តើការញេចមុនត្រឹមត្រូវទេ?

សំណួរ ៖ នាងខ្ញុំអាយុ២៤ឆ្នាំ ទម្ងន់៤៨គីឡូក្រាម និងកម្ពស់ ១ម៉ែត្រ៥៩។ ខ្ញុំជាបុគ្គលិកគណនេយ្យនៃក្រុមហ៊ុនឯកជនមួយ។ ខ្ញុំត្រូវអង្គុយមុខកុំព្យូទ័រស្ទើរពេញ ៨ម៉ោងដើម្បីធ្វើការ។ មិនតែប៉ុណ្ណោះ ផ្លូវពីផ្ទះមកកន្លែងធ្វើការរបស់ខ្ញុំ ឆ្ងាយនិងសម្បូរទៅដោយធូលីដី ដូចនេះ ធូលីតែងតែមកតោងលើផ្ទៃមុខរបស់ខ្ញុំ ដែលធ្វើឲ្យផ្ទៃមុខខ្ញុំចាប់ផ្តើមខ្មៅ និងឡើងក្រហម មានមុនធំៗ ហើយបន្ទាប់ពីញេចចេញវាតែងតែបន្សល់ស្នាមខ្មៅនិងរូងសាច់ផ្ទៃមុខ។ រាល់ពេលកើតមុនបែបនេះ ខ្ញុំចូលចិត្តប្រើម៉ាស់បិទមុខ និងលាបម្សៅបំបាត់មុន និងស្នាម បន្ទាប់ពីធ្វើបែបនេះរយៈពេលពីមួយអាទិត្យទៅពីរអាទិត្យវាក៏បាត់មុន។ ប៉ុន្តែខ្ញុំសង្កេតឃើញថា វានៅតែមិនបាត់ស្នាមខ្មៅ  និងរូងសាច់មុខសោះ។ តើអាចប្រាប់បានទេថាវាបណ្តាលមកពីអ្វី? ចុះពេលកើតមុនបែបនេះ ខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីកុំឲ្យមានស្នាម និងរូងសាច់មុខទៀត ពេលញេចចេញ? និងធ្វើបែបណាឲ្យផ្ទៃមុខសម៉ដ្ឋរលោង?

ចម្លើយ ៖ តាមការរៀបរាប់ មុនរបស់ប្អូនស្រីមានសភាពជ្រៅ និងខ្ទុះ។ ការញេចមុនបែបនេះត្រូវមានជំនាញច្បាស់លាស់ ព្រោះការញេចដោយខ្វះបច្ចេកទេសអាចនាំឲ្យមានការខ្ទាំជ្រៅហើយក្រោយខ្ទាំ វានឹងបន្សល់ទុកនូវស្នាមខ្មៅដែលអាចមានរយៈពេលយូរ។ លើសពីនេះ ការលាបម្សៅផ្សេងៗដើម្បីព្យាបាលមុនដោយខ្លួនឯងគួរតែចៀសវាងព្រោះម្សៅខ្លះធ្វើឲ្យមុខស ព្រោះវាមានផ្ទុកនូវសារធាតុ Steroid ដែលនាំឲ្យមុខទៅជាស្តើង កើតមុន និងទៅថ្ងៃក្រោយអាចឲ្យទៅជាជាំ។ ប្អូនស្រីមិនគួរញេចមុនដោយខ្លួនឯង ដែលនាំឲ្យបន្សល់នូវស្នាមពណ៌ខ្មៅ ដូច្នេះប្អូនស្រីគួរទៅជួបពិភាក្សាជាមួយអ្នកជំនាញឯកទេសពិតប្រាកដ ដើម្បីពិនិត្យថាតើប្អូនស្រីត្រូវការការព្យាបាលបែបណា ទើបទទួលបានមុខស និងម៉ដ្ឋ តែលុះត្រាតែមុខរបស់ប្អូនស្រីលែងមានមុនជាមុនសិន។ ពេលដែលមុខជាសះស្បើយពីជំងឺមុនហើយ យើងប្រើថ្នាំផ្សេងដែលអាចឲ្យស្បែកមុខភ្លឺជាងមុន និងរលោងជាងមុន។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់