២ យ៉ាង ការពារកូនអ្នកពីជំងឺគ្រុនឈាម

គ្រុនឈាម ជាជំងឺមួយប្រភេទ ឆ្លងមកមនុស្សតាមរយៈមូសខ្លាញីមានផ្ទុកមេរោគគ្រុនឈាម ហើយមានហានិភ័យខ្ពស់ ពិសេសចំពោះក្មេងក្រោម៥ឆ្នាំ។ ដោយហេតុថាជំងឺនេះគ្មានវ៉ាក់សាំង និងមិនមានការព្យាបាលជាក់លាក់ ដូច្នេះមានតែការការពារ និងបំបាត់មូសខ្លាទេ ទើបជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព។ស្វែងយល់បន្ថែមជាមួយ ហេលស៍ថាមលើ២ចំណុចការពារកូនៗរបស់លោកអ្នក  និងខ្លួនអ្នកពីជំងឺគ្រុនឈាមដោយជោគជ័យ៖

រៀបចំផ្ទះ
បរិវេណជុំវិញក៏ដូចជានៅក្នុងផ្ទះ ជារឿងចម្បងមិនគួរមើលរំលង។ អ្នកត្រូវប្រាកដថា ទីធ្លាត្រូវបានបោសសម្អាតជាប្រចាំ រាល់សំរាមផ្សេងៗគួរដុតចោលរាល់ថ្ងៃ។ ចំពោះទ្វារ ឬបង្អួច ត្រូវដាក់សំណាញ់ល្អិតៗឬកញ្ចក់ ដើម្បីចៀសវាងសត្វល្អិតផ្សេងៗ ជាពិសេសកុំឲ្យមូសចូល។  ក្រៅពីនេះ ត្រូវឧស្សាហ៍លាងសម្អាតវត្ថុដែលអាចដក់ទឹកបានរួមមាន ថូផ្កា ធុងទឹក ទឹកដក់នៅសំបកកង់ ទឹកថ្លុកនៅក្រោមផ្ទះ ឬជិតៗផ្ទះអ្នក និងត្រូវលាងពាងទឹកឲ្យបានស្អាតជានិច្ច ដើម្បីកុំឲ្យមានដង្កូវទឹក។

ប្រើឧបករណ៍ការពារ
•មុង៖ 
ក្មេងតូចមិនអាចដឹងថាខ្លួនពួកគេមានមូសខាំ ឬយ៉ាងណាទេ ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ទោះបីបរិស្ថានជុំវិញផ្ទះអ្នកស្អាត តែអ្នកក៏ត្រូវទម្លាប់ឲ្យកូនៗលោកអ្នកគេងនៅក្នុងមុងជានិច្ច និងត្រូវប្រាកដថាមុងមិនរហែកធ្លុះធ្លាយ ឬ ចន្លោះប្រហោង។
•សម្លៀកបំពាក់៖ 
ការស្លៀកពាក់ត្រឹមត្រូវជាការការពារមួយបន្ថែមទៀត ជ្រើសរើសសម្លៀកបំពាក់វែងៗ (ខោជើងវែង អាវដៃវែង)ហើយក្រាស់ៗ។ មិនតែប៉ុណ្ណោះ អាចប្រើ
ស្រោមជើង និងស្រោមដៃ នៅពេលគេង ទោះនៅក្នុងមុងក៏ដោយ។
•ថ្នាំមូស៖  
អាចប្រើថ្នាំបាញ់មូស ឬធូបមូសនៅក្នុងផ្ទះ បន្ទប់គេង ក្រោមគ្រែ និងទីកន្លែងងងឹតឬកន្លែងដែលអាចជាប្រភពនៃសត្វមូស។   គួរបញ្ជាក់ថា ថ្នាំមូសមិនត្រូវបាញ់នៅផ្នែកណាមួយនៃរាងកាយ ឬលើសម្លៀកបំពាក់ទេ។
•ជែល បន្ទះបិត ឬខ្សែដៃ៖ 
ដោយសារបច្ចេកវិទ្យាកាន់តែទំនើប រឹតតែការការពារកាន់តែមានជម្រើសច្រើន។ ជាក់ស្តែង ក្មេងៗអាចប្រើប្រាស់ជាជែលលាបលើរាងកាយ បន្ទះបិតលើសម្លៀកបំពាក់ ឬខ្លួន  និងខ្សែដៃមាននូវទឹកថ្នាំការពារមូសផងដែរ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់