ភាពតានតឹង៖ មូលហេតុនៃការជក់បារីដែលចាំបាច់ត្រូវដោះស្រាយ

អ្នកជក់បារីជាច្រើនលើកឡើងថា គាត់ជក់បារីដោយសារតែមានភាពតានតឹងជាងអ្នកដែលមិនជក់បារី។ ជាក់ស្តែង មនុស្សជាច្រើនបានជ្រើសរើសការជក់បារីដើម្បីបន្ធូរអារម្មណ៍ រៀងរាល់ពេលមានបញ្ហាណាមួយ រហូតដល់ការជក់ក្លាយទៅជាទម្លាប់ដែលពិបាកនឹងបញ្ឈប់។ដូចនេះ ដើម្បីអាចជំរុញឲ្យការឈប់ជក់បារីប្រព្រឹត្តិទៅបាន អ្នកមិនត្រូវមើលរំលងអំពីការស្វែងយល់លើមូលហេតុពិតប្រាកដនៃភាពតានតឹងនោះទេ ព្រោះក្រោយពេលដឹងច្បាស់ពីមូលហេតុនៃភាពតានតឹង អ្នកក៏នឹងអាចដោះស្រាយវាបានដោយមិនចាំបាច់យកបារីជាលេសក្នុងការបន្ធូរអារម្មណ៍ទៀតដែរ។ 

ខាងក្រោមនេះ ជាមូលហេតុដែលជាទូទៅធ្វើឲ្យមនុស្សមានអារម្មណ៍តានតឹង។អ្នកក៏អាចសាកល្បងគិតឡើងវិញ ថាតើភាពតានតឹងរបស់អ្នកបណ្តាលមកពីមូលហេតុមួយណាផងដែរ។

១ បញ្ហាទំនាក់ទំនង
• ការទាស់ទែងក្នុងគ្រួសារ ឬអ្នកធ្វើការជាមួយគ្នា
• ទុក្ខព្រួយក្នុងគ្រួសារ។

២ បញ្ហាផ្ទាល់ខ្លួន
• មានបញ្ហាសុខភាពមិនល្អ
• មានបញ្ហាលុយកាក់
• បាត់បង់មោទនភាព
• ទុក្ខព្រួយក្នុងគ្រួសារ (សមាជិកក្នុងគ្រួសារមានគ្រោះថ្នាក់ ឬស្លាប់)។

៣ បញ្ហាការងារ
• តម្រូវការការងារខ្ពស់ពេក
• មិនអាចត្រួតត្រាលើការងារបាន
• លក្ខខណ្ឌការងារមិនល្អ
• ធុញថប់នឹងការងារ។

៤ ការផ្លាស់ប្តូរ
• មានការផ្លាស់ប្តូរអាជីព ផ្ទះ សាលារៀន
• ពេលចូលនិវត្តន៍
• ការឈ្លោះប្រកែកគ្នាជាប្រចាំ។

៥ បរិយាកាសជុំវិញ
• ធាតុអាកាសមិនល្អ
• មានការរំខានផ្សេងៗពីការរស់នៅ។


ក្រោយពីស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យអ្នកស្អិតទ្រូងហើយនោះ ដល់ពេលដែលអ្នកចាប់ផ្តើមស្វែងរកវិធីសាស្ត្រស្រាយចំណងតានតឹងរបស់អ្នកហើយ។ ខាងក្រោមនេះ ជាវិធីសាស្រ្តដែលអ្នកអាចជ្រើសរើសទៅសាកល្បងបាន៖
1. យល់ដឹងអំពីភាពតានតឹង៖ មូលហេតុ ស្ថានភាព
2. បង្កើនចំណងទំនាក់ទំនង៖ បង្កើត និងពង្រឹងទំនាក់ទំនងក្នុងគ្រួសារឲ្យបានរឹងមាំ
3. ចែករំលែកភាពសប្បាយ និងទុក្ខព្រួយជាមួយមិត្តភក្តិជិតស្និទ្ធ និងនឹកគិតរឿងសប្បាយៗក្នុងជីវិតឲ្យបានច្រើនៗ
4. រៀនបន្ធូរបន្ថយអារម្មណ៍ដោយ  ដកដង្ហើមវែងៗងូតទឹកក្តៅឧណ្ហៗ និងធ្វើសរសៃដងខ្លួន កម្សាន្តជាមួយបទភ្លេង និងបទចម្រៀង សប្បាយនឹងភាពស្ងប់ស្ងាត់នៃធម្មជាតិ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់