«ជីវិតគេ ស្ថិតនៅលើ ដៃយើង»ជាអ្វីដែលត្រូវរំលឹកប្រាប់ខ្លួនឯងជាប្រចាំ…

«តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេ គឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ…

បំណងប្រាថ្នា និងឆន្ទៈក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត
កម្លាំងជំរុញទឹកចិត្ត និងគម្រូនៃភាពជាវេជ្ជបណ្ឌិតនៃលោកអ្នកមានគុណទាំងពីរ បានបណ្តុះចិត្តខ្ញុំឲ្យស្រលាញ់ ហើយក៏តែងតែមានចិត្តស្រលាញ់ និងបំណងយកការងារនេះជាមុខរបរអនាគត បើទោះបីជាត្រូវលះបង់ច្រើន ទាំងពេលវេលា និងថវិកាក៏ដោយ។ ជាក់ស្តែងណាស់ ការដែលបានឃើញនូវជីវភាពរស់នៅក្នុងនាមជាវេជ្ជបណ្ឌិតតាំងពីតូចៗមក ប្រៀបបានដូចជាជីផ្សាំចិត្តស្រលាញ់របស់ខ្ញុំ រួមផ្សំនឹងបំណងរបស់លោកអ្នកមានគុណទាំងពីរផងនោះ ទើបវាផលបណ្តាលចិត្តឲ្យមានឆន្ទៈមុតមាំក្នុងការឈានជើងដើរចូលក្នុងវិស័យមួយនេះរហូតមក។

ភាពខុសគ្នារវាងការសិក្សាផ្នែកវេជ្ជសាស្រ្ត និងមុខវិជ្ជាដទៃក្នុងវិស័យសុខាភិបាល
តាមការពិតទៅ ភាពខុសគ្នាមានតែនៅត្រង់មុខ«នាទីការងារ»តែប៉ុណ្ណោះ ព្រោះថាគ្រប់មុខវិជ្ជាទាំងអស់ក្នុងវិស័យសុខាភិបាលគឺសុទ្ធតែមានគោលដៅរួម២យ៉ាងសំខាន់ៗ រួមមាន «ការជួយសង្គ្រោះជីវិតមនុស្ស និងការការពារថែរក្សាសុខភាពរបស់មនុស្ស»
 
លក្ខណៈសម្បត្តិដែលគួរមាន ក្នុងនាមជានិស្សិតវេជ្ជសាស្រ្តមួយរូប 
-ឆន្ទៈ ៖
ជាចំណុចដែលសំខាន់ជាងគេ ព្រោះថាបើសិនជាចូលរៀនដោយមិនមានឆន្ទៈ នោះគឺ ប្រហែលជាពិបាកនឹងសម្រេចបានគោលដៅ។ ជាក់ស្តែង សូមមានចិត្តស្រលាញ់ដោយខ្លួនឯង មិនមែនយកតាមអ្នកដទៃ ឬការបង្ខិតបង្ខំពីសំណាក់នរណាម្នាក់ឡើយ។
ឧទាហរណ៍ ៖ ប្អូនៗខ្លះមិនបានស្រលាញ់ពេញចិត្តនឹងរៀនទេ តែដោយសារការបង្ខំពីសំណាក់គ្រួសាររបស់គាត់ ម៉ាក់ប៉ា ឬបងប្អូន ដែលស្រលាញ់ ហើយចង់ឲ្យកូនណាម្នាក់ក្នុងចំណោមបងប្អូនក្លាយជាពេទ្យ ឬការដែលឃើញគ្រូពេទ្យនៅមន្ទីរពេទ្យគ្រងអាវសឆ្នូតក្រហម ឬខៀវដើរនៅក្នុងមន្ទីរពេទ្យ មើលទៅឡូយ តែកុំភ្លេចថា ម្នាក់ៗសុទ្ធតែមានទំនួលខុសត្រូវលើជីវិតមនុស្សរៀងៗខ្លួន ការធ្វេសប្រហែសតែប៉ុន្មានវិនាទីក៏អាចឲ្យគេស្លាប់ដែរ។
-សុខភាព ៖ នាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប ចាំបាច់ណាស់ត្រូវមានសុខភាព និងកាយសម្បទារឹងមាំ ព្រោះថាអ្នកត្រូវការកម្លាំង និងថាមពលក្នុងការមើលថែទាំអ្នកជំងឺ។ 
-ធនធាន ៖ បើទោះជានិស្សិតខ្លះមានឱកាសទទួលបានអាហារូបករណ៍ ដែលបានកាត់បន្ថយថ្លៃចំណាយលើថ្លៃសិក្សាក៏ដោយ ក៏មិនអាចចៀសផុតនូវការចំណាយប្រចាំថ្ងៃដែរ ដែលដូចដែលបានដឹងស្រាប់ គឺថាការសិក្សាមានរយៈពេលច្រើនឆ្នាំ។ ដូចនេះហើយ ត្រូវប្រាកដថាមានធនធានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលសិក្សានេះ ដើម្បីចៀសវាងបញ្ហាផ្នែកថវិកាជាដើម។
-ពេលវេលា ៖ វាជាការពិតដែលត្រូវទទួលស្គាល់ ព្រោះថាការសិក្សាផ្នែកវេជ្ជសាស្រ្តទូទៅ គឺត្រូវការរយៈពេល៨ឆ្នាំទៅហើយ ហើយប្រសិនបើសិក្សបន្តយកឯកទេសទៀតនោះ គឺសរុប១០-១១ឆ្នាំ អាស្រ័យលើឯកទេសដែលចង់សិក្សា។ ដូចនេះ ត្រូវត្រៀមចិត្តទទួលថាត្រូវរៀនប្រហែលពីថ្នាក់ទី១ដល់ថ្នាក់ទី១២សាដើមមកវិញ។

មតិយោបល់ចំពោះពាក្យដែលគេតែងនិយាយថា«រៀនពេទ្យមិនស្រួលនោះទេ»
សម្រាប់ខ្ញុំ មិនចំពោះតែមុខវិជ្ជាពេទ្យទេដែលពិបាក មុខវិជ្ជាផ្សេងទៀតក៏ពិបាក គ្រាន់តែមានការពិបាកខុសប្លែកពីគ្នា អាស្រ័យថាតើយើងស្រលាញ់វាប៉ុណ្ណា?ចង់បានប៉ុណ្ណា?ហើយមានទំនួលខុសត្រូវលើវាប៉ុណ្ណា?

«រៀនពេទ្យមិនស្រួលនោះទេ» បានក្លាយជាពាក្យសាមញ្ញដែលគេគ្រប់គ្នាតែងនិយាយ។ វាជាការពិត ត្រឹមតែរៀន ពិបាកដូចគ្នា តែគ្រូពេទ្យទាំងអស់មានរឿងពិបាកមួយទៀត ដែលមិនអាចចៀសបានគឺ «ជីវិតគេស្ថិតនៅលើដៃយើង ហើយការធ្វេសប្រហែសរបស់យើងត្រឹមតែប៉ុន្មានវិនាទី អាចឲ្យគេមានឱកាសរស់ ឬស្លាប់បាន»

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Eang Fmbs 8 ខែ មុន

Wow

profile.png
Clinic Community 8 ខែ មុន

:)

ឆ្លើយតប