សញ្ញាណទាំង៦នៃស្បែកមានសុខភាពល្អដែលគ្រប់គ្នាប្រាថ្នា…

នរណាក៏ប្រាថ្នាឲ្យស្បែករបស់ខ្លួនមានភាពស្រស់ស្អាត និងភាពទាក់ទាញដែរហើយក៏មនុស្សជាច្រើននាក់បានប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីឲ្យស្បែករបស់ខ្លួនមានសុខភាពល្អដូចជាការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ក្រែមការពារពន្លឺព្រះអាទិត្យ  ឬក្រែមប្រឆាំងភាពជ្រីវជ្រួញជាដើម។ ជឿជាក់ថា លោកអ្នកក៏បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយ ប៉ុន្តែតើលោកអ្នកបានដឹងឬនៅថា តើធ្វើបែបណាទើបដឹងថាស្បែករបស់អ្នកមានសុខភាពល្អ?តើដឹងឬទេថាតើមានសញ្ញាណអ្វីខ្លះដែលសរបញ្ជាក់ថាស្បែកអ្នកមិនមានបញ្ហាអ្វីនោះ?

ខាងក្រោមនេះ ជាសញ្ញាណទាំង៦នៃស្បែកដែលអ្នកគួរចាប់អារម្មណ៍ ដើម្បីប្រាកដចិត្តថាលទ្ធផលនៃការប្រឹងប្រែងទាំងនោះបានដូចចិត្តប្រាថ្នាដែរឬទេ…

១. ស្បែកមានសំណើម៖ 
ស្បែកដែលមានសុខភាពល្អ គឺជាស្បែកមានសំណើមគ្រប់គ្រាន់ ដែលគ្រាន់តែក្រលេកមើលទៅ ប្រៀបដូចជាមានជីវិត និងដង្ហើមស្រស់បស់ ឬក៏និយាយម្យ៉ាងទៀតថា មើលហើយក៏មិនចង់បែរចេញ និងចង់ប៉ះ ដែលផ្ទុយពីស្បែកស្ងួត មើលទៅប្រៀបបាននឹងរុក្ខជាតិដែលរៀបនឹងបាត់បង់ជីវិតទៅនោះ។ ប៉ុន្តែ ប្រសិន
បើអ្នកមានស្បែកស្ងួត សូមទទួលទានទឹកបន្ថែមឲ្យបានគ្រប់គ្រាន់ (៤ទៅ៨កែវ ឬ១ទៅ២លីត្រក្នុងមួយថ្ងៃ) ព្រោះថាទឹកបានជួយរក្សាស្បែកឲ្យមានសុខភាពល្អ តាមរយៈការផ្តល់សំណើមពីខាងក្នុង ដើម្បីឲ្យស្បែកចៀសផុតពីភាពស្ងួត និងភាពស្តើង។

២. ស្បែកមិនឡើងក្រហម ឬរលាក៖
គ្រាន់តែមើលពីខាងក្រៅទៅ ក៏អាចនិយាយបានថាស្បែកនេះប្រាកដជាមិនប្រក្រតីមិនខាន ប្រសិនបើស្បែករបស់អ្នកមានសភាពឡើងពណ៌ក្រហមបែបស្រដៀងនឹងការរលាក។ ហើយការស្រាវជ្រាវក៏បានបង្ហាញថា ស្បែកមុខដែលងាយនឹងឡើងក្រហម អាចជារោគសញ្ញានៃការរលាកស្បែក (ការឡើងសរសៃក្រហមតូចៗនៅច្រមុះ ថ្ពាល់...) ហើយស្ថានភាពផ្សេងទៀតនៃការរលាកមានដូចជា ការឡើងកន្ទួលតូចៗលើស្បែកមុខ បូករួមសភាពក្រហមផងដែរ។

៣. ស្បែកមានភាពតឹងណែន៖ 
មានកត្តាជាច្រើនដែលបណ្តាលឲ្យស្បែករបស់អ្នកក្លាយជាយឺតឬយារ និងបាត់បង់ភាពតឹងណែន ព្រមទាំងមិនមានសុខភាពល្អ រួមមានដូចជាការឈានចូល
វ័យចំណាស់ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រើប្រាស់មួយចំនួន បរិស្ថានជុំវិញ។ល។ដូចនេះហើយ សូមមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសផលិតផលថែរក្សាស្បែកយកមកប្រើប្រាស់ និងពិតជាមិនអាចភ្លេចបាននូវការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់  និងត្រឹមត្រូវ  ទៅតាមប្រភេទ  ព្រមទាំងសភាពស្បែករបស់អ្នក។

៤. ស្បែកគ្មានស្នាមអុជខ្មៅ៖ 
ការចំណាយពេលច្រើនក្រោមពន្លឺព្រះអាទិត្យដោយមិនបានការ-ពារនោះ  ធ្វើឲ្យស្បែករបស់អ្នកប្រឈមការកើតមានស្នាមអុជខ្មៅ នេះជាអ្វីដែលគ្មាននរណាម្នាក់
ប្រាថ្នាចង់កើតមានឡើយ។ ហេតុនេះហើយរាល់ពេលដែលអ្នកចេញទៅក្រៅក្រោមកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរ សូមការពារស្បែករបស់អ្នកពីការប៉ះពាល់ផ្ទាល់ខ្លាំងតាមរយៈការបិទបាំងដោយក្រែមការពារកម្តៅថ្ងៃរៀងរាល់២ទៅ៣ម៉ោងម្តង ឬសម្លៀកបំពាក់វែងៗ និងមួក ជាដើម។

៥. ស្បែកគ្មានភាពជ្រីវជ្រួញ៖ 
រឿងជ្រីវជ្រួញ មិនថានរណាៗក៏មិនអាចចៀសផុតដែរ នៅពេលវ័យកាន់តែចាស់។ ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តនូវទង្វើ ឬសកម្មភាពខ្លះដែលជះឥទ្ធិពលអវិជ្ជមាន
ដល់ស្បែកនោះ សភាពជ្រីវជ្រួញនឹងឆាប់កើតមានលើអ្នកជាងអ្នកដទៃ ជាក់ស្តែង ប្រសិនបើអ្នកជក់បារីជាប្រចាំ នោះនឹងមានការថយចុះនៃចរន្តឈាមទៅចិញ្ចឹមស្បែក ហើយក៏ជាហេតុបង្កឲ្យស្បែកឆាប់ជ្រួញផងដែរ។

៦. ស្បែកមិនមានមុន៖ 
មិនមាននរណាចង់ឲ្យមុនកើតមានលើស្បែក ជាពិសេសនៅលើមុខរបស់ខ្លួនឡើយ ហើយមូលហេតុបង្ករបស់វានោះគឺពេលដែលរន្ធញើសស្ទះដោយវត្តមាននៃខ្លាញ់។ប្រសិនបើចង់ឲ្យស្បែកស្អាត   និងមានសុខភាពល្អជានិច្ចនោះ ពិតជាមិនអាចរំលងនូវការធ្វើឲ្យស្បែកអ្នកមានភាពស្អាតបាត និងអនាម័យល្អនោះទេ។

ករណីដែលស្បែករបស់អ្នកមានបញ្ហាអ្វីមួយ អ្នកក៏មិនគួរមើលរំលងនោះដែរ អ្នកគួរគប្បីជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសស្បែក ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។ នៅពេលស្បែករបស់អ្នកមានសុខភាពល្អស្រាប់ អ្នកនឹងមានភាពរីករាយ ហើយក៏រីករាយជាងការដែលតុបតែងបន្ថែមច្រើន ដើម្បីបិទបាំងការពិតនៃស្បែកដែរ។ កុំភ្លេចមើលថែទាំសុខភាពស្បែករបស់ខ្លួនឲ្យបានល្អ!!!

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់