វិធីសាស្រ្តធំ ៤យ៉ាងក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកក្រពេញអូវែ

ជំងឺមហារីកក្រពេញអូវែ អាចនឹងត្រូវរកឃើញអំឡុងពេលទទួលបានការពិនិត្យសុខភាពជាប្រចាំ ដែលលទ្ធផលនៃការពិនិត្យបានបង្ហាញពីដុំសាច់នៅតំបន់ត្រគាក ឬគេអាចធ្វើការសន្និដ្ឋានតាមរយៈរោគសញ្ញាគួរឲ្យកត់សម្គាល់មួយចំនួនដែលបានបកស្រាយរួចមកហើយនៅក្នុងអត្ថបទ«“ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី» ។ ចំណែកការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យជំងឺមហារីកក្រពេញអូវែអាចធ្វើឡើងតាមរយៈវិធីសាស្រ្តពិនិត្យដូចខាងក្រោម៖

1.    ការពិនិត្យគ្លីនិក (Clinical examination)
a ការពិនិត្យបែបគ្លីនិកនៅតំបន់ត្រគាក (អនុវត្តដោយវេជ្ជបណ្ឌិតផ្នែករោគស្រ្តី) ៖ ជាផ្នែកមួយនៃការធ្វើរោគវិនិច្ឆ័យផ្នែករោគស្រ្តី ដោយគ្រូពេទ្យនឹងធ្វើការពិនិត្យនៅតំបន់អាងត្រគាក ដើម្បីស្វែងរកពីវត្តមាននៃដុំសាច់ (Mass) ក៏ដូចជាហានិភ័យដែលវាអាចធ្វើការភ្ជាប់ខ្លួនទៅនឹងកោសិកាដែលនៅជុំវិញ។ អំឡុងពេលនៃការពិនិត្យ អ្នកជំនាញនឹងធ្វើការប៉ះផ្ទាល់លើតំបន់ក្រពេញអូវែតាមរយៈពោះ និងមាត់ស្បូន (អាចតាមចុងពោះវៀនធំចំពោះក្មេងស្រី) ដែលអាចអនុវត្តបានសម្រាប់ការពិនិត្យរោគស្រ្តីជាប្រចាំ ឬក្នុងករណីលេចឡើង នូវផលរំខាននានា។
b ការពិនិត្យរាងកាយទូទៅ (អនុវត្តដោយអ្នកជំនាញផ្នែកមហារីក) ៖ ចំពោះស្ថានភាពជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរ គ្រូពេទ្យនឹងពិនិត្យរកមើលសញ្ញា Ascites (ជាការប្រមូលផ្តុំជាតិទឹក ក្នុងប្រហោងពោះ) ការស្ទះចលនាពោះវៀន មានទឹកក្នុងស្រោមសួត និងការកើនឡើងទំហំ នៃក្រពេញទឹករងៃ ឬមានដុំសាច់ក្នុងសរីរាង្គផ្សេង (ដូចជា ដុំមហារីក Metastases ក្នុងថ្លើម)។ ការពិនិត្យបែបគ្លីនិកជាវិធីសាស្រ្តមានតមៃ្លថោក និងងាយស្រួលក្នុងករណីមានការសង្ស័យពីជំងឺមហារីកក្រពេញអូវែ ប៉ុន្តែវាមិនទាន់អាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងអ្នកជំងឺដែលមានដុំសាច់នៅក្នុងក្រពេញអូវែ ឬតំបន់អាងត្រគាកនៅឡើយទេ។

2.    ការពិនិត្យដោយវិទ្យុសកម្ម (Radiological Investigations)
a ការថតឆ្លុះពោះដោយប្រើប្រាស់សំឡេង Ultrasonography (សម្រាប់ស្រ្តី និងក្មេងស្រី) និងការថតឆ្លុះមាត់ស្បូន Transvaginal ultrasonography (សម្រាប់ស្រ្តី)។ សម្រាប់ Transvaginal ultrasonography៖ គ្រូពេទ្យនឹងធ្វើការចាប់បានជារូបភាពនៃសរីរាង្គនៅតំបន់ត្រគាកថតដោយប្រើប្រាស់សំឡេង ultrasound តាមរយៈការស៊កបំពង់ចូលទៅក្នុងមាត់ស្បូន ដើម្បីរកមើលដុំមហារីកនៅក្រពេញអូវែ។ ការពិនិត្យបែបនេះមានភាពទ្រាំទ្របាន និងពុំសូវ មានតម្លៃថ្លៃ ដែលអាចប្រើក្នុងការធ្វើរោគវិនិច្ឆ័យដំបូង ប៉ុន្តែវាអាចមានភាពពិបាកក្នុងការ កំណត់បានពីស្ថានភាពដុំសាច់កម្រិតស្រាល (Benign) ឬធ្ងន់ធ្ងរ (malignant)។ ការពិនិត្យបែប Ultrasonography អាចបង្ហាញពីរោគសញ្ញាទឹកដក់ (Ascites) ឬមហារីកស្រោមពោះ (Peritoneal metastases) ដែលកោសិកាមហារីក ភ្ជាប់ទៅនឹងប្រហោងពោះ។  
b វិធីសាស្រ្ត Magnetic Resonance Imaging (MRI) ឬវិធីសាស្រ្ត Computed tomography (CT-scan) ៖ ចំពោះការពិនិត្យតាមបែប MRI អាចផ្តល់ជាព័ត៌មានបន្ថែមពីលក្ខណៈនៃដុំសាច់ក្រពេញអូវែ ចំណែក CT-scan អាចផ្តល់ជាការកំណត់ពីប្រភេទនៃមហារីកក្រពេញអូវែ។ វិធីសាស្រ្តទាំងពីរបានជួយក្នុងការកំណត់ដំណាក់កាលនៃជំងឺ  ផែនការក្នុងការព្យាបាល និងគ្រប់គ្រងលទ្ធផលនៃ ការព្យាបាល ប៉ុន្តែវាមានតម្លៃថ្លៃជាងវិធីសាស្រ្តបែប Ultrasonography។
c ការថតឆ្លុះ X-ray (Chest X-ray)៖  ការពិនិត្យបែបនេះមានសារសំខាន់ក្នុងការកំណត់បាន នូវផ្នែករាងកាយណាមួយដែលត្រូវបានរងឥទ្ធិពលដូចជា សួត ជាដើម។
d វិធីសាស្រ្ត Positron-emission tomography – computed tomography (PET-CT)៖ ជាការពិនិត្យដោយធ្វើការបង្ហាញ ឲ្យកាន់តែច្បាស់ពីរូបភាពរចនាសម្ព័ន្ធ និងសកម្មភាពមេតាបូលីសរបស់កោសិកា។ PET-CT មានភាពជាក់លាក់ និងមានតម្លៃថ្លៃ ដែលពុំសូវត្រូវបានណែនាំសម្រាប់ការពិនិត្យដំបូងនោះទេ តែវាមានប្រយោជន៍ចំពោះដុំមហារីកដែលស្ថិតក្នុងដំណាក់កាលមានសកម្មភាពមេតាបូលីសខ្លាំង(ដូចជា ជំងឺមហារីកកោសិកាតូចនៃក្រពេញអូវែ)។

3.    ការពិនិត្យសញ្ញាសម្គាល់ដុំមហារីក (ការធ្វើតេស្តឈាម)
អង់ទីហ្សែន ១២៥ (CA 125) ដែលជាប្រូតេអ៊ីននៅលើផ្ទៃខាងលើនៃកោសិកាមហារីកក្រពេញអូវែ អាចនឹងមានការកើនឡើង ក្នុងកម្រិត ៨០% ចំពោះប្រភេទជំងឺមហារីក epithelial។ យ៉ាងណាមិញ សញ្ញាសម្គាល់នេះ នៅមិនទាន់មានភាពច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពេញអូវែនោះទេដោយវាអាចបង្កភាពភាន់ច្រឡំទៅលក្ខខណ្ឌជំងឺមិនមែនជាមហារីក (ដូចជា ជំងឺស្បូន Endometriosis)។ ប្រតេអុីន CA 125 ត្រូវបានវាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺដុំសាច់ក្នុងដៃស្បូន បន្ទាប់ពីទទួលបានការពិនិត្យតាមUltrasonography ដែលតេស្តនេះអាចប្រើបាន ដើម្បីគ្រប់គ្រងលទ្ធផលនៃការព្យាបាលបែបគីមី (Chemotherapy) និងសម្រាប់ការតាមដានបន្ទាប់ពីការព្យាបាល។ 

4.    ការពិនិត្យដុំមហារីក (Histopathological examination)
ជាការពិនិត្យកោសិកាដុំមហារីកក្នុងមន្ទីរពិសោធន៍ ដែលដុំសាច់ត្រូវ បានយកមកតាមរយៈការកាត់ចេញ (Biopsy) ឬតាមការវះកាត់ (Radical surgery)។ វិធីសាស្រ្តនេះអាចផ្តល់ភាពច្បាស់លាស់ដល់ការធ្វើរោគវិនិច្ឆ័យ និងកំណត់បានពីលក្ខណៈរបស់ដុំមហា-រីកក្រពេញអូវែ អនុញ្ញាតឲ្យវេជ្ជបណ្ឌិតអាចដឹងពីប្រភេទរបស់មហារីក ដែលនាំឲ្យមានការកំណត់ពីវិធីសាស្រ្តព្យាបាលសម្រាប់អ្នកជំងឺនីមួយៗ។

ការប្រឹក្សាពីដំណាក់កាលនៃមហារីក ការរៀបចំផែនការព្យាបាល ទាមទារឲ្យធ្វើឡើងពីសំណាក់ វេជ្ជបណ្ឌិតផ្នែករោគស្រ្តី និងផ្នែកជំងឺមហារីក ដើម្បីធានាឲ្យបានពីការកំណត់ឲ្យបានច្បាស់ពីសា្ថនភាពជំងឺមហារីកក្រពេញអូវែ។ 

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីក និងជាអនុប្រធាននៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់