កាដូជូនកូនអ្នកមិនចាំបាច់តែជារបស់លេងនោះទេ

វាអាចជាការលំបាកមួយសម្រាប់មាតាបិតា ជាពិសេសសម្រាប់ថ្ងៃសំខាន់ៗរបស់កូន ឬក្រោយពេលដែលកូនសម្រេចបាននូវសមិទ្ធផលអ្វីមួយ អ្នកប្រហែលជាត្រូវគិត និងពិចារណាថាតើគួរផ្តល់ជាកាដូប្រភេទណាដល់កូនជាទីស្រឡាញ់ប្រាកដណាស់ ការផ្តល់កាដូ ឬអំណោយជារឿងល្អ និងអាចទុកជាអនុស្សាវរីយ៍សម្រាប់ពួកគេហើយក៏មិនប្រាកដថាចាំបាច់ត្រូវតែជារបស់លេងនោះដែរ។ដើម្បីជាការកាត់បន្ថយនូវចំនួនរបស់លេងរាយប៉ាយច្រើននៅក្នុងផ្ទះ លោកអ្នកក៏អាចផ្លាស់ប្តូរទៅជាការជូននូវអ្វីផ្សេងដែលអាចផ្តល់នូវគុណតម្លៃតាំងពីពេលជូនរហូតដល់ពួកគេធំពេញវ័យ…

1. ថ្នាក់រៀនបន្ថែម ៖ 
មិនដឹងថាមានក្មេងប៉ុន្មាននាក់ដែលពេញចិត្តនឹងកាដូនេះ តែគិតថាយ៉ាងហោចណាស់ ក៏មានខ្លះដែរ។ អ្នកអាចផ្តល់ការរៀនបន្ថែមលើការសិក្សានៅសាលារៀនដូចជា ថ្នាក់រៀនរាំ តន្ត្រី គំនូរជាដើម តែត្រូវប្រាកដថាជំនាញបន្ថែមនោះ ត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីលើកទឹកចិត្តកូនៗក្នុងការទាញយកប្រយោជន៍ពីការសិក្សាថ្នាក់បន្ថែមនេះ និងជាទង្វើបង្ហាញឲ្យពួកគេអាចដឹងថា អ្នកមានការយកចិត្តទុកដាក់ចំពោះការចូលចិត្តរបស់ពួកគេ។

2. ដំណើរកម្សាន្ត ៖ 
ភាពសប្បាយរីករាយនៅខាងក្រៅផ្ទះក៏ជាអំណោយមួយដ៏ល្អប្រសើរផងដែរ។ការទៅលេងទីកន្លែងកម្សាន្តផ្សេងៗដូចជា សួនសត្វ សារមន្ទីរវិទ្យាសាស្ត្រ  សួនកុមារ ជាដើម នឹងជួយផ្លាស់ប្តូរនូវអារម្មណ៍របស់ពួកគេ ដែលអាចបន្លប់ និងកាត់បន្ថយសម្ពាធពីការសិក្សា ហើយអ្នកក៏អាចបង្កើនភាពជិតស្និទ្ធក្នុងទំនាក់ទំនងជាមួយនឹងពួកគេទៀតផង។

3. ព្រឹតិ្តការណ៍ផ្សេងៗ ៖ 
ព្រឹត្តិការណ៍នៅក្នុងសង្គមបច្ចុប្បន្នអាចផ្លាស់ប្តូរជីវិតស្មុគស្មាញពួកគេឲ្យក្លាយទៅជាស្រស់ស្រាយ និងបន្ថែមនូវការយល់ដឹងអំពីពិភពខាងក្រៅ ក្នុងនោះរួមមានដូចជាការទស្សនាភាពយន្ត ការប្រគុំតន្រ្តី ការប្រកួតកីឡា ការតាំងពិព័រណ៍។ល។

4. សកម្មភាពកម្សាន្ត ៖ 
លោកអ្នកក៏អាចចំណាយពេលខ្លះចូលរួមលេងសកម្មភាពកម្សាន្តផ្សេងៗដូចជាការលេងកីឡាបាល់ទាត់ ការជិះកង់ ការរៀបចំសួនច្បារ ការមើលថែទាំសត្វចិញ្ចឹម សុទ្ធតែជាសកម្មភាពបង្កឲ្យមានភាពសប្បាយរីករាយក្នុងគ្រួសារ និងភាពរួបរួមគ្នា។ ក្មេងៗចូលចិត្តចំណាយពេលវេលាជាមួយមនុស្សពេញវ័យ ហើយពួកគេក៏ចង់ឃើញថា អ្នកអាចចំណាយពេលវេលាផ្ទាល់ខ្លួនសម្រាប់ពួកគេ និងមានការយកចិត្តទុកដាក់លើពួកគេ។

5. ការចម្អិនអាហារ៖ 
ក្មេងៗខ្លះចូលចិត្តចម្អិនអាហារជាមួយក្រុមគ្រួសារ។ ការញ៉ាំអាហាររួមតុជាមួយពួកគេ  ឬការចម្អិនអាហាររួមគ្នា គឺជាពេលវេលាដ៏ល្អបំផុតនៃការរឹតចំណងមេត្រីភាព ហើយស្របពេលជាមួយគ្នា ក៏អាចរៀនអំពីបំណិនជីវិតផងដែរ។ យូរៗម្តង អ្នកគួរតែត្រៀមសម្ភារៈ និងគ្រឿងផ្សំក្នុងផ្ទះបាយ ហើយកំណត់កាលវិភាគសម្រាប់ការចម្អិនអាហារជាមួយគ្នា។

6. ប្រតិទិន ឬសៀវភៅកំណត់ហេតុ៖ 
កុមារមួយចំនួនមានការចាប់អារម្មណ៍លើព្រឹត្តិការណ៍ពិសេសឬសកម្មភាពប្រចាំថ្ងៃ  (ថ្ងៃនេះជាថ្ងៃអ្វី? តើព្រឹត្តិការណ៍នេះចាប់ផ្តើមនៅពេលណា? រហូតដល់ពេលណា?) ឬមានទំនោរលើការរៀបចំផែនការផ្សេងៗទៀត។ កុមារនឹងអាចចេះតស៊ូ និងការព្យាយាមបំផុសគំនិតថ្មីៗក្នុងថ្ងៃនេះទៅអនាគតដោយមានទម្លាប់ក្នុងការគ្រប់គ្រងពេលវេលា និងមានផែនការជាប្រចាំ។ ការផ្តល់កាដូនេះ នឹងអាចឲ្យពួកគេកត់ត្រារាល់សកម្មភាព និងគម្រោងផ្ទាល់ខ្លួន ហើយវាអាចនឹងជាទម្លាប់ដ៏ល្អប្រសើរមួយដែលនឹងជាប្រយោជន៍សម្រាប់ការសិក្សា អាជីពការងារ ឬមុខជំនួញនាថ្ងៃអនាគត។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


មតិយោបល់