ជំងឺហង់សិនជាជំងឺសួរពូជឬយ៉ាងណា?

និយមន័យនៃជំងឺហង់សិន
ជំងឺហង់សិន ឬ ជំងឺឃ្លង់ ជាប្រភេទជំងឺឆ្លងបង្កដោយបាក់តេរីម្យ៉ាងឈ្មោះបាក់តេរីដឺហង់សិន (My-cobacterium Lepre)។ វាប៉ះពាល់ជាសំខាន់ទៅលើស្បែក និងសរសៃប្រសាទ។ ការវិវឌ្ឍរបស់ជំងឺនេះយឺតៗ ដោយសារមេរោគសម្ងំនៅក្នុងខ្លួនមនុស្សជាមធ្យម៣ឆ្នាំ ទើបចេញជារោគសញ្ញា។ ជាក់ស្តែងជំងឺហង់សិន អាចកើតមានលើមនុស្សគ្រប់វ័យ និងគ្រប់ភេទ។ប្រទេសកម្ពុជាបច្ចុប្បន្ន ជំងឺហង់សិនមានជាមធ្យមចន្លោះពី ១០០ ទៅ ២០០នាក់ នៃករណីថ្មីរបស់ជំងឺហង់សិនទូទាំងប្រទេស ដែលមានអត្រាប្រេវ៉ាទ្បង់១ លើ ១០០,០០០។ ប៉ុន្តែ អត្រានៃអ្នកកើតជំងឺហង់សិនថ្មីនេះ មានការថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលវាស្ថិតក្នុងចន្លោះពី១០ ទៅ១៥ ភាគរយ។

មូលហេតុអ្វីដែលបង្កឲ្យកើតជំងឺ?
ដោយហេតុថា ជំងឺហង់សិនបណ្តាលមកពីមានការឆ្លងមេរោគបាក់តេរីដឺហង់សិន (Mycobacterium Lepre)។ ម៉្យាង វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដង្ហើម ដូចជំងឺរបេងដែរ។ដូច្នេះ អ្នកដែលមានហានិភ័យខ្ពស់បំផុតទៅនឹងជំងឺនេះគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយអ្នកជំងឺដែលមិនទាន់បានទទួលការព្យាបាល។

តើជំងឺហង់សិនមានរោគសញ្ញាបែបណាខ្លះ?
ជំងឺហង់សិនត្រូវបានចែកចេញជា២ប្រភេទរួមមានប្រភេទមេរោគតិច និង ប្រភេទមេរោគច្រើនដែលមានរោគសញ្ញាដូចជា៖
•ស្នាមលើស្បែកមួយឬ ច្រើន ដោយមានការបាត់បង់ញាណដឹងនៅលើស្លាកស្នាម ហើយមិនទាន់ទទួលការព្យាបាលត្រឹមត្រូវដោយថ្នាំច្រើនមុខ(MDT)។
•ស្នាមនៃជំងឺហង់សិន អាចមានពណ៌ស ឬក្រហមស្រគាំ ឬ ពណ៌ទង់ដែង
•អាចរាបស្មើ ទ្បើងខ្ពស់ ឬ ពក មិនរមាស់
•ជាធម្មតាមិនឈឺលើស្នាមទេ
•មានបាត់បង់ញាណដឹងលើស្នាមដូចជា ក្តៅ ប៉ះមិនដឹង មិនមានការឈឺចាប់
•វាកើតមានគ្រប់កន្លែងនៃរាងកាយ។

វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យនៃជំងឺ
ជាទូទៅជំងឺហង់សិនឬឃ្លង់ត្រូវបានធ្វើរោគវិនិច្ឆ័យតាម២របៀប៖
•ការធ្វើតេស្តលើស្នាម
•ការរកមេរោគក្នុងមន្ទីរពិសោធន៍។

ការព្យាបាលជំងឺហង់សិន
ការព្យាបាលជំងឺហង់សិនចែកជា២របៀប៖
•រយៈពេល៦ខែ សម្រាប់អ្នកជំងឺដែលមានមេរោគតិច (ប៉េបេ)
•រយៈពេល១២ខែ សម្រាប់អ្នកជំងឺដែលមានមេរោគច្រើន (អឹមបេ)។

គួរបញ្ជាក់ថា អ្នកជំងឺហង់សិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយ១០០% នៅគ្រប់មណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជាដោយពុំមានការបង់ប្រាក់នោះទេ។ ករណីការព្យាបាលមានភាពយឺតយ៉ាវ នោះអ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា ពិការភ្នែក ដៃ ជើង ដោយសារការកើតមានប្រតិកម្មនៃជំងឺហង់សិន។

វិធីសាស្រ្តដើម្បីការពារខ្លួន
វិធីមួយដ៏សាមញ្ញនោះគឺបើសង្ស័យ ឬមានស្នាមនៅលើស្បែកដែលមិនមានការឈឺចាប់ សូមអញ្ជើញទៅទទួលការព្យាបាលនៅមណ្ឌលសុខភាព ដែលមាននៅក្បែរផ្ទះរបស់លោកអ្នក។
សូមលោកអ្នកចាំថា ជំងឺហង់សិនឬ ឃ្លង់ វាជាជំងឺឆ្លង មិនមែនជំងឺសួរពូជទេ ហើយជំងឺនេះងាយព្យាបាលតែពិបាករកវត្តមានមេរោគ ពីព្រោះការសម្ងំរោគ និង ការបង្ករោគមិនមានការរំខានមក
លើអ្នកជំងឺទ្បើយ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទ្បាយ សម្បត្តិ ឯកទេសជំងឺទូទៅ ជាប្រធានផ្នែកហង់សិន ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់