ធ្វើរឿងទាំងនេះ ដើម្បីទិញផលិតផលថែរក្សាសម្រស់ដូចអ្នកជំនាញ

(3)
390
ដោយ : Clinic Community

មិត្តៗនារីភាគច្រើនប្រាកដជាមានភាពរីករាយ នៅរាល់ពេលដើរទិញផលិតផលថែរក្សាសម្រស់ ដើម្បីបង្កើនភាពស្រស់ស្អាត និងជំនឿចិត្តដល់ខ្លួនឯង ហើយអ្នកខ្លះក៏បានចាត់ទុកការដើរshoppingផលិតផលទាំងនោះ ជាឋានសួគ៌របស់សុភាពនារីទាំងឡាយទៀតផង។ ស្របពេលដែលមានភាពសម្បូរបែប និងទាន់សម័យនិយម ផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងក៏មានច្រើនម៉ាក   ច្រើនប្រភេទ និងច្រើនជម្រើសសម្រាប់ឲ្យអ្នកស្រឡាញ់សម្ផស្ស និងភាពស្រស់ស្អាត ធ្វើការជ្រើសរើស ក៏ដូចជាសាកល្បងប្រើប្រាស់។ ជាទូទៅ ប្រហែលជាមានអ្នកខ្លះមានការលំបាកក្នុងការជ្រើសរើសផលិតផលដោយហេតុថាមានជម្រើសច្រើន ដែលមានលក្ខណៈសម្បត្តិខុសៗពីគ្នា ហេតុនេះហើយ ទើបយើងខ្ញុំសូមនាំមកជូននូវគន្លឹះខាងក្រោមនេះដែលនឹងជួយសម្រួលដល់ដំណើរការទិញរបស់អ្នក…

ស្វែងយល់តាមរយៈបុគ្គលិកផ្នែកលក់
បុគ្គលិកផ្នែកលក់ភាគច្រើនបានឆ្លងកាត់ការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញច្រើនអំពីផលិតផលដែលខ្លួនត្រូវលក់ជូនដល់អតិថិជន ហើយពួកគាត់តែងតែរង់ចាំស្វាគមន៍ ប្រឹក្សា និងផ្តល់យោបល់ដល់លោកអ្នកជានិច្ច។ ដោយសារតែពួកគាត់ជាអ្នកជំនាញលើផលិតផលទាំងនោះស្រាប់លោកអ្នកគួរតែធ្វើការសាកសួរពួកគាត់ ដើម្បី
ធ្វើការស្រាយនូវចម្ងល់ ក៏ដូចជាសំណួរទាំងឡាយដែលមានក្នុងចិត្តអំពីប្រភេទ ពណ៌ ឬគុណប្រយោជន៍នៃផលិតផលដែលស័ក្តិសមបំផុតសម្រាប់អ្នក។

នាំមិត្តភក្តិទៅជាមួយ
ការដែលមានគ្នាទៅជាមួយនឹងជួយដល់អ្នកក្នុងការសម្រេចចិត្ត ប៉ុន្តែក៏ត្រូវប្រាកដផងដែរថា គេជាមនុស្សស្មោះត្រង់ និងមានចំណូលចិត្តក្នុងការប្រើប្រាស់គ្រឿងសម្អាងដូចជាអ្នកដែរ ទើបលទ្ធផលមិនសូវប្រឈមនឹងការខកចិត្ត។ ថ្វីត្បិតថា នៅកន្លែងលក់តែងតែមានបុគ្គលិកផ្នែកលក់ជាអ្នកប្រឹក្សាដូចដែលបានលើកឡើងខាងលើក៏ពិតមែន តែពួកគេមិនប្រាកដថាដឹងច្បាស់អំពីទម្លាប់ ចំណូលចិត្ត និងជាពិសេសលទ្ធភាពក្នុងការចំណាយរបស់អ្នកឡើយ។ មានមិត្តភក្តិនៅក្បែរ អ្នកអាចនឹងបានផលិតផលដែលស័ក្តិសមនឹងអ្នក ទាំងការប្រើប្រាស់ និងធនធាន។

ប្រើប្រាស់ស្មាតហ្វូន
សម្រាប់ផលិតផលថ្មីដែលអ្នកមិនធ្លាប់ស្គាល់ ឬប្រើប្រាស់ពីមុនមក អ្នកអាចធ្វើការស្វែងរក «ការបញ្ចេញមតិយោបល់» នៅលើអ៊ីនធើណែត ដើម្បីឲ្យអ្នកអាចដឹងយ៉ាងរហ័សថាតើអ្នកធ្លាប់ប្រើប្រាស់កន្លងមកនិយាយបែបណាខ្លះអំពីផលិតផលទាំងនោះ? ស្របពេលជាមួយគ្នា អ្នកក៏អាចស្វែងរកផលិតផលនោះនៅហាងផ្សេងទៀត ក្រែងលោមានផលិតផលដូចគ្នាដាក់លក់នៅទីណាផ្សេងដែលមានតម្លៃទាបជាងនេះ ប៉ុន្តែសូមកុំភ្លេចថាការដែលបានឃើញ និងសាកផលិតផលដោយផ្ទាល់ ទើបអាចឲ្យអ្នកមានទំនុកចិត្តជាងការដែលគ្រាន់តែឃើញតម្លៃទាបមួយមុខនៅហាងផ្សេង។

យល់ដឹងពីសមាសធាតុដែលស្បែកអ្នកត្រូវការ
ជាពិសេស គឺផលិតផលថែរក្សាស្បែក ដែលអ្នកគួរយល់ដឹងអំពីសមាសធាតុដែលស្បែករបស់អ្នកត្រូវការ។ អ្នកគួរតែធ្វើការសាកសួរ និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ហើយធ្វើការកត់ចំណំាទុក ដើម្បីពិនិត្យមើលលើសមាសធាតុផ្សំដែលមាននៅក្នុងផលិតផលដែលអ្នកកំពុងជ្រើសរើស ឬអត់។

ចុះឈ្មោះជាអតិថិជនសមាជិក
ផលិតផលភាគច្រើនតែងតែមានកម្មវិធីពិសេសសម្រាប់អតិថិជនប្រចាំរបស់ខ្លួន ជាពិសេសគឺកម្មវិធីទិញសន្សំពិន្ទុ។ បើសិនជាអ្នកតែងតែទិញផលិតផលណាមួយ ឬនៅកន្លែងណាមួយជាប្រចាំនោះ កុំភ្លេចចុះឈ្មោះជាសមាជិករបស់ពួកគេ ដើម្បីទទួលបានការផ្តល់ជូនពិសេស រួមមានការបញ្ចុះតម្លៃផលិតផល ការផ្តល់ជូនបន្ថែម ការផ្តល់កាដូពិសេស ឬការផ្តល់ជូននូវផលិតផលសម្រាប់សាក(sample)សម្រាប់ប្រើប្រាស់ជាដើម។

ស្នើសុំផលិតផលសម្រាប់សាក
ការធ្វើបែបនេះនឹងធានានូវសុវត្ថិភាពសម្រាប់អ្នកដែលអាចឲ្យអ្នកដឹងជាមុនទេថាតើអ្នកអាចនឹងមានប្រតិកម្ម ឬអាល្លែកហ្ស៊ីនឹងផលិតផលនោះឬអត់ ក៏ដូចជាបានដឹងខ្លះៗថាតើ វាមានប្រសិទ្ធភាពដែរឬទេ? មុននឹងធ្វើការចំណាយប្រាក់ទៅលើវា ដែលអាចឲ្យចៀសវាងនូវការខាតបង់ទាំងប្រាក់កាស និងសុខភាពស្បែករបស់អ្នក។

ទៅទិញដោយមុខទទេ (មិនចាំបាច់ផាត់មុខ)
ក្នុងករណីអ្នកត្រូវការគ្រឿងតុបតែងមុខជាលក្ខណៈឈុត ឬច្រើន ដើម្បីកុំឲ្យពិបាកក្នុងការលាងសម្អាត ឬតុបតែងបន្ថែមពីលើគ្រឿងសម្អាងដែលអ្នកតុបតែងស្រាប់ អ្នកគួរតែទៅទីនោះដោយមុខទទេ ដើម្បីមានឱកាសក្នុងការសាកល្បងនូវផលិតផលដែលអ្នកកំពុងត្រូវការផ្ទាល់តែម្តង ហើយអ្នកក៏អាចមើលដឹងភ្លាមៗថាតើវានឹងបង្ហាញចេញបែបណាដែរនៅលើមុខរបស់អ្នក។ យ៉ាងណាមិញ កុំភ្លេចប្រើប្រាស់ជក់ ឬប៉ុងផ្សេងពីគេ ដើម្បីបង្ការនូវការឆ្លងបាក់តេរី ឬបញ្ហាស្បែកផ្សេងៗ។

មានជំហរក្នុងចិត្តច្បាស់លាស់ថាខ្លួនឯង ត្រូវការអ្វីខ្លះ?
មានផលិតផលខ្លះក៏អាចរកទិញបាននៅកន្លែងផ្សេង និងពេលក្រោយដែរ សូមកុំភ្លេចខ្លួន ដោយសារតែការឃើញមានច្រើននៅទីនោះស្រាប់ ហើយក៏ត្រូវចំណាយច្រើនទៅលើផលិតផលដែលមិនចាំបាច់។ វានឹងជាការប្រសើរ ប្រសិនបើអ្នកដឹងច្បាស់ក្នុងចិត្តថា តើអ្នកត្រូវការអ្វីខ្លះជាចាំបាច់ក្នុងពេលនេះ? ត្រូវប្រើប្រាស់អ្វីខ្លះជាប្រចាំ?

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Phoumarak Viyuk
This is so useful...thanks
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧