ហេតុអ្វីបានជាយើងគួរធ្វើការសមាធិ?


    កាលពីមុន ការធ្វើសមាធិ ហាក់ដូចជាពុំមានការចាប់អារម្មណ៍ពីមនុស្សទូទៅឡើយដោយភាគច្រើនបានគិតថាការសមាធិគឺសម្រាប់តែ មនុស្សចាស់ ឬព្រះសង្ឃប៉ុណ្ណោះ តែបច្ចុប្បន្ន ការសមាធិ ហាក់ដូចជាបានក្លាយទៅជាចំណុចកណ្តាលនៃប្រធានបទដែលតែងតែត្រូវបានលើកយកមក និយាយ ក៏ដូចជាអនុវត្តជាញឹកញាប់នៅតាមព្រឹត្តិការណ៍ ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗតាមសាលា និងស្ថាប័នការងារជាពិសេសក៏មានមនុស្ស មិនតិចហើយទេ ដែលបានចាប់យកការធ្វើសមាធិជាទម្លាប់មួយសម្រាប់ការរស់នៅទៀតផង។ 

    “ជាការពិតណាស់ មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេលដើម្បី ស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន។” នេះបើតាមលោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic)។ លោក ឈុន្នី បាន បញ្ចប់ការសិក្សាពីសាលាពុទ្ធសាសនាអន្តរជាតិ ឈៀងម៉ៃ ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា  និងមនុស្សសាស្ត្រ ជាមួយនឹងបទពិសោធន៍ការងារជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ទាក់ទងនឹងការអភិវឌ្ឍ ធនធានមនុស្សតាមបែបព្រះពុទ្ធសាសនា ដែលរួមទាំងការបង្រៀនសមាធិផងដែរ ហើយលោកក៏បានចូលរួមចែករំលែកបន្តទៀតទាក់ទងនឹង ការធ្វើសមាធិ នេះដូចខាងក្រោម៖

ការសមាធិគឺជាអ្វី?
សមាធិ ឬតាមភាសាបាលីហៅថា ភាវនា មានន័យថាការអភិវឌ្ឍផ្លូវចិត្ត ឬផ្នត់គំនិត ឬ ការតម្កល់ចិត្តអោយនឺង ការធ្វើចិត្តអោយត្រជាក់ ការធ្វើចិត្តស្ងប់ និងត្រូវបានចែកចេញជាពីរគឺ សមថកម្មដ្ឋាន និង វិប្បសនាកម្មដ្ឋាន ដែលសមថកម្មដ្ឋានគឺជាការហ្វឹកហាត់ចិត្តឲ្យស្ងប់ បង្កើនសន្តិភាពជាមួយខ្លួនឯង (របៀបគ្រប់គ្រងកំហឹង ឬចិត្ត) និងវិប្បសនាកម្មដ្ឋានគឺជាការរៀនដើម្បីបង្កើនបញ្ញាស្មារតី ពោលគឺ ដើម្បីកាត់ផ្តាច់នូវសេចក្តីទុក្ខ (ទោសៈ មោហៈ)។

តើការសមាធិមានសារប្រយោជន៍ដូចម្តេចខ្លះ?
សមាធិពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សមាធិគឺអាចជួយឲ្យយើងរស់នៅជាមួយខ្លួនឯង និងក្រុមគ្រួសារដោយមានក្តីសុខ កាត់បន្ថយភាពតានតឹង និងស្ត្រេសប្រចាំថ្ងៃ ហើយអាចរៀនគ្រប់គ្រងអារម្មណ៍នៅពេលមានកំហឹង និងបង្កើនសុខភាពផ្លូវចិត្ត។ ជាពិសេសសមាធិអាចជួយធ្វើឲ្យយើងមាន ទំនុកចិត្តលើអ្វីដែលយើងកំពុងធ្វើផងដែរតាមរយៈការផ្តោតអារម្មណ៍លើការដកដង្ហើមឲ្យបានត្រឹមត្រូវ។ ស្របជាមួយនឹងការបង្ហាញអំពីអត្ថប្រយោជន៍នៃ ការសមាធិ លោក ឈុន្នី ក៏បានចែករំលែកផងដែរអំពីបទពិសោធន៍នៃការប្រសើរឡើងនៃគុណភាពជីវិតរបស់លោកផ្ទាល់រហូតឈានដល់ការជាសះស្បើយ ពីជំងឺតាមរយៈការធ្វើសមាធិនេះ។ គួរបញ្ជាក់ថា លោកធ្លាប់មានជំងឺតម្រងនោមនិងបានទទួលការព្យាបាលរយៈពេលជាច្រើនឆ្នាំដែលឈានដល់ការទទួល ការវះកាត់ផងដែរ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលល្អឡើយ។ រហូតដល់ឆ្នាំ ២០០៦ លោកបានទៅរៀនបន្តនៅប្រទេសថៃ ដែលជាពេលលោកបានអនុវត្ត ពិតប្រាកដលើការធ្វើសមាធិ និងក្រោយមកនៅចុងឆ្នាំ ២០០៧ ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃ លោកបានជំនះលើផលវិបាក និងភាពចុកចាប់នៃជំងឺ របស់លោកតាមរយៈការធ្វើការតាំងចិត្តសមាធិ រហូតអាចផ្តោតអារម្មណ៍ទៅលើប្រភពនៃភាពចុកចាប់ និងមានអារម្មណ៍ថាវាបានសាបរលាបទៅផងដែរ ហើយជាលទ្ធផលលោកក៏បានជាសះស្បើយរហូតដល់សព្វថ្ងៃ។ តែទោះយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាទាំងនេះគ្រាន់តែជាអ្វីដែលបានកើតឡើង ចំពោះលោកប៉ុណ្ណោះ ដូចនេះលោកនឹងមិនអះអាងឡើយថារឿងនេះនឹងអាចកើតមានចំពោះមនុស្សគ្រប់គ្នា តែលោកនៅតែចាត់ទុកថា សមាធិជាផ្នែក មួយនៃជីវិតរបស់លោក និងចាប់ផ្តើមចែករំលែកអត្ថប្រយោជន៍នេះតាមរយៈការបង្រៀនសមាធិទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើបាន។

តើគួរធ្វើដូចម្តេចសម្រាប់ការទើបនឹងចាប់ផ្តើមសមាធិ?
ដើម្បីទទួលបានអត្ថប្រយោជន៍ពីការសមាធិ យើងគ្រាន់តែត្រូវចាប់ផ្តើមធ្វើការសមាធិ(ត្រឹមត្រូវ) និងបន្តិចម្តងៗដោយមិនដាក់ការរំពឹងទុក ឬគ្រាន់តែ គិតថាអនុវត្តជាទម្លាប់ដើម្បីប្រយោជន៍ប្រចាំថ្ងៃ ក្នុងរយៈពេលពី ១ ទៅ ៧សប្តាហ៍ រហូតក្លាយជាទម្លាប់ យើងនឹងអាចសង្កេតឃើញពីការផ្លាស់ប្តូរ ជាបន្តបន្ទាប់។  ជំហានដំបូង យើងត្រូវផ្តោតលើការដកដង្ហើមចេញចូល ដែលមានន័យថាយើងបានចាប់ផ្តើមរៀនផ្តោតអារម្មណ៍លើអ្វីមួយដោយតម្រូវឲ្យ យើងមានសតិ និងរឮកជារឿយៗលើអ្វីដែលនៅជុំវិញខ្លួនឯងបានដូចជាការដកដង្ហើម ការគិត ការដើរ ការនិយាយស្តី និងអ្វីផ្សេងៗដែលធ្វើឡើងដោយ ខ្លួនយើង ដើម្បីអាចឲ្យយើងគ្រប់គ្រងលើខ្លួនឯងបាន។ គួរបញ្ជាក់ថា ការធ្វើសមាធិដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺមានការចាប់ផ្តើមពីសមថកម្មដ្ឋាន ដែលជាការរៀនតំកល់ចិត្តឲ្យ នឹងស្ងប់និងរឹងមាំ។ អ្នកអាចនឹងមានការគិតច្រើន ពិបាកក្នុងការផ្តោតក្នុងរយៈពេលដំបូង ប៉ុន្តែបន្តិចម្តងៗ អ្នកអាច សម្រួលការគិតឲ្យផ្តោតលើការដកដង្ហើម ឬលើអ្វីមួយបានកាន់តែល្អ។ បន្ទាប់ពីនោះ យើងអាចសួរការណែនាំពីរៀមច្បង ឬគ្រូដែលមានបទពិសោធន៏ ពីរបៀបដែលគួរអនុវត្តជំហានណាបន្តទៀត។ ក្រោយពេលដែលអ្នកបានយល់ដឹងអំពីការធ្វើសមាសមាធិ (បានត្រឹមត្រូវ) ហើយអ្នកអាចធ្វើការសមាធិនេះ ដោយខ្លួនឯងបានតាមរយៈការមើលសៀវភៅបន្ថែម និងអនុវត្តបន្តបាន។ ក្រោយពីរៀនអំពីសមថកម្មដ្ឋាន ដែលជាការគ្រប់គ្រងចិត្ត អ្នកអាចនឹងឈាន ដល់ជំហានបន្ទាប់គឺ វិប្បសនាកម្មដ្ឋាន ដែលជាការស្វែងយល់អំពីឬសគល់នៃបញ្ហាផ្លូវចិត្តដើម្បីអាចឈានដល់ការស្វែងរកដំណោះស្រាយបាន។

តើការសមាធិអាចនាំឲ្យមានផលវិបាកណាមួយដែរឬទេ?
ក្នុងការធ្វើសមាធិពុំមានផលវិបាកអ្វីឡើយ រីឯការលើកឡើងថា ការចុករួយស្រពន់ដៃជើង ឬភាពធុញថប់នៅអំឡុងពេលសមាធិ ពុំមែនជាផលវិបាកពី ការសមាធិឡើយ វាជាផ្នែកមួយនៃការចុកចាប់ពីឥរិយាបទពីរូបរាងកាយរបស់យើង ដែលដូចនឹង ការដើរ ឈរ ឬអង្គុយរយៈពេលយូរដូច្នោះឯង ដែលផលវិបាកទាំងនេះ កើតឡើងទាល់តែការអនុវត្តសមាធិប្រព្រឹត្តទៅដោយមិនត្រឹមត្រូវ (មច្ឆាសមាធិដែលជាសមាធិដោយពុំមានគ្រូណែនាំត្រឹមត្រូវ ឬមិនទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធបានបង្រៀន ពោលជាការស្រមើស្រមៃផ្តេសផ្តាស)។ ថ្វីត្បិតតែយើងអាចរៀនពីការសមាធិតាមរយៈការអានសៀវភៅ តែជាការល្អយើងគួរតែរៀនពីគ្រូបង្វឹក ឬរៀមច្បងជាមុនសិនដើម្បីចៀសផុតពីបញ្ហាមួយចំនួន ដែលជាក់ស្តែងមានមនុស្សមិនតិចទេដែលមាន ការរំពឹងទុកខ្ពស់ពេកលើការសមាធិនៅពេលដំបូងៗដោយគិតថាពួកគេនឹងទទួលបានសេចក្តីសុខផ្លូវចិត្តបានភ្លាមៗ។ ដើម្បីទទួលបានលទ្ធផល លើអ្វីក៏ដោយ រួមទាំងការសមាធិនេះផងដែរ ទាមទារឲ្យយើងមានឆន្ទះ ការប្តេជ្ញាចិត្ត និងពេលវេលាក្នុងការអង្កេតមើលលទ្ធផលបន្តិចម្តងៗ។

តើអ្នកណាខ្លះអាចធ្វើការសមាធិបាន?
មនុស្សគ្រប់វ័យសុទ្ធតែអាចធ្វើសមាធិបាននៅគ្រប់ពេល និងកាលៈទេសៈ ប៉ុន្តែចំពោះអ្នកដែលកំពុងតានតឹងខ្លាំង ឬស្ត្រេសខ្លាំង យកល្អគួរតែកុំធ្វើ ការសមាធិ លុះត្រាតែមានគ្រូបង្ហាត់នៅជាមួយ ចៀសវាងការនៅម្នាក់ឯង ដែលអាចបង្កជាទុក្ខទោសទៅវិញ។

លក្ខខណ្ឌសម្រាប់ធ្វើការសមាធិបានល្អមានអ្វីខ្លះ?
ដើម្បីធ្វើការសមាធិបានល្អ លក្ខខណ្ឌដំបូងគេគឺទីតាំងស្ងប់ស្ងាត់ល្មម និងចៀសវាងការស្លៀកពាក់តឹងពេកដែលពិបាកដល់ការធ្វើឥរិយាបថសមរម្យ ឬអ្នកអាចអង្គុយលើកៅអីជំនួសឲ្យការបត់ជើង ពែនភ្នែន។  រយៈពេលដែលល្អ គួរតែមួយថ្ងៃ ១០នាទី មុនពេលចូលគេង៥នាទី និងមុនពេលចេញ ទៅធ្វើការ ឬទៅរៀន៥នាទី ឬអាចចាប់ផ្តើមជាមួយការសមាធិត្រឹម ២ ទៅ ៣នាទីក្នុងពេលម្តងៗសិន តែត្រូវប្រាកដផងថាអ្នកបានរៀបចំខ្លួនទាំងកាយ និងចិត្តឲ្យបានរួចរាល់ និងមានពេលគ្រប់គ្រាន់មុនពេលសមាធិ។

តើយើងអាចរៀនពីការសមាធិនៅកន្លែងណាខ្លះ? 
យើងអាចទទួលបានការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើសមាធិ នៅកន្លែងមួយចំនួនដូចជានៅ បាត់ដំបង កំពង់ចាម និងភ្នំពេញ ដែលរួមមានដូចជា នៅ VIPASSA  ភូមិគ្រឹះអប់រំចិត្តផ្កាឈូក និងវត្តល័ង្ការជាដើម។ ជាក់ស្តែង នៅ VIPASSA ផ្ទាល់ តែងផ្តល់ថ្នាក់បង្រៀន ធម្មសិក្សា និងសមាធិដោយ ព្រះភិក្ខុ គូ សុភាព និង ខ្ញុំបាទ  ជារៀងរាល់ថ្ងៃច័ន្ទ ពីម៉ោង ៦ ដល់ ៧ កន្លះល្ងាច ដោយការចូលរួមគឺគ្រាន់តែបង់វិភាគទានចំនួន ១ ម៉ឺនរៀលសម្រាប់ថ្លៃ អាហារសម្រន់ និងទីកន្លែងតែប៉ុណ្ណោះ។

    សរុបមកវិញ លោក ឈុន្នី បានលើកទឹកចិត្តដល់អ្នកដែលកំពុងអនុវត្តសមាធិហើយ ឲ្យគួរតែបន្តអនុវត្តឲ្យខ្ជាប់ខ្ជួន រីឯអ្នកដែលចង់ធ្វើ សមាធិ គួរតែចាប់ផ្តើមរៀន ព្រោះការធ្វើសមាធិជាផ្នែកមួយដែលជួយឲ្យជីវិតមានភាពរុងរឿង សេចក្តីសុខ សុភមង្គល និង សេចក្តីល្អចំពោះខ្លួនឯង សង្គម និងគ្រួសារ។ ក្រោយពីមានសេចក្តីសុខជាមួយនឹងខ្លួនឯងហើយ អ្នកក៏អាចចែករំលែកក្តីសុខនេះទៅកាន់អ្នកដទៃផងដែរ។ ការធ្វើសមាធិ កាន់តែច្រើន អ្នកក៏នឹងកើនបញ្ញា ព្រមទាំងអភិវឌ្ឍស្មារតី និងចិត្តគំនិតឲ្យដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យាផងដែរ។

បកស្រាយដោយ៖ លោក នឺម ឈុន្នី  នាយកប្រតិបត្តិនៃក្រុមហ៊ុន ANAKOT Asia Academy

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់

profile.png
Mary Real 5 ខែ មុន

តើការធ្វើសមាធិនៅខេត្តបាត់ដំបងនៅកន្លែងណាដែរ?