យុទ្ធនាការពិនិត្យសុខភាពភ្នែកដល់និស្សិត និងបុគ្គលិកសិក្សានៅUP ដោយHealthogo និងមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ Healthogo សហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ផ្តល់ជូននូវសេវាដ៏ពិសេសសម្រាប់ជូនសិស្សនិសិ្សតព្រមទាំងបុគ្គលិកសិក្សានៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) ក្រោមការឧបត្ថម្ភពីផលិតផលSunlife ដោយមានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ។ នេះបានសរបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកនៃអ្នកចូលរួម ក៏ដូចជាការរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពភ្នែកដល់ប្រជាជាតិយើង ជាពិសេសគឺសិស្សនិស្សិតផ្ទាល់តែម្តង។ 
    
ក្នុងចំណោមអ្នកដែលបានចូលរួមទាំងអស់ យើងក៏ធ្វើសាកសួរអំពីចំណាប់អារម្មណ៍របស់អ្នកចូលរួមចំនួន៣រូប។ Sing Sereybot ជានិស្សិតឆ្នាំទី៦ ផ្នែកវេជ្ជសាស្រ្ត បានបញ្ចេញនូវមតិយោបល់ថា «ខ្ញុំពេញចិត្តនឹងការផ្តល់ជូននូវការវាស់ និងពិនិត្យសុខភាពផ្នែកនេះណាស់ ហើយវាពិតជាល្អប្រសើរណាស់សម្រាប់ខ្លួនខ្ញុំផ្ទាល់ រួមទាំងនិស្សិត  ព្រមទាំងបុគ្គលិកសិក្សាដទៃទៀត»។ រីឯ Sea Vanda ដែលជានិស្សិតឆ្នាំទី៣ ផ្នែកវេជ្ជសាស្រ្ត ក៏បានឲ្យដឹងផងដែរថា «ខ្ញុំក៏មានការពេញចិត្ត និងអំណរគុណសម្រាប់ការផ្តល់ជូននូវសេវាដ៏ល្អ និងមានគុណប្រយោជន៍មួយនេះផងដែរ ហើយក៏សំណូមពរឲ្យមានការរៀបចំបែបនេះនៅលើកក្រោយទៀតផងដែរ»។ ជាចុងក្រោយ Voeum Sovath និស្សិតផ្នែកឱសថសាស្រ្ត ឆ្នាំទី១ ក៏មានមតិយោបល់ស្រដៀងគ្នាដែរថា ខ្លួនពិតជាពេញចិត្តនូវរាល់គ្រប់សកម្មភាពទាំងអស់ ហើយជាពិសេសនោះ គឺសេវាផ្តល់ជូនរបស់វេជ្ជបណ្ឌិតឯកទេស ក៏ដូចជាគ្លីនិកផ្ទាល់ គឺពិតជាល្អ និងគួរជាទីគាប់ចិត្តខ្លាំងណាស់។
    
គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែមផងដែរ។ ចំណែកនៅឯសាលាតិចណូ (ITC) Healthogo ក៏បានធ្វើការសហការជាមួយនឹង គ្លីនិកឯកទេស អេគីប ក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay កាលពីដើមខែធ្នូផងដែរ។ 

ក្រៅពីនេះផងដែរ ជារៀងរាល់ខែ Healthogo ក៏មាននូវយុទ្ធនាការពិនិត្យសុខភាពផ្នែកផ្សេងៗដោយឥតគិតថ្លៃជូនដល់សិស្សនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការវាស់ និងពិនិត្យភ្នែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីសប្បុរសធម៌ ក្រោមកិច្ចសហការជាមួយនឹងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ការពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយសហការជាមួយនឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ការពិគ្រោះ និងពិនិត្យស្បែកមុខសហការជាមួយនឹងគ្លីនិកស្បែកប៊ីស៊ីនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា។

Healthogo ក៏សូមសន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង តាមរយៈយុទ្ធនាការនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។

សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់