មុខស្អាតដោយ ស្ក្រាប់ធម្មជាតិ 

ផ្ទៃមុខស្រស់ថ្លា មានសំណើម ទន់រលោង គ្មានមុន តើអ្នកណាមិនចង់បាន? ការជម្រុះកោសិកាចាស់ៗ នៅលើស្បែកគឺជាអ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីរក្សាមុខរបស់អ្នកឲ្យស្រស់ថ្លាពេញមួយឆ្នាំ។

ជាក់ស្តែង ការដុះខាត់ស្បែកតាមបែបធម្មជាតិ ផ្តល់នូវអត្ថប្រយោជន៍ច្រើនរួមមាន៖
•កាត់បន្ថយការទ្បើងមុន
•ផ្ដល់សំណើមដល់ស្បែកមុខ
•ជម្រុះកោសិកាចាស់ បង្កើនការដុះនូវកោសិកាថ្មី
•ជួយឲ្យការប្រើប្រាស់ផលិតផលដទៃទៀតមានប្រសិទ្ធភាព
•ជួយបំផ្លាញភាពកខ្វក់ កម្អែល ជាតិខ្លាញ់ និងបាក់តេរីដែលមាននៅលើស្បែកមុខ។

អ្វីដែលល្អបំផុត គឺអ្នកអាចធ្វើការដុះខាត់ស្បែករបស់អ្នក តាមវិធីងាយៗនៅផ្ទះដោយមិនចាំបាច់ចំណាយថវិកាច្រើន។ ខាងក្រោមនេះ ជាវិធីសាមញ្ញ ងាយៗ បីយ៉ាង ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន៖

១. ស្ក្រាប់ការ៉ុត-ប្រេងដូង
ការ៉ុតមិនត្រឹមជំនួយដល់ភ្នែកនៅពេលអ្នកញ៉ាំប៉ុណ្ណោះទេ វាក៏ត្រូវបានចាត់ទុកជាអ្នកសម្លាប់មេរោគធម្មជាតិផងដែរ។ មើមការ៉ុតមានផ្ទុកនូវសារធាតុបេតាការ៉ូតែន និងដែក ដែលជួយបង្កើននូវពន្លឺរបស់ស្បែក និងផ្តល់សំណើមសម្រាប់អ្នកមានស្បែកស្ងួត។
របៀបធ្វើ
ចិតសម្បកការ៉ុត លាងឲ្យស្អាត កាត់ជាកង់ៗ ដាក់ចំហុយឲ្យឆ្អិន ហើយកិនឲ្យម៉ត់ បន្ទាប់មកលាយជាមួយប្រេងដូង១ស្លាបព្រាកាហ្វេ រួចច្របល់បញ្ចូលគ្នាឲ្យសព្វ។ លាបល្បាយនេះ ពេញផ្ទៃមុខលើកលែងរង្វង់ភ្នែក និងមាត់ ក្រោយពីអ្នកលាងសម្អាតមុខរួច ទុករយៈពេល១៥ ទៅ២០នាទី បន្ទាប់មកលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកគួរអនុវត្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។

២. ស្ក្រាប់ស្ករ-ទឹកឃ្មុំ
ទឹកឃ្មុំមានផ្ទុកនូវ១៨អាស៊ីតអាមីណេរួមជាមួយលក្ខណៈសម្លាប់មេរោគ វីតាមីន និងរ៉ែ ហើយជួយឲ្យឆាប់ជាសះស្បើយពីរបួសស្នាមផ្សេងៗនិងផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។ រីឯស្ករមានលក្ខណៈសម្បត្តិធ្វើឲ្យរលោង និងកម្ចាត់កោសិកាស្បែកចាស់ចេញ។
របៀបធ្វើ
លាយល្បាយក្នុងកូនចានស្អាតមួយ នូវស្ករ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេឲ្យសព្វចូលគ្នា។ លាងមុខឲ្យស្អាត បន្ទាប់មក ប្រើចុងម្រាមដៃលាប ហើយម៉ាស្សាថ្នមៗ៣ទៅ៥នាទីលើផ្ទៃមុខ ទុករយៈពេល ១៥ ទៅ២០នាទី។បន្ទាប់មកលាងចេញជាមួយទឹកត្រជាក់ ជូតមុខឲ្យស្ងួតជាមួយសំទ្បីជាការស្រេច។
 
៣. ស្ក្រាប់ស្ករ-ទឹកឃ្មុំ-ប្លូប៊័ររី
ដូចលោកអ្នកបានដឹងពីខាងលើរួចមកហើយថា ស្ករ និងទឹកឃ្មុំ មានផ្ទុកសារធាតុជំនួយដល់ស្បែកយ៉ាងអស្ចារ្យ បើបន្ថែមប្លូប៊័ររីមួយមុខទៀតនោះ វានឹងក្លាយជាស្ក្រាប់ពិសេស។ ដោយហេតុថា ប្លូប៊័ររីមាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយវីតាមីនCជួយឲ្យស្បែកមុខរបស់អ្នកស្រស់ស្អាតមួយកម្រិតថែមទៀត។
របៀបធ្វើ
ផ្លែប្លូប៊័ររីស្រស់ ១ទៅ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ស្ករ១ទៅ២ស្លាបព្រាកាហ្វេ លាយគ្រឿងផ្សំទាំង៣មុខនៅក្នុងកូនចានស្អាតបញ្ចូលគ្នា ហើយកូរឲ្យសព្វរហូតដល់ម៉ត់។ លាងមុខឲ្យស្អាត បន្ទាប់មកលាបថ្នមៗលើផ្ទៃមុខ ចៀសវាងលាបលើរង្វង់ភ្នែក ទុករយៈពេល ១០ ទៅ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឲ្យស្ងួត។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់