គួរផ្អាកការងារនៅពេលណា ទើបល្អចំពោះគភ៌?

សំណួរ ៖ នាងខ្ញុំ រស់នៅចោមចៅ។ នាងខ្ញុំសូមជម្រាបសួរអ្នកគ្រូពេទ្យថា ចំពោះស្រ្តីមានផ្ទៃពោះ តើអាចបន្តធ្វើការរហូតដល់ពេលណា? ការងារកម្រិតស្រាល ឬធ្ងន់?

ចម្លើយ ៖ ចំពោះស្រ្តីមានផ្ទៃពោះគឺទាក់ទងនឹងការងារជាប្រចាំរបស់គាត់។ យើងត្រូវដឹងថាតើការងារប្រចាំថ្ងៃរបស់គាត់មានអ្វីខ្លះ? ប្រសិនបើការងារប្រចាំថ្ងៃរបស់គាត់ស្ថិតក្នុងលក្ខខណ្ឌធម្មតានោះ គាត់អាចធ្វើបានរហូតទៅដល់កន្លះខែ ឬមួយខែមុនពេលសម្រាល។ បើនៅប្រទេសគេ គេអនុញ្ញាតឲ្យសម្រាកប្រាំមួយសប្តាហ៍មុនសម្រាល និងដប់សប្តាហ៍ក្រោយពេលសម្រាល ដែលសរុបទាំងអស់ គឺដប់ប្រាំមួយសប្តាហ៍។ ប៉ុន្តែតាមច្បាប់នៅក្នុងប្រទេសយើងវិញ ការសម្រាកមាតុភាពគឺមានរយៈពេលតែបីខែប៉ុណ្ណោះ ដោយគិតទាំងមុន និងក្រោយពេលសម្រាល។ ដូច្នេះយើងអាចលៃលកពេលវេលាសម្រាករបស់យើងតាមការគួររៀងៗខ្លួន ប៉ុន្តែគាត់ត្រូវសម្រាកយ៉ាងតិចបំផុតក៏មួយសប្តាហ៍មុនពេលសម្រាលដែរ។ 

យើងក៏ត្រូវដឹងដែរថា ក្នុងករណីដែលលក្ខខណ្ឌការងារមិនល្អ វាអាចធ្វើឲ្យទារកក្នុងផ្ទៃកើតមិនគ្រប់ខែបាន (ដូចជាធ្វើការធ្ងន់ហួសកម្លាំង ធ្វើដំណើរយូរផ្លូវឆ្ងាយ និងហត់ខ្លាំង) ឧទាហរណ៍ដូចជា ឈរធ្វើការយូរពេកលើសពី ៤ម៉ោងក្នុងមួយថ្ងៃ ទម្រង់នៃការធ្វើការងារពិបាកដោយដៃនៅក្នុងលំហ ឬលុតជង្គង់យូរ ធ្វើការជាចង្វាក់ជាមួយម៉ាស៊ីន ធ្វើការជាមួយម៉ាស៊ីនដោយប្រើកម្លាំង និងនៅកន្លែងដែលមានរំញ័រខ្លាំង ការលើកទម្ងន់ធ្ងន់ហួសពី ១០គីឡូក្រាម ចប់ការងារមួយចូលការងារមួយទៀតភ្លាមដោយមិនបានសម្រាក។ និយាយរួមគ្រប់ការងារដែលពិបាក ហត់ហួសកម្លាំង ឬក៏ធ្វើដំណើរយូរសុទ្ធតែប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ។ ចំណុចមួយទៀតគឺទាក់ទងនឹងបរិស្ថានជុំវិញកន្លែងធ្វើការ ដូចជាសម្លេងខ្លាំងជាប់រហូត សីតុណ្ហភាពត្រជាក់ អាកាសធាតុស្ងួត ឬសើមខុសពីធម្មតា អាកាសធាតុអាប់អួរ និងមានជាតិពុល។ ដូច្នេះពេលមានផ្ទៃពោះ បើជួបប្រទះនឹងការងារដូចបានរៀបរាប់ខាងលើ គប្បីសុំផ្លាស់ប្តូរការងារទៅកន្លែងផ្សេងដែលមិនប៉ះពាល់ដើម្បីចៀសវាងផលមិនល្អដល់គភ៌។ ដោយឡែកបើសិនសុខភាពម្តាយ ឬទារកក្នុងផ្ទៃមិនល្អនោះ ទោះបីជាលក្ខខណ្ឌការងារប្រសើរយ៉ាងណាក៏នៅតែអាចមានបញ្ហាកើតឡើងចំពោះគាត់ដែរ។ 

ដូច្នេះ ស្រ្តីមានផ្ទៃពោះគួរតែមកជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាពម្តាយ និងទារកឲ្យបានទៀងទាត់។ ក្នុងករណីដែលគ្រូពេទ្យរកឃើញថាមានបញ្ហាដែលទាក់ទងទៅនឹងសុខភាពមាតា ឬទារកនោះគ្រូពេទ្យនឹងអនុញ្ញាតច្បាប់ទៅតាមភាពជាក់ស្តែង។ 

បកស្រាយដោយ ៖ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់