ការបំប៉នជាមួយនឹងសារជាតិចិញ្ចឹមនៅក្នុងវ័យ ៤០ ឆ្នាំ

ស្ថិតនៅក្នុងវ័យ ៤០ឆ្នាំ  ហាក់ដូចជាពុំមានអ្វីខុសប្លែកពីធម្មតាឡើយចំពោះមនុស្សទូទៅ ក៏ប៉ុន្តែការពិតចំពោះស្ត្រី នេះជាវ័យដែលប្រឈមនឹងបន្លាស់ប្តូរ រួមទាំងផ្នែករូបរាងកាយ សរីរៈ  និងផ្លូវចិត្តដែលជាលទ្ធផលនៃការឈានមកដល់នៃការអស់រដូវរបស់ពួកគេ។ការឡើងចុះនៃអ័រម៉ូននៅក្នុងវគ្គចុងក្រោយនៃការមានរដូវរបស់ស្ត្រី នឹងចាប់ផ្តើមមុនដល់ទៅជាង ១០ឆ្នាំ ហើយអាចបន្តក្នុងរយៈពេលយ៉ាងយូរ ដោយនាំមកជាមួយនូវអាការៈក៏ដូចជាបញ្ហាជាច្រើនដែលស្ត្រីពិបាកនឹងទទួលយកជាផ្នែកមួយនៃជីវិតនៅក្នុងដំណាក់កាលថ្មីនេះ។ វគ្គទាំង ៣ នៃការអស់រដូវដោយរួមបញ្ចូលទាំងវគ្គមុនអស់រដូវ វគ្គអស់រដូវពិតប្រាកដ និងវគ្គក្រោយអស់រដូវ គឺជាដំណាក់កាលសំខាន់សម្រាប់ស្រ្តីដែលទាមទារនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងនោះផងដែរ ការគាំទ្រផ្នែកស្មារតី និងសារធាតុបំប៉នផ្សេងៗពិតជាចាំបាច់នៅអំឡុងពេលនេះដូចនេះសារធាតុបំប៉នមួយចំនួនត្រូវបានលើកយកមកពិភាក្សាដូចខាងក្រោម។

ធាតុចម្រាញ់ចេញពីតែបៃតង
អត្ថប្រយោជន៍លើសុខភាពជាច្រើននៃការបរិភោគតែបៃតងត្រូវបានបង្ហាញឡើង ដោយក្នុងនោះរួមមានទាំងការការពារជំងឺផ្សេងៗដូចជាមហារីកជំងឺសរសៃឈាមបេះដូង និងការខូចខាតនៃប្រព័ន្ធសរសៃប្រសាទជាដើម។  ក្រៅពីសកម្មភាពចម្បងក្នុងការប្រឆាំងអុកស៊ីតកម្ម សកម្មភាពប្រឆាំងជំងឺទឹកនោមផ្អែម បាក់តេរី ការរលាក និងប្រឆាំងនឹងលើសទម្ងន់ក៏ត្រូវបានរាយការណ៍ផងដែរតាមរយៈសារធាតុ Catechins ដែលចម្រាញ់ពីតែបៃតង។   ចំពោះបណ្តុំរោគសញ្ញាមេតាបូលិច ដែលទាមទារឲ្យធ្វើការព្យាបាលរួមគ្នាជាមួយនឹងឱសថជាច្រើនរួមគ្នា តែងចោទជាការបារម្ភលើសុវត្ថិភាពតាមរយៈការសិក្សាជាច្រើន។ ហេតុនេះ ការប្រើប្រាស់សកម្មភាពការពារ និងទប់ទល់នឹងការលើសទម្ងន់របស់តែបៃតងត្រូវបានពិចារណា។ លើសពីនោះ European Journal  of  Nutrition ដែលចុះផ្សាយនៅឆ្នាំ២០១៤ បានណែនាំថាតែបៃតងនិង Catechins របស់វាអាចជួយដល់សម្ពាធឈាម និងLipoprotein cholesterol សរុប ព្រមទាំងដង់ស៊ីតេទាបផងដែរ។ ម្យ៉ាងទៀត តែបៃតងក៏មានប្រសិទ្ធភាពផងដែរចំពោះសុខភាពស្បែកដោយវាអាចជួយការពាររ៉ាឌីកាល់សេរី  ការពារមហារីក បញ្ហាជ្រុះសក់ និងភាពជ្រីវជ្រួញ ក៏ដូចជាប្រឆាំងនឹងឥទ្ធិពលអាក្រក់នៃការព្យាបាលដោយកាំរស្មី UV-A ទៀតផង។

Isoflavones ពីសណ្តែកសៀង
Isoflavones ពីសណ្តែកសៀង ដែលត្រូវបានប្រជាជនជប៉ុនប្រើប្រាស់ក្នុងកម្រិតខ្ពស់នោះត្រូវបានទទួលស្គាល់តាមរយៈឥទ្ធិពលជីវសាស្ត្រជាច្រើន ដោយក្នុងនោះរួមមានជាពិសេសគឺសមត្ថភាពក្នុងការបន្ថយកម្រិតនៃជំងឺសរសៃឈាមបេះដូង បន្ថយការស្លាប់ដោយសារជំងឺមហារីកសុដន់ និងស្រទាប់ស្បូន ក៏ដូចជាសម្រួលដល់អាការៈនៃការអស់រដូវ។ ការសិក្សាមួយបានចុះផ្សាយនៅក្នុង The Journal of Clinical andDiagnostic Research នៅឆ្នាំ ២០១៧ បានបង្ហាញថាIsoflavones
ពីសណ្តែកសៀង ពិតជាអាចមានឥទ្ធិពលយ៉ាងគួរឲ្យកត់សម្គាល់ចំពោះស្រ្តីនៅជុំវិញការអស់រដូវ និងក្រោយអស់រដូវ។ ក្នុងនោះ វាអាចសម្រួលបានដល់ទៅ ៤០%នៃអាការៈក្តៅក្រហល់កម្រិតស្រាលទៅមធ្យមនិងអាការៈអស់កម្លាំងផងដែរ។ ក្រៅពីនោះ វាក៏មានអំពើការពារជំងឺពុកឆ្អឹងទៀតផង។

លីកូប៉ែន
លីកូប៉ែន គឺជាការ៉ូទែនូអីុតដែលមានក្នុងផ្លែឈើ និងបន្លែពណ៌ក្រហម រួមទាំងប៉េងប៉ោះ ឪឡឹក ការ៉ុត ល្ហុង ព្រមទាំងប្រភពអាហារដែលមានពណ៌ក្រហមផ្សេងៗទៀត។ លីកូប៉ែនអាចជួយក្នុងការបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃដែលកើតឡើងជាមួយនឹងការកើននៃអាយុ ក៏ដូចជាអាចការពារឆ្អឹងផងដែរ។ ក្រៅពីនោះ វាក៏អាចរារាំងការលូតលាស់នៃកោសិកាមហារីក សុដន់ ប្រូស្តាតស្រទាប់ស្បូន ពោះវៀនធំ និងមហារីកសួតទៀតផង។  ការសិក្សាផ្សេងទៀតក៏បានបង្ហាញពីការការពារពីជំងឺសរសៃឈាមបេះដូងដោយវាអាចមានការពារការវិវឌ្ឍនៃការខូចខាតរបស់កោសិកាសរសៃឈាម និងបង្កើនចរន្តឈាម ព្រមទាំងបន្ថយប្រតិកម្មឆ្លើយតបទៅនឹងការរលាក។

វីតាមីនសេ
វីតាមីនសេ ចូលរួមក្នុងការរក្សាការសំយោគកូឡាជែន ព្រមទាំងការបញ្ចេញ និងការបំបែករបស់វាផងដែរទប់ស្កាត់ការបំផ្លាញដោយប្រតិកម្មអុកស៊ីតកម្ម។ វីតាមីនសេ ដើរតួយ៉ាងសំខាន់ ក្នុងការបន្ថយជំងឺពុកឆ្អឹង ដោយវាបង្កើនដង់ស៊ីតេឆ្អឹង និងការស្រូបយកកាល់ស្យូមរបស់ឆ្អឹង ដែលសកម្មភាពនេះត្រូវបានលើកយកមកសិក្សាដល់ទៅ ១៧ឆ្នាំចំពោះស្ត្រីអស់រដូវ និងត្រូវបានចុះផ្សាយលើ journal of Osteoporosis International ក្នុងឆ្នាំ ២០០៩។ ការសិក្សាមួយទៀតបានបង្ហាញផងដែរថាឥទ្ធិពលភ្លាមៗនៃវីតាមីនសេគឺជួយលើមុខងារនៃជញ្ជាំងសរសៃឈាមរបស់ស្ត្រីអស់រដូវដែលមានសុខភាពល្អ។ គួរបញ្ជាក់ថា កម្រិតវីតាមីនសេ ក្នុងរាងកាយតែងមានការថយចុះចំពោះស្ត្រីអស់រដូវដោយការវះកាត់ទាំងស្រុងទៅលើសរីរាង្គស្បូន

កាល់ស្យូមកាបូណាត
កាល់ស្យូម មានមុខងារសំខាន់ៗជាច្រើននៅក្នុងរាងកាយ។ ការបរិភោគបានត្រឹមត្រូវនូវកាល់ស្យូមគឺពិតជាចាំបាច់នៅដំណាក់កាលនីមួយៗនៃជីវិតដើម្បីអាចការពារការរសាត់ឆ្អឹងនៅក្នុងវ័យចំណាស់បាន។ ទោះយ៉ាងណា បរិមាណកាល់ស្យូមដែលត្រូវបានស្រូបចូលរាងកាយ ក៏អាចរងឥទ្ធិពលពីការថយចុះនៃសមត្ថភាពស្រូបរបស់ពោះវៀនដោយសារអាយុ និងកត្តាអាហារផ្សេងទៀតផងដែរ។ ហេតុនេះ អាហារបំប៉នដែលមានផ្ទុកជាតិកាល់ស្យូមតែងតែត្រូវបានប្រើប្រាស់ក្នុងរយៈពេលរាប់សិបឆ្នាំដើម្បីការពារការបាត់បង់កាល់ស្យូម និងរក្សាកម្រិតឆ្អឹង ក៏ដូចជាការពាររនិងព្យាបាលបញ្ហាពុកឆ្អឹង។ កម្រិតប្រើប្រាស់ចំពោះស្ត្រីក្រោយអស់រដូវភាគច្រើនគឺ ១២០០ មីលីក្រាមក្នុងមួយថ្ងៃ។ការពិសាកាល់ស្យូមជារៀងរាល់ថ្ងៃក៏ត្រូវបានដឹងផងដែរថាអាចជួយបង្កើនអានុភាពនៃការហាត់ប្រាណលើដង់ស៊ីតេឆ្អឹង។ ក្រៅពីនោះ កាល់ស្យូមក៏មានអត្ថប្រយោជន៍ចំពោះជំងឺលើសសម្ពាធឈាម មហារីកពោះវៀនធំ ជំងឺលើសទម្ងន់ និងក្រួសក្នុងតម្រងនោមផងដែរ។ ទាក់ទងនឹងជំងឺលើសទម្ងន់ និងកម្រិតកាល់ស្យូមត្រូវបានការសិក្សាបង្ហាញឡើងថា ការស្រកទម្ងន់អាចកើតមានឡើងយ៉ាងគួរឲ្យកត់សម្គាល់ចំពោះស្ត្រីអស់រដូវដែលប្រើប្រាស់កាល់ស្យូមក្នុងកម្រិតសមស្រប។ការអស់រដូវនឹងកើតមានឡើងដោយមិនអាចចៀសផុតចំពោះស្ត្រីឈានដល់វ័យចំណាស់ក៏ប៉ុន្តែប្រសិនបើស្ត្រីអាចទទួលបានព័ត៌មានទាំងនេះនិងត្រៀមខ្លួនជាមុនក្នុងរយៈពេលសមស្រប នោះពួកគេក៏អាចគ្រប់គ្រងបាន និងទទួលយកនូវបន្លាស់ប្តូរនៅក្នុងដំណាក់កាលថ្មីនៃជីវិតនេះផងដែរ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


 


មតិយោបល់