ពេលចុះកម្មសិក្សានៅពេទ្យ គួរតែមានលក្ខណៈសម្បត្តិ៧យ៉ាងនេះ

ដើម្បីជាការចែករំលែកដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលត្រៀមចុះកម្មសិក្សានៅមន្ទីរពេទ្យ និស្សិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមឆ្នាំទី៣ ជំនាន់ទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលមានឈ្មោះថា ឆេង ឆាយ បានចូលរួមចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដ៏មានអត្ថន័យ ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…

គួរបញ្ជាក់ផងដែរថា ការក្លាយជានិស្សិតឯកទេសម្នាក់ក្នុងជំនាញមួយនេះ គឺជាគោលបំណងធំបំផុត នៅពេលដែលឈានចូលដល់ខ្ទង់ម្ភៃជាង នោះគឺគិតចាប់ពីពេលដែលលោកបានសិក្សាអំពីមុខវិជ្ជាដែលមានការទាក់ទងទៅនឹងបេះដូងនេះតែម្ដង។ ហើយកត្តាចម្បងមួយទៀតដែលជំរុញយុវនិស្សិតឲ្យស្រលាញ់ និងចូលចិត្តជំនាញមួយនេះ គឺកត្តាសង្គមនេះតែម្ដង ដោយសារតែបរិបទសង្គមកម្ពុជាសព្វថ្ងៃ នៅមានការខ្វះខាតគ្រូពេទ្យឯកទេសខាងបេះដូងនេះនៅឡើយ ជាក់ស្ដែងនៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃ ចំនួនគ្រូពេទ្យឯកទេសនេះ ក៏ពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលមានសព្វថ្ងៃនៅឡើយដែរ។ ដោយសារកត្តាទាំងនេះហើយទើបធ្វើឲ្យលោកខិតខំជំនះគ្រប់ឧបសគ្គ ដើម្បីសម្រេចគោលបំណងនេះឲ្យបានជោគជ័យ ក៏ដូចជាដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនរបស់យើងផងដែរ។ 

តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះ ក្រោយពេលដែលជាប់ជានិស្សិតឯកទេស? (ការចែករំលែកបទពិសោធន៍ពីការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ)
យើងគប្បីត្រូវ៖
1.ការរៀបចំខ្លួន (Appearance) ៖ ក្រៅពីសមត្ថភាព និងចំណេះជំនាញពិតប្រាកដជាគ្រូពេទ្យ ការចេះស្លៀកពាក់ និងរៀបចំខ្លួនឲ្យបានស្អាតបាត គឺបង្ហាញពីសេចក្ដីថ្លៃថ្នូរ និងទំនុកចិត្តរបស់អ្នកមកលើខ្លួនអ្នកជាគ្រូពេទ្យផ្ទាល់។ ជាក់ស្ដែងដើម្បីទទួលបានទំនុកចិត្តពីក្រុមគ្រួសារក៏ដូចជាអ្នកជំងឺ យើងត្រូវមានទំនុកចិត្តលើខ្លួនឯងជាមុនសិន។ 
2.ការគោរពពេលវេលា (Be punctual) ៖ នេះជាកាតព្វកិច្ចទី២ដែលយើងត្រូវប្រកាន់ខ្ជាប់ក្នុងពេលចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ ព្រោះវាស្ដែងនូវទំនួលខុសត្រូវមួយក្នុងនាមយើងជានិស្សិតឯកទេសម្នាក់។ វាជាការប្រសើរខ្លាំងណាស់ បើអ្នកអាចមកពេទ្យពីព្រឹកព្រលឹមបន្តិច ហើយចាប់ផ្ដើមការដើរសួរពីស្ថានភាពជំងឺឲ្យបានមុនពេលដែលគ្រូពេទ្យធ្វើវា។ 
3.វិន័យ (Self-discipline) ៖ វិន័យផ្ទាល់ខ្លួន គឺជាផ្នែកដ៏សំខាន់មួយដែលជួយឲ្យអ្នកអាចអភិវឌ្ឍខ្លួនអ្នកឲ្យមានភាពរីកចម្រើន និងប្រសើរឡើង។ អ្នកត្រូវចងចាំជានិច្ចថា អ្នកចេះនូវវិជ្ជាមួយដែលអាចជួយព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបាន។ ហើយការដែលអ្នកបានឃើញអ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យដោយសុខសប្បាយ និងស្នាមញញឹម គឺជាគោលដៅចុងក្រោយក្នុងការព្យាបាលរបស់អ្នក។
4.សហភាតរ/ស្មារតីធ្វើការងារជាក្រុម (Team work) ៖ ជំនាញវេជ្ជសាស្ត្រ គឺជាជំនាញមួយដែលទាមទារឲ្យមានការសហការគ្នា ធ្វើការងារជាក្រុម ដើម្បីបង្កើននូវគុណភាពនៃការព្យាបាល អ្នកជំងឺឲ្យបានកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត អ្នកត្រូវមានទំនាក់ទំនងល្អរវាងនិស្សិតចុះកម្មសិក្សាជាមួយគ្នា បុគ្គលិក និងចេះចែករំលែកបទពិសោធន៍ទៅវិញទៅមក ឬស្នើសុំជាយោបល់ពីគ្រូពេទ្យរៀមច្បងនៅក្នុងផ្នែកក៏ដូចជាក្នុងមន្ទីរពេទ្យ លើសពីនេះទៅទៀត ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹងផ្នែកវេជ្ជសាស្រ្តនេះឲ្យបានច្រើនបន្ថែមទៀត។ 
5.ភាពអំណត់ (Be patient) ៖ អ្នកត្រូវរក្សាឲ្យបាននូវភាពអំណត់របស់អ្នក និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ក្នុងពេលដែលអ្នកបំពេញការងារ ព្រោះថាពេលខ្លះក្រុមគ្រួសាររបស់អ្នកជំងឺអាចមានការខឹងក្រោធបន្តិចបន្តួចនោះក៏ដោយសារតែពួកគេមានអារម្មណ៍ខ្វល់ខ្វាយខ្លាំងពីស្ថានភាពរបស់អ្នកជំងឺ។ ជាមួយគ្នានេះផងដែរ អ្នកត្រូវចេះរៀបចំពាក្យពេចន៍ក្នុងការនិយាយស្ដី និងពន្យល់ក្រុមគ្រួសារអ្នកជំងឺឲ្យបានសមរម្យ និងច្បាស់លាស់ពីស្ថានភាពរបស់អ្នកជំងឺ។
6.ចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិរបស់អ្នក (Be empathy) ៖ ក្រុមគ្រួសារ និងអ្នកជំងឺផ្ទាល់សុទ្ធតែមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាសុខភាពរបស់ពួកគាត់។ ដូច្នេះ អ្នកគប្បីត្រូវតែយល់ពីអារម្មណ៍មួយនេះ ហើយអ្នកត្រូវតែពន្យល់ពីស្ថានភាពជំងឺ ផែនការនៃការព្យាបាល និងបកស្រាយរាល់លទ្ធផលដែលអ្នកទទួលបានក្រោយពីអ្នកបានសុំ ទៅឲ្យពួកគាត់បានដឹង។ 
7.អ្នកគួរចំណាយពេលឲ្យច្រើនបន្តិចជាមួយអ្នកជំងឺ (A bit more input will bring a better result) ៖ អ្នកអាចធ្វើការដើរសួរពីការវិវឌ្ឍនៃសភាពជំងឺរបស់ពួកគាត់ឲ្យបានពីរដងក្នុងមួយថ្ងៃ គឺព្រឹកមួយដង និងល្ងាចមួយដង ឬលើសពីនេះ កាន់តែប្រសើរ។ ការសាកសួរពីស្ថានភាពជំងឺ នៅពេលល្ងាច គឺអាចធ្វើទៅដោយគ្រាន់តែការសួរសង្ខេបខ្លីៗអំពីអាការៈក្នុងខ្លួនរបស់គាត់ សកម្មភាពបែបនេះវាបានបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះពួកគាត់ និងអាចជួយជំរុញឲ្យពួកគាត់ឆាប់បានធូរស្រាល ជាពិសេសនោះ គឺផ្នែកផ្លូវចិត្តតែម្ដង។ 

លោកក៏បានលើកឡើងផងដែរថា «ទំនុកចិត្តជាកត្តារួមផ្សំមួយដ៏ចម្បងដែលចូលរួមចំណែកយ៉ាងសំខាន់ចំពោះប្រសិទ្ធភាពនៃការព្យាបាល ដូច្នេះ យើងទាំងអស់គ្នា ត្រូវកសាងទំនុកចិត្តលើខ្លួនឯង នេះមិនមែនសម្រាប់ខ្ញុំ តែសម្រាប់យើងទាំងអស់គ្នាដែលកំពុងតែប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលតែមួយ។»   

ជាចុងក្រោយ ការចែករំលែកបទពិសោធន៍ខាងលើនេះមិនចំពោះតែនិស្សិតឯកទេសនោះទេ វាគឺសម្រាប់និស្សិតពេទ្យគ្រប់រូបដែលអាចជ្រើសរើសយកទៅអនុវត្តបានចំពោះចំណុចណាដែលអ្នកគិតថាល្អ។ សម្រាប់រូបលោកផ្ទាល់ លោកបាន និងកំពុងតែធ្វើវា ហើយនឹងធ្វើវាឲ្យរឹតតែប្រសើរជាងនេះទៀត។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់