច្បាស់លាស់
-មានទំនុកចិត្តលើខ្លួនឯងជានិច្ច ជាពិសេសក្នុងការឆ្លើយតបរាល់គ្រប់សំណួរ (បង្ហាញពីភាពជាអ្នកដឹកនាំដែលមានស្រាប់) បើសិនជាអាចឈានចូលដល់វគ្គសម្ភាសន៍។

សម្រាប់អ្នកដែលបានជាប់ជាស្ថាពរ តើមានទង្វើអ្វីខ្លះដែលគួរធ្វើ និងមិនគួរធ្វើ ក្នុងពេលចូលរួមកម្មវិធីនេះ?
-បើកចិត្តឲ្យទូលាយក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងសិក្ខាកាមដទៃទៀតដែលមកពីប្រទេសទាំង៩
-ត្រៀមខ្លួនសម្រាប់ការសិក្សា និងទទួលយកនូវអ្វីដែលថ្មីៗទាំងពីសិក្ខាកាម និងកម្មវិធីដែលត្រូវបានរៀបចំឲ្យចូលរួម
-មានឆន្ទៈក្នុងការរៀនសូត្រពីប្រទេសខ្លួនឯង និងប្រទេសដទៃទៀតឲ្យកាន់តែច្បាស់ (ចំណុចល្អ និងចំណុចខ្វះខាត)។

តើអតីតសិក្ខាកាមកម្មវិធី IATSS Forum នឹងមានកាតព្វកិច្ចអ្វីខ្លះដែរឬទេ ក្រោយពេលត្រឡប់ចូលប្រទេសរបស់ខ្លួនវិញ?
-ផ្សព្វផ្សាយបន្ថែមនូវកម្មវិធី IATSS Forum ទៅកាន់អនាគតអ្នកដឹកនាំឲ្យបានច្រើន
-ចូលរួមសកម្មភាពរបស់សមាគមអតីតសិក្ខាកាមអៀតស៍កម្ពុជា (Cambodia IATSS Alumni Association ហៅកាត់ថា CIAA) ដែលមានសកម្មភាពសង្គមផ្សេងៗ ដូចជាកម្មវិធីសប្បុរសធម៌ជាដើម
-រៀបចំនូវសិក្ខាសាលា២ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ពីសំណាក់អតីតសិក្ខាកាមទៅកាន់សាធារណជន។

តើបងយល់ថាកម្មវិធី IATSS Forum មានគុណប្រយោជន៍បែបណាខ្លះ?
សម្រាប់ខ្ញុំ កម្មវិធីនេះពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ដែលប្រៀបបានទៅនឹងការលត់ដំខ្លួនដែលមិនអាចបំភ្លេចបាន។ កាលវិភាគកម្មវិធីមានភាពមមាញឹកពីព្រឹកដល់យប់ ពីមួយថ្ងៃទៅមួយថ្ងៃដោយមានការរៀបចំនូវសកម្មភាពគួរឲ្យចាប់អារម្មណ៍ផ្សេងៗជាច្រើន រួមមានសិក្ខាសាលា ការងារជាក្រុម។ល។ ទាំងអស់នេះ គឺបានបង្ហាញឲ្យដឹងថា ក្នុងនាមជាអ្នកដឹកនាំមួយរូបចាំបាច់ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដែលសំខាន់នោះគឺ ការធ្វើការងារពីលំបាកទៅស្រួល ដូចពាក្យចាស់លោកពោលថា «នឿយមុន ស្រណុកក្រោយ»។ 

ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកដល់អ្នកដែលមានបំណងចូលរួមកម្មវិធី IATSS Forum ជំនាន់ក្រោយឬទេ?
-សូមត្រៀមនូវចំណេះដឹងផ្នែកភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនង 
-មានភាពក្លាហាន និងជឿជាក់លើខ្លួនឯង តែគួរតែកុំមានមោទនភាពនឹងខ្លួនឯងជ្រុលពេក 
-មានឆន្ទៈក្នុងការសម្រេចគោលដៅរបស់ខ្លួនក្នុងការសិក្សាតាមរយៈកម្មវិធីនេះនៅប្រទេសជប៉ុន។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧