អ្វីដែលគ្រប់គ្នាត្រូវដឹង ពីជំងឺរបេង!

ទោះបីសព្វថ្ងៃ ប្រទេសកម្ពុជាយើង មានកម្មវិធីជាតិកម្ចាត់ជំងឺរបេង និងហង់សិន ហៅកាត់ថា CENAT បានធ្វើការគ្រប់គ្រងរបេងបានល្អ និងមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ របេងនៅតែជាជំងឺមួយដែលត្រូវតែស្វែងយល់បន្ថែម។

និយមន័យជំងឺរបេង
របេង ជាជំងឺបង្កឡើងដោយមេរោគម៉្យាងឈ្មោះថា Koch’s bacillus ស្ថិតក្នុងក្រុម Mycobacterium Tuberculosis Complex ដែលត្រូវបានបែងចែកជា២ប្រភេទ គឺទម្រង់Active និង Latent។ របេងអាចកើតមានឡើងនៅគ្រប់សរីរាង្គទាំងអស់រួមមាន សួត ឆ្អឹង កូនកណ្តុរ ប្រដាប់បន្តពូជ ពោះវៀន ឬស្រទាប់ពោះវៀន និងនៅលើស្បែកជាដើម។ ប៉ុន្តែមនុស្សភាគច្រើនចំណាំថា របេងច្រើនកើតតែនៅលើសួត ដោយហេតុថាក្នុងចំណោមរបេងទាំងអស់លើសពី៩០ភាគរយ បង្កជំងឺនៅផ្លូវដង្ហើម (សួត)។

មូលហេតុនៃការឆ្លង
ដូចដែលបានរៀបរាប់ខាងលើ ជំងឺរបេងកើតមានឡើងដោយសារមេរោគប្រភេទបាក់តេរី ដែលឆ្លងតាមផ្លូវដង្ហើម ដូច្នេះហើយគ្រប់បរិបទណាដែលទាក់ទងតាមផ្លូវដង្ហើម សុទ្ធតែអាចចម្លងមេរោគរបេងនេះបាន។ បុគ្គលដែលមានទំនោរទាក់ទងជាមួយមនុស្សច្រើន តែងប្រឈមខ្ពស់ទៅនឹងជំងឺរបេងនេះ ដូចជាអ្នកទទួលភ្ញៀវ អ្នកធ្វើការជាមួយអ្នកជំងឺរបេង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជាមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម អ្នកជំងឺបេះដូង ជាពិសេសអ្នកជំងឺអេដស៍ជាដើម។ តំបន់ដែលប្រឈមនឹងជំងឺរបេងច្រើនគឺប្រទេសកំពុងអភិវឌ្ឍ ដោយសារការរក្សាអនាម័យនៅមានកម្រិតនៅឡើយ។
   
រោគសញ្ញាអ្នកជំងឺរបេង
ភាគច្រើននៃអ្នកជំងឺរបេងដែលបង្កឡើងនៅលើសួត តែងស្តែងចេញជារោគសញ្ញា៤សំខាន់៖
• ក្តៅខ្លួនស្ទិញៗ ច្រើនកើតចាប់ពីពេលរសៀលដល់ពេលយប់ (Febricula)
• ចាប់ផ្តើមស្រកទម្ងន់ខុសពីធម្មតា
• ថយចុះនូវចំណង់អាហារ
• អស់កម្លាំង។
ក្រៅពីនោះ ក៏មានសញ្ញាទាក់ទងនឹងសួត ដូចជាក្អករ៉ាំរ៉ៃ មានស្លេស្ម លើសពី២សប្តាហ៍ និងមានអាការៈហត់។

ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យជំនាញធ្វើការវិភាគជំងឺរបេងដោយផ្តោតលើ៣ចំណុចសំខាន់៖
• សាកសួរអំពីប្រវត្តិអ្នកជំងឺ៖ ធ្លាប់មានក្រុមគ្រួសារកើតជំងឺរបេង ធ្វើការនៅតំបន់ដែលប្រឈមមុខដូចដែលបានរៀបរាប់ខាងលើ
• ពិនិត្យលើរោគសញ្ញានានា
• ថតសួត និងរកមើលមេរោគរបេងក្នុងកំហាកអ្នកជំងឺ។

ក្នុងកម្មវិធីជាតិកម្ចាត់ជំងឺរបេង គេចែកការធ្វើរោគវិនិច្ឆ័យជា៣ប្រភេទខុសគ្នារួមមាន៖
• របេងក្នុងសួតដែលមើលកំហាកឃើញមេរោគរបេង
• របេងក្នុងសួតដែលមើលកំហាកមិនឃើញមេរោគរបេង
• របេងក្រៅសួតដូចជា របេងឆ្អឹង របេងកូនកណ្តុរ របេងស្រោមសួត របេងប្រដាប់បន្តពូជ។

ក្រៅពីនោះ គ្រូពេទ្យនឹងធ្វើការច្រឹបសាច់សួត ដើម្បីធ្វើការត្រួតពិនិត្យមើលមេរោគដោយមីក្រូទស្សន៍។

ការព្យាបាលជំងឺរបេង
តាមរូបមន្តថ្មីនៃកម្មវិធីជាតិ របេងតម្រូវឲ្យមានការព្យាបាលតាម ២របៀប ដោយផ្អែកលើការវិវឌ្ឍរបស់របេង៖
• របៀបទី១៖
o ប្រើសម្រាប់ករណីថ្មី ដែលការព្យាបាលមានរយៈពេល៦ខែ ដោយ២ខែដំបូងជាការព្យាបាលសម្រុកដោយអ្នកជំងឺត្រូវប្រើថ្នាំរបេង៤មុខបញ្ចូលគ្នា និងចាប់ពីខែទី៣ដល់ទី៦ជាការព្យាបាល ដោយប្រើថ្នាំតែ២មុខ។ ជាទូទៅ ថ្នាំត្រូវលេបម្តងក្នុងមួយថ្ងៃ នៅពេលព្រឹក ដោយធ្វើការគណនាកម្រិតប្រើប្រាស់ធៀបនឹងទម្ងន់អ្នកជំងឺ។
o ដោយឡែក ចំពោះអ្នកជំងឺរបេងឆ្អឹង និងរបេងស្រោមខួរ ការព្យាបាលតាមរបៀបទីមួយនេះ ត្រូវប្រើរយៈពេល១២ខែ ដោយបែងចែកការព្យាបាលសម្រុកប្រើថ្នាំរបេង៤មុខបញ្ចូលគ្នារយៈពេល២ខែដំបូង និងព្យាបាលបន្តរយៈពេល១០ខែ ដោយប្រើថ្នាំតែ២មុខ។
• របៀបទី២ ៖ ប្រើសម្រាប់ករណីព្យាបាលតាមរបៀបទី១មិនជា ឬជារបេងលាប់ឡើងវិញ ឬខកខានការតាមដានព្យាបាល។ ការព្យាបាលតាមរបៀបទី២នេះត្រូវប្រើរយៈពេល៨ខែ ដោយបែងចែកការព្យាបាលសម្រុក ប្រើថ្នាំរបេង៤មុខបញ្ចូលគ្នារយៈពេល៣ខែដំបូង និងព្យាបាលបន្តរយៈពេល៥ខែដោយប្រើថ្នាំតែ៣មុខ។

ករណីរបេងមានភាពស៊ាំនឹងថ្នាំ ការព្យាបាលគឺខុសពីរបៀបទាំងពីរខាងលើ ព្រោះការព្យាបាលតាមរបៀបទី១ និងទី២មិនទទួលបានលទ្ធផល នោះអ្នកជំងឺនឹងតម្រូវឲ្យសម្រាក និងព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរ។ ជាក់ស្តែងប្រសិទ្ធភាពនៃការព្យាបាលជំងឺរបេងមានកម្រិតខ្ពស់ ប៉ុន្តែដោយសារជំងឺរបេងខ្លះ មានភាពកាចសាហាវពីកំណើត ពេលខ្លះអ្នកជំងឺមិនបានគោរពតាមការព្យាបាលឲ្យបានត្រឹមត្រូវ ឬបោះបង់ការព្យាបាល ដោយសារទ្រាំទ្រនឹងផលរំខានថ្នាំពុំបាន ម៉្យាងអ្នកជំងឺមិនបានលេបថ្នាំឲ្យបានទៀងម៉ោងដែលគ្រូពេទ្យបានណែនាំ ធ្វើឲ្យមេរោគស៊ាំនឹងថ្នាំ និងថ្នាំលែងមានប្រសិទ្ធភាពទៀត។

ផលវិបាក
ករណីអ្នកជំងឺរបេងដែលមិនបានទទួលការព្យាបាលទាន់ពេលវេលា នឹងធ្វើឲ្យសរីរាង្គមានការខូចខាតកាន់តែខ្លាំងឡើង ដូចជាដំបៅសាច់សួតកាន់តែខ្លាំង ពុកឆ្អឹងកាន់តែខ្លាំងជាដើម។
   
ការការពារ
គួរមានការប្រុងប្រយ័ត្នខ្ពស់ពេលនិយាយទំនាក់ទំនងជាមួយអ្នកជំងឺរបេងដូចជា  ពាក់ម៉ាស់ ប្រើរបាំងការពារ ឬប្រើកង្ហារបក់បញ្ច្រាសនៅកន្លែងធ្វើការ កន្លែងដែលត្រូវមានទំនាក់ទំនងច្រើនជាមួយភ្ញៀវ និងប្រកាន់ខ្ជាប់ការរស់នៅស្អាតក្នុងបរិយាកាសបរិសុទ្ធ។

ប្រសិនបើមាននរណាម្នាក់មានសញ្ញាសង្ស័យខាងលើ គួរណែនាំឲ្យមកជួបជាមួយគ្រូពេទ្យឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ គួរបញ្ជាក់ថា ថ្នាំព្យាបាលជំងឺរបេងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកតាមស្រុក ខេត្ត ក្រុង និងពេទ្យថ្នាក់ជាតិទូទាំងខេត្ត-ក្រុង។ គួរបញ្ឈប់ ឬចៀសឲ្យឆ្ងាយពីផ្សែងបារី ព្រោះវាអាចធ្វើឲ្យមេរោគរបេងងាយឆ្លងចូល។

បកស្រាយដោយ ៖ សាស្ត្រាចារ្យរង នី ចន្ទី ប្រធានផ្នែកជំងឺសួត និងជំងឺឆ្លង ព្រមទាំងជាអនុប្រធានបច្ចេកទេស ប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់