“ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី

ជំងឺមហារីកក្រពេញអូវែ ជាជំងឺកើតមានជាញឹកញាប់ក្នុងលំដាប់ទី ៨ ដែលជាមូលហេតុនៃការស្លាប់របស់ស្រ្តីក្នុងពិភពលោកក្នុងកម្រិត ៣.៧% នេះបើយោងទៅតាមប្រភព GLOBOCAN ឆ្នាំ ២០១២ ដោយឡែកចំពោះស្រ្តីនៅក្នុងប្រទេសកម្ពុជា ក៏កំពុងប្រឈមទៅនឹងជំងឺស្ថិតក្នុងលេខរៀងទី ៨ ផងដែរ ជាមួយអត្រាការស្លាប់គឺ ៣.៦%។  

អ្វីជាមហារីកក្រពេញអូវែ?
អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។ ចំពោះជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian  carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត(germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)។ 

មូលហេតុ និងកត្តាប្រឈម
សព្វថ្ងៃមូលហេតុជំងឺមហារីកក្រពេញអូវែនៅមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយ ដោយគេអាចត្រឹមធ្វើការសន្និដ្ឋានលើកត្តាប្រឈមមួយចំនួនតែប៉ុណ្ណោះ យ៉ាងណា មិញកត្តាប្រឈមនោះនៅមិនមែនជាមូលហេតុពិតប្រាកដជាក់លាក់នោះទេ។ គ្រប់ស្រ្តីទាំងអស់ តែងមានហានិភ័យប្រឈមទៅនឹងជំងឺមហារីកក្រពេញអូវែក្នុងអំឡុងពេលជីវិតរស់នៅហើយចំពោះវត្តមានកត្តាប្រឈមតិចឬច្រើនសុទ្ធតែអាចបង្កើនឱកាសក្នុងការកកើតជាជំងឺ ប៉ុន្តែមិនមែនមានន័យថាជំងឺត្រូវតែកើតមានឡើងនោះទេ ដែលជាហេតុស្រ្តីគ្រប់រូបគួរធ្វើការកត់សម្គាល់ពីរោគសញ្ញាឲ្យបានឆាប់រហ័ស និងឲ្យបានទាន់ពេលវេលា។
•ចំពោះជំងឺមហារីកប្រភេទ Epithelial  តែងកើតលើស្រ្តីក្នុងវ័យចំណាស់ក្នុងអត្រាប្រហែល៥០% នៅអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ប៉ុន្តែស្រ្តីក្នុងវ័យក្មេងក៏អាចរងប៉ះពាល់បានដែរ។
•ចំពោះដុំមហារីកបង្កពីស៊ុត (Germ cell tumors) តែងកើតមានជាញឹកញាប់លើស្រ្តីក្នុងវ័យក្មេង។

កត្តាប្រឈមដែលអាចគ្រប់គ្រងបាន
1. ការមានផ្ទៃពោះយឺត
2. ចំនួនកូនដែលស្ត្រីបានផ្តល់កំណើត។
ចំពោះស្រ្តីដែលមិនធ្លាប់ធ្វើការសម្រាលកូនអាចប្រឈមទៅនឹងការកើតជំងឺមហារីកក្រពេញអូវែខ្ពស់ជាង ២ដងបើប្រៀបធៀបទៅនឹងស្រ្តីដែលធ្លាប់ផ្តល់កំណើត។

កត្តាប្រឈមដែលមិនអាចគ្រប់គ្រងបាន
1. កត្តាហ្សែន៖ ប្រវត្តិគ្រួសារដែលមានជំងឺមហារីកក្រពេញអូវែ ឬមហារីកសុដន់ ដោយអ្នកជំងឺ ១០% ត្រូវបានរកឃើញមានវត្តមានការប្រែប្រួលហ្សែនពីកំណើតដែលជាដើមចមនៃជំងឺមហារីកក្រពេញអូវែ។
2. មានប្រវត្តិផ្ទាល់ខ្លួនចំពោះជំងឺមហារីកសុដន់ក្រពេញអូវែ ស្បូន ឬមហារីកពោះវៀនធំ
3. វ័យចំណាស់
4. ការចាប់ផ្តើមវដ្តរដូវក្នុងវ័យក្មេងពេក
5. វ័យក្រោយអស់រដូវយឺត
6. មិនអាចបង្កកំណើតបាន
7. កោសិកាស្បូនដុះមិនធម្មតា (Endometriosis)
8. ជាតិសាសន៍៖ ស្រ្តីស្បែកសមានហានិភ័យខ្ពស់ប្រឈមទៅនឹងជំងឺក្នុងកម្រិត ៣០% ទៅ៤០% ច្រើនជាងស្រ្តីដែលមានស្បែកខ្មៅ។

ដំណាក់កាលនៃជំងឺ
ជំងឺមហារីកក្រពេញអូវែត្រូវបានចែកចេញជា ៤ដំណាក់កាល៖
•ដំណាក់កាលទី I៖ មហារីក ស្ថិតក្នុងសភាពមានកម្រិតលើក្រពេញអូវែម្ខាង ឬសងខាង
•ដំណាក់កាលទី II៖ មហារីកបានរាលដាលចេញក្រៅក្រពេញអូវែ និងលូតលាស់ទៅកាន់អាងត្រគាក
•ដំណាក់កាលទី III៖ មហារីកបានរាលដាលចេញពីអាងត្រគាក និងអាចស្តែងចេញនៅក្នុងប្រព័ន្ធទឹករងៃផ្នែកខាងលើនៃពោះ
•ដំណាក់កាលទី IV៖ មហារីកបានរាលដាលដល់សរីរាង្គដែលនៅឆ្ងាយ ដូចជានៅក្នុងថ្លើម និងសួត។

រោគសញ្ញានៃជំងឺ
ជំងឺមហារីកក្រពេញអូវែក្នុងកម្រិតដំបូង កម្រនឹងស្តែងចេញជារោគសញ្ញា ដែលរោគសញ្ញាទាំងនោះតែងកើតឡើងនៅពេលជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ រោគសញ្ញា និងសញ្ញាណនៃជំងឺមហារីកក្រពេញអូវែ   អាចបង្កភាពភ័ន្តច្រឡំទៅនឹងបម្រែបម្រួលនៃរាងកាយ (ការប្រែប្រួល ដោយសារវ័យចំណាស់ របបអាហារ ឥទ្ធិពលនៃវ័យក្រោយអស់រដូវ ។ល។) ដែលធ្វើឲ្យការពិនិត្យនៅដំណាក់កាលដំបូងអាចនឹងមានភាពពិបាក។
រោគសញ្ញានៃជំងឺមហារីកក្រពេញអូវែរួមមាន៖
1. សម្ពាធនៅពោះ ហើម ឬតឹងពោះ
2. ឈឺចាប់នៅតំបន់អាងត្រគាក
3. ពិបាករំលាយអាហារជាប្រចាំ បញ្ហាក្រពះ មានខ្យល់ ឬចង្អោរ
4. ប្រែប្រួលការបន្ទោរបង់ (ទល់លាមក)
5. បត់ជើងតូចញឹកញាប់
6. មិនសូវឃ្លាន ឬឆាប់ឆ្អែត
7. ស្រកទម្ងន់
8. វដ្តរដូវប្រែប្រួល
9. ឈឺខ្នង
10. ចុះខ្សោយ។

ក្នុងករណីរោគសញ្ញាដែលមិនអាចពន្យល់បានកើតមានសឹងតែរៀងរាល់ថ្ងៃអស់រយៈពេល ២ទៅ ៣សប្តាហ៍ វាអាចជាប់ពាក់ព័ន្ធទៅនឹងមូលហេតុដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញឲ្យបានទាន់ពេលវេលា។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់