ក្តីបារម្ភនៃបញ្ហាទល់លាមកពេលមានផ្ទៃពោះ

សំណួរ ៖ នាងខ្ញុំមានអាយុ ៣៣ ឆ្នាំ កម្ពស់ ១- ម៉ែត្រ ៥៦ ទម្ងន់ ៦៣  គីឡូក្រាម ជាអ្នកលក់ដូរ។ នាងខ្ញុំមានទម្ងន់៦ខែហើយ ខ្ញុំចាប់អារម្មណ៍ថា ខ្ញុំមានបញ្ហាទល់លាមកញឹកញាប់ដែលជួនកាលអាចរហូតដល់ ៥ថ្ងៃ ទៅមួយអាទិត្យ។ នាងខ្ញុំចង់សួរថាតើនេះបណ្តាលមកពីមូលហេតុអ្វី? ក្នុងករណីនេះ តើខ្ញុំគួរប្រើប្រាស់ថ្នាំឬទេ? តើថ្នាំប្រភេទណាដែលខ្ញុំអាចប្រើប្រាស់បានដើម្បីចៀសវាងផលប៉ះពាល់?

ចម្លើយ ៖ ការទល់លាមក គឺជាបញ្ហាទូទៅមួយដែលកើតមានអំឡុងមានផ្ទៃពោះ។ ជាធម្មតា ការព្រួយបារម្ភ ភ័យខ្លាច និងការមានសកម្មភាពរាងកាយតិច ក៏ដូចជារបបអាហារដែលមិនសូវមានជាតិសរសៃអាចបង្កឲ្យមានការទល់លាមកនេះឡើង។    មូលហេតុមួយទៀតនៃការទល់លាមក អំឡុងពេលមានផ្ទៃពោះគឺបណ្តាលមកពីការកើនឡើងនៃអ័រម៉ូនប្រូសេស្តេរ៉ូន ដែលធ្វើឲ្យសាច់ដុំរលោងនៃរាងកាយសម្រាក រួមទាំងសាច់ដុំនៅបំពង់រំលាយអាហារផងដែរ។ នេះមានន័យថាអាហារត្រូវធ្វើដំណើរក្នុងពោះវៀនតូចដោយយឺតៗ។

ខាងក្រោមគឺជាគន្លឹះខ្លះៗដែលអាចជួយការពារការទល់លាមក ឬជួយសម្រួលអាការៈប្រសិនបើអ្នកបានកើតមានបញ្ហាទល់លាមកនេះហើយ៖
1. ញ៉ាំអាហារមានជាតិសរសៃខ្ពស់ ៖ ផ្លែឈើ បន្លែ អាហារពេលព្រឹកប្រភេទធញ្ញជាតិ នំបុ័ងពីគ្រាប់រុក្ខជាតិ ផ្លែឈើក្រៀមជាដើម (prunes- and bran)។
2. បំពេញជាតិទឹកឲ្យបានច្រើន ៖ ផឹកទឹក និងសារធាតុរាវផ្សេងៗឲ្យបានច្រើនគឺជាការសំខាន់ ពិសេសនៅពេលដែលអ្នកបង្កើនការបរិភោគជាតិសរសៃ។ ការបន្ថែមជាតិទឹកឲ្យបាន ១០ ទៅ ១២ កែវក្នុងមួយថ្ងៃត្រូវបានណែនាំ។ ការរួមបញ្ចូលរវាងអាហារសម្បូរជាតិសរសៃ ជាមួយនឹងសារធាតុរាវក្នុងបរិមាណច្រើនគួរសម ជាជម្រើសល្អបំផុតក្នុងការជួយអ្នកបញ្ចេញកាកសំណល់ពីក្នុងរាងកាយ។ គួរបញ្ជាក់ថា ការបែកញើស អាកាសធាតុក្តៅសើម និងការហាត់ប្រាណអាចបង្កើនតម្រូវការសារធាតុរាវរបស់អ្នកផងដែរ។
3. ហាត់ប្រាណជាប្រចាំ ៖ បើអ្នកមិនសូវសកម្មអ្នកងាយប្រឈមនឹងការទល់លាមកជាងធម្មតា។ការដើរ ហែលទឹក និងហាត់ប្រាណកម្រិតមធ្យម អាចជួយភ្ញោចឲ្យពោះវៀនតូចដំណើរការល្អ។ អ្នកគួររៀបកាលវិភាគហាត់ប្រាណឲ្យបាន ៣ដងក្នុងមួយសប្តាហ៍ និង ២០ទៅ ៣០នាទីក្នុងមួយដងទើបជាការល្អ។
4. កាត់បន្ថយថ្នាំបំប៉នជាតិដែក ៖ ថ្នាំជាតិដែកអាចនាំឲ្យប្រឈមនឹងបញ្ហាទល់លាមកផងដែរ។ ការពិត សារធាតុចិញ្ចឹមល្អៗក្នុងអាហារ ជាទូទៅអាចបង្គ្រប់ជាតិដែកដែលអ្នកត្រូវការអំឡុងពេលមានផ្ទៃពោះរួចហើយ។ ដូចនេះ អ្នកអាចជួបពិគ្រោះនឹងអ្នកផ្តល់សេវាសុខភាពរបស់អ្នកអំពីកម្រិតសារធាតុរ៉ែដែលអ្នកត្រូវការ និងដំបូន្មានអំពីការគ្រប់គ្រងការប្រើប្រាស់ជាតិដែកនៅក្នុងពេលមានផ្ទៃពោះរបស់អ្នក។

ជាទូទៅ ការទល់លាមកនៅអំឡុងពេលមានផ្ទៃពោះ មិនមែនជាបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ឲ្យមានការព្យាបាលដោយឱសថឡើយ ប៉ុន្តែក្នុងករណីខ្លះ អាការៈនេះអាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ដូចនេះ ប្រសិនបើអ្នកមានអាការៈទល់លាមកធ្ងន់ធ្ងរ រួមជាមួយការឈឺចាប់ក្នុងពោះ ឬឆ្លាស់គ្នាជាមួយការរាក ឬក៏មានមកជាមួយនូវសារធាតុរំអិល ឬឈាម អ្នកត្រូវទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកឲ្យបានឆាប់រហ័ស។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់