បើអ្នករៀបចំផែនការជីវិត ហ៊ានទទួលស្គាល់ការពិតនោះ នឹងមិនធ្លាក់ទឹកចិត្តឡើយ

នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង បញ្ហាផ្លូវចិត្តហាក់ដូចជាមានសញ្ញាណមួយគួរឲ្យកត់សម្គាល់ ជាក់ស្តែង គេឃើញមានអ្នកជំងឺជាង៥០០នាក់ជារៀងរាល់ថ្ងៃ រង់ចាំទទួលសេវាផ្លូវចិត្តជាប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) នេះបើយោងតាមសង្ឃដីការបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹងនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងនោះមានជំងឺផ្លូវចិត្ត២កើតមានច្រើនជាងគេ គឺ«ជំងឺធ្លាក់ទឹកចិត្ត» និង«ថប់បារម្ភ»។

ព្រះតេជគុណបានបញ្ជាក់ផងដែរថា ជំងឺធ្លាក់ទឹកចិត្តនេះអាចជាជំងឺលាក់មុខ ដែលពីមុនមិនសូវមានការបើកចំហក្នុងការផ្តល់នូវសេវាពិគ្រោះ និងប្រឹក្សាយោបល់ ឬដោយសារតែសង្គមបច្ចុប្បន្ននេះ មនុស្សម្នាក់មានភាពសម្ភារៈនិយម ហើយចេះតែចង់បានខ្លាំង ដល់ពេលមិនបានដូចចិត្តប្រាថ្នាក៏ស្រាប់តែបាក់ទឹកចិត្តតែម្តង ទើបថ្មីៗនេះ ហាក់ដូចជាអ្នកកើតមានបញ្ហានេះច្រើន។ ដើម្បីជាការចែករំលែកអំពីការយល់ឃើញ និងគន្លឹះខ្លះៗអំពីទំនាក់ទំនងរវាង«ផែនការជីវិត» និង«ជំងឺធ្លាក់ទឹកចិត្ត» ព្រះភិក្ខុ គូ សុភាព ក៏បានផ្តល់កិត្តិយសផ្តល់នូវបទសម្ភាសន៍ជាមួយនឹងក្រុមការងារហេលស៍ថាម ដោយបានបកស្រាយនូវចម្ងល់ជុំវិញបញ្ហានេះដែលរួមមានដូចខាងក្រោម៖

«ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងអ្វី? វាបង្កមកពីកត្តាអ្វីខ្លះដែរ?
មនុស្សដែលធ្លាក់ទឹកចិត្ត ជាមនុស្សដែលរស់នៅក្នុងពេលយប់ដោយមិនមានពន្លឺអ្វីសោះ  មើលអ្វីក៏មិនឃើញ មើលអ្វីក៏មិនយល់ ដែលជាទូទៅបណ្តាលមកពីការបាត់បង់អ្វីដែលជាទីស្រឡាញ់និងក្តីសង្ឃឹមរបស់ខ្លួន ហេតុនេះហើយ «ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងពេលយប់ងងឹតស្លុប មិនមានភ្លើង ឬពន្លឺបំភ្លឺ ឬប្រៀបបាននឹងដើមឈើ ឬផ្កាដែលខ្វះជាតិទឹកហើយស្វិតស្រពោន  ឬឧបមាដូចមនុស្សដែលសឹងតែបាត់បង់ព្រលឹងវិញ្ញាណរស់នៅមើលឃើញពិភពលោកនេះងងឹតសូន្យឈឹងគ្មានខ្លឹមសារ។

កតា្តបង្កនៃជំងឺផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភមួយនេះ រួមមាន៖
•កត្តាបុគ្គល៖ ការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជំងឺរ៉ាំរ៉ៃ ការបាត់ភាពកក់ក្ដៅក្នុងគ្រួសារ ការងារមិនបានដូចបំណងប្រឡងធ្លាក់ រកស៊ីខាត ចាញ់បោកគេ និងជួបបញ្ហាជីវិតបន្តបន្ទាប់គ្នា ការចូលចិត្តស្ដីបន្ទោសខ្លួនឯង។
•កត្តាសង្គម៖ សម្ពាធការងារខ្លាំង បញ្ហាហិរញ្ញវត្ថុ ការប្រណាំងប្រជែងគ្នាគ្មានចេះស្កប់ស្កល់ ការគំរាមកំហែងផ្លូវកាយផ្លូវចិត្ត  សេចក្ដីប្រាថ្នាហួសពីសមត្ថភាពរបស់ខ្លួន សង្គ្រាម ភាពចលាចលផ្នែកនយោបាយជាដើម។
•កត្តាជីវសាស្ត្រ៖ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីកដែលបង្កឲ្យមានបម្រែបម្រួលកោសិកាក្នុងខួរក្បាល។

តើវាច្រើនកើតមានចំពោះក្រុមមនុស្សបែបណាដែរ?ហេតុអ្វី? តើវាអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ការរស់នៅរបស់មនុស្សម្នាក់ៗ?
យុវវ័យ និងមនុស្សវ័យកណ្តាល ព្រោះជាវ័យដែលកំពុងតែចង់មានចង់បាន ចង់មានសេរីភាព មិនចង់នៅក្នុងគំនាបពីគ្រួសារហើយជាញឹកញាប់ចូលចិត្តប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។លុះដល់ពេលដែលចង់បានខ្លាំង ហើយមិនបានដូចចិត្ត ក៏ចាប់ផ្តើមបាក់ទឹកចិត្ត និយាយរួមទៅគឺជាវ័យដែលចង់បានខ្លាំង ហើយក៏ប្រឹងប្រែងខ្លាំងបំផុត។

ចំពោះបុគ្គល គឺវានឹងធ្វើឲ្យអ្នកជំងឺស្រងូតស្រងាត់  លែងចង់ចូលរួមសកម្មភាពសង្គម លែងស្រស់ស្រាយ ហើយក្លាយជាមនុស្សអសកម្ម គឺប៉ះពាល់ដល់ការសិក្សា ការប្រកបការងារ ឬរបររកស៊ី សុខភាពផ្លូវកាយ និងធ្ងន់ធ្ងរទៅលើសុខភាពផ្លូវចិត្ត ចូលចិត្តនៅតែម្នាក់ឯង ហើយពេលខ្លះក៏លែងចង់រស់ផងដែរ។

តើ«ផែនការជីវិត» អាចជាមូលហេតុបង្កនៃបញ្ហាធ្លាក់ទឹកចិត្តរបស់បុគ្គលមួយរូបឬទេ?
ប្រាកដណាស់ គឺអាច…ប្រសិនបើអ្នករៀបចំ មិនព្រមទទួលយកការពិត ព្រោះអ្វីៗមិនមែនសុទ្ធតែអាចកើតតាមផែនការទាំងស្រុងនោះទេ។បើបាត់ឱកាសពេលនេះ  ត្រូវតែចេះត្រៀមចិត្តទទួលយកឱកាសពេលក្រោយ កុំកើតទុក្ខនឹងរឿងដែលបានកន្លងហួសទៅហើយបើមិនដូច្នោះទេ គឺដើរមិនបានឆ្ងាយនោះទេ ជាមួយនឹងសម្ពាយទុក្ខព្រោះតែរឿងដែលហួសហើយនោះ។ជាធម្មតាដំណើរនៃជីវិតគឺមានឆ្វេងមានស្តាំមានថ្ងៃមានយប់មានផ្លូវស្មើផ្លូវខូងហើយក៏តែងតែមានឧបសគ្គឬរឿងចៃដន្យកើតឡើងដែលនឹកស្មានមិនដល់ បើទោះបីជាលទ្ធផលបែបណាក៏ដោយ ត្រូវតែហ៊ានទទួលស្គាល់ចំពោះលទ្ធផលដែលយើងបានប្រឹងប្រែង មានសមត្ថភាពប៉ុណ្ណា សប្បាយចិត្តប៉ុណ្ណឹង ហើយចាំក្នុងចិត្តជានិច្ចថា«អ្វីៗមិនអាចដូចចិត្ត និងការគិតរបស់យើងរហូតនោះទេ»។

តើបុគ្គលម្នាក់គួរធ្វើបែបណាចំពោះផែនការជីវិតរបស់ខ្លួន ដើម្បីចៀសវាងបាននូវបញ្ហាធ្លាក់ទឹកចិត្ត និងការប៉ះពាល់ខ្លាំងដល់ផែនការដែលបានព្រាងទុក?
ត្រូវប្រមូលសាងសមត្ថភាព  ដើម្បីសម្រេចគោលដៅមួយហ្នឹង ហើយប្រាកដណាស់ សម្រាប់គោលដៅខ្លះ អ្នកខ្លួនឯងតែម្នាក់ គឺមិនពេញលេញនោះទេ ទាល់តែមានមនុស្សជុំវិញខ្លួនលើកទឹកចិត្ត និងផ្តល់មតិយោបល់បន្ថែម។ ជាក់ស្តែង នៅក្នុងព្រះពុទ្ធសាសនា ក៏មានបង្ហាញនូវកត្តា៤សំខាន់ដែលរួមចំណែកធ្វើឲ្យមានភាពជោគជ័យដែរក្នុងជីវិតរួមមាន ៖
•ជ្រើសរើសការងារដែលខ្លួនឯងផ្ទាល់ពេញចិត្តពិតប្រាកដ
•តស៊ូព្យាយាមឲ្យអស់លទ្ធភាព មិនថាលំបាកលំបិនយ៉ាងណា
•មិនអស់សង្ឃឹមនោះទេ ទោះបីការងារមិនទាន់បានផលភ្លាមក៏ដោយ
•មានភាពឆ្លាតវាងវៃក្នុងការមានទំនាក់ទំនងល្អ។

អ្វីដែលសំខាន់ទៀតនោះ គឺប្រសិនបើចង់ធ្វើអ្វីមួយពិតប្រាកដ ឬមានគោលដៅច្បាស់លាស់មួយហើយ  ត្រូវតែមានបំណងដែលមានពេលវេលាកំណត់ផង ទើបអ្នកតស៊ូប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមកាលកំណត់នោះ។

ក្នុងករណីដែលផែនការជីវិតមិនបានសម្រេចហើយក៏ធ្លាក់ទឹកចិត្តម្តង តើបុគ្គលនោះគួរធ្វើបែបណាខ្លះ ដើម្បីយកឈ្នះលើបញ្ហាផ្លូវចិត្តមួយនេះបាន?
•សូមកុំនៅម្នាក់ឯង កុំបិទបាំងឲ្យសោះ ចូររកមនុស្សដែលអ្នកទុកចិត្តរំសាយនូវទុក្ខសោកដែលមានក្នុងចិត្ត
•បន្ថយសម្ពាធការងារប្រចាំថ្ងៃ ដោយសម្រាកឲ្យបានច្រើន
•ផ្លាស់ប្តូរបរិយាកាស តាមរយៈការដើរកម្សាន្តទៅកន្លែងថ្មី ប្លែក
•ទទួលការផ្តល់កម្លាំងចិត្តពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់  និងមិត្តភក្តិ
•រកអ្នកជំនាញដែលផ្តល់ថ្នាំរំងាប់អារម្មណ៍ឬការប្រឹក្សាផ្សេងៗ តែមិនគួរពឹងផ្អែកលើថ្នាំច្រើននោះទេ
•ស្តាប់ធម៌ ធ្វើសមាធិ ធ្វើចិត្តឲ្យនឹងនរ។

រវាងការសម្រេចឲ្យខាងតែបាននូវផែនការជីវិតនិងគុណភាពជីវិត តើមួយណាសំខាន់ជាង?
តាមការពិតទៅ គឺសំខាន់ដូចគ្នា។ ជីវិតនីមួយៗ ប្រសិនបើបានទាំង២គឺល្អមែនទែន…តែជាក់ស្តែងក៏មិនអាចបាន១០០%នោះទេ តែត្រូវតែព្រម
ទទួលស្គាល់ការពិត ហើយប្រឹងទៅមុខទៀត បើគោលដៅមិនបានដូចចិត្តទាំងស្រុងហើយ យ៉ាងហោចណាស់ក៏ត្រូវរីករាយនឹងគុណភាពជីវិតដែរ។

ជាចុងក្រោយ តើព្រះតេជគុណមានសារអ្វីចែករំលែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកមានបញ្ហាធ្លាក់ទឹកចិត្តដែរឬទេ?
«បើថ្ងៃនៅតែរះ ជីវិតនៅតែបន្ត កុំអាលអស់សង្ឃឹមអី»!!! បញ្ហាអ្វីក៏គង់តែអាចដោះស្រាយបានទេ ឲ្យតែអ្នករឹងមាំ ហ៊ានប្រឈមមុខនឹងវា និងហ៊ានរកជំនួយពីអ្នកដទៃ។ បញ្ហាណាដោះស្រាយបាន ក៏ដោះទៅ រឿងណាដោះមិនបាន មានតែព្រមតាមហ្នឹងទៅ…

អត្ថបទដោយ៖ ព្រះភិក្ខុ គូ សុភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់

profile.png
Sokea Mou 2 សប្តាហ៍ មុន

Good

Logo Healthtime pro-01.png
HealthtimePro 2 សប្តាហ៍ មុន

Hope that you enjoy reading it :)

ឆ្លើយតប