គួរចំណាយពេលថ្ងៃចុងសប្តាហ៍បែបណាខ្លះ ជាមួយកូនរបស់អ្នក?

()
273
ដោយ : Healthtime Go Healthy

ការចំណាយពេលនៅជាមួយគ្នាបានកាន់តែច្រើន រឹតតែមានឱកាសក្នុងការបង្កើននូវភាពស្និទ្ធស្នាល ភាពកក់ក្តៅ និងក្តីស្រឡាញ់នៅក្នុងរង្វង់គ្រួសារទៀត។ នាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាឱកាសកម្រមួយសម្រាប់គ្រួសារទៅវិញដោយហេតុថាសមាជិកម្នាក់ៗជាក់ស្តែង គឺលោកឳពុកអ្នកម្តាយក្នុងវ័យធ្វើការរកស៊ីមិនសូវមានពេលទំនេរច្រើនឡើយសម្រាប់បុត្រធីតារបស់ខ្លួន។ ទោះបីជារវល់ម្តេចក្តី គ្រប់គ្នាត្រូវតែមានតុល្យភាពរវាងជីវិត និងការងារ មិនថាកាលវិភាគអ្នកមមាញឹកនឹងការសម្រេចនូវគោលដៅ ឬរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់អនាគតនៃគ្រួសារកម្រិតណានោះទេ សូមទុកពេលវេលាខ្លះសម្រាប់ក្រុមគ្រួសារ ដែលជាមនុស្សជាទីស្រឡាញ់របស់អ្នកផង។ ប្រសិនបើមិនអាចឆ្លៀតបានក្នុងថ្ងៃធម្មតាទេនោះ សូមកុំបណ្តោយឲ្យថ្ងៃចុងសប្តាហ៍រំលងផុតទៅដោយការមិនមានពេលវេលាជាមួយគ្នាឲ្យសោះ។ ហេតុនេះហើយ តើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីចំណាយពេលវេលានោះជាមួយកូនៗរបស់អ្នក? ខាងក្រោមនេះ ជាគំនិតខ្លះៗដែលលោកអ្នកអាចធ្វើការពិចារណាបាន…

ការទស្សនាភាពយន្ត ឬកម្មវិធីកម្សាន្តជាមួយគ្នា
ជ្រើសរើសភាពយន្ត ឬកម្មវិធីកម្សាន្តណាមួយដែលអ្នកគិតថា អ្នក និងក្រុមគ្រួសារអាចមើលបានជាមួយគ្នាដោយមានការពិភាក្សាគ្នាពីនេះពីនោះ ដើម្បីឲ្យពេលវេលានោះកាន់តែមានគុណភាពបន្ថែមទៀត។ស្របពេលជាមួយគ្នា អ្នកក៏អាចបង្រៀនអំពីមេរៀនជីវិតផ្សេងៗដែលមានបង្ហាញនៅក្នុងភាពយន្ត ឬកម្មវិធីនោះដល់កូនៗរបស់អ្នកថែមទៀតផង ដែលការធ្វើបែបនេះ គឺអាចចំណេញបានទាំងសុភមង្គល និងការអប់រំផងដែរ។

ការប្រកួតប្រជែងសមត្ថភាព
អាចជាការប្រកួតគូរគំនូរ ផ្គុំរូប ឬសមត្ថភាពផ្សេងៗដែលរឹតតែប្រសើរ បើអ្នកអាចផ្តល់នូវរង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។ សកម្មភាពមួយនេះក៏នឹងបង្កើននូវភាពច្នៃប្រឌិត ទម្លាប់ក្នុងការគិត និងប្រឹងប្រែងដោយសុចរិតក្នុងការប្រកួតប្រជែង ដែលអាចឲ្យពួកគេត្រៀមខ្លួនសម្រាប់ពេលដែលត្រូវប្រកួតប្រជែងនៅខាងក្រៅទៀតផង។

ការចម្អិនអាហារ
ប្រសិនបើអាច អ្នកអាចស្នើសុំឲ្យកូនៗរបស់ អ្នកចូលរួមក្នុងការរៀបចំ ក៏ដូចជាចម្អិនអាហារ សម្រាប់ក្រុមគ្រួសាររបស់អ្នក ដែលតាមរយៈការ ធ្វើបែបនេះ អ្នកអាចនឹងបង្រៀនពួកគេអំពីស្មារតីក្នុងការជួយគ្នាសម្រេចនូវគោលដៅរួម។ ស្របពេលជាមួយគ្នាអ្នកក៏អាចបង្រៀនពួកគេអំពីបំនិនជីវិតដ៏សំខាន់ គឺការធ្វើម្ហូបនេះតែម្តង ដែលនឹងជាប្រយោជន៍ទៅថ្ងៃអនាគតរបស់គេ។ ម្យ៉ាងទៀត អ្នកអាចឲ្យគេជួយភ្លក្សនូវមុខម្ហូបទាំងនោះហើយក៏រួមគ្នាសម្រេចនូវរសជាតិដែលអ្នកប្រាថ្នាព្រមគ្នាតែម្តង។

ការជប់លៀងញ៉ាំសាច់អាំង
ការអាំងសាច់ ជាសកម្មភាពដ៏ប្រសើរបំផុតក្នុង ចំណោមសកម្មភាពនៅខាងក្រៅ (outdoor) ដទៃទៀត ព្រោះថាមិនត្រឹមតែបានញ៉ាំអាហារជុំគ្នាប៉ុណ្ណោះទេ គឺអាចចំណាយពេលក្នុងការអាំងសាច់ បណ្តើរ និយាយជជែកគ្នាបណ្តើរទៀតផង។ ពេលវេលាដែលចំណាយក៏រឹតតែមានគុណភាពថែមមួយកម្រិតទៀត ប្រសិនបើមានអ្នកចូលរួមកាន់តែច្រើនដែលអាចជាការជុំគ្នារវាងគ្រួសាររបស់មិត្តភក្តិអ្នកផ្ទាល់ ឬគ្រួសាររបស់មិត្តភក្តិកូនអ្នកផ្ទាល់ផងដែរ។

ការសម្រាកលំហែនៅឆ្នេរសមុទ្រ
យូរៗម្តង ការទៅកម្សាន្តនៅឆ្នេរសមុទ្រជាលក្ខណៈគ្រួសារពិតជាបង្កើតនូវភាពសប្បាយរីករាយដល់កូនៗរបស់អ្នក តាមរយៈសកម្មភាពកម្សាន្តសប្បាយជាច្រើនរួមមាន ការសូនរូបជាមួយនឹងដីខ្សាច់ ការមុជទឹកសមុទ្រលេង ការប្រមូលរើសសំបកខ្យងខ្ចៅ ការចាប់ក្តាម ជាដើម។អ្នកក៏អាចលេងល្បែងជុំគ្រួសារដូចជាការលេងបាល់ ឬការលេងដេញចាប់គ្នាផងដែរ។

ការទស្សនាសួនសត្វ សួនធម្មជាតិ ឬសួនសិប្បនិម្មិត
មានកន្លែងកម្សាន្តជាច្រើនដែលអ្នកអាចកំដរកូនរបស់អ្នកទៅបាន អាស្រ័យលើចំណង់ចំណូលចិត្តរបស់ពួកគេ។ លោកអ្នកអាចធ្វើការសាកសួរចិត្ត របស់ពួកគេជាមុនសិន ដើម្បីឲ្យប្រាកដក្នុងចិត្តថា គេនឹងសប្បាយចិត្តក្នុងការចូលរួម មិនមែនទៅដោយសារការបង្ខំ ឬរៀបចំរបស់អ្នកឡើយ។ ការចំណាយពេលទៅខាងក្រៅ រីករាយជាមួយនឹងធម្មជាតិក៏នឹងអាចផ្លាស់ប្តូរអារម្មណ៍ និងបរិយាកាសសម្រាប់អ្នក និងជាពិសេសកូនជាទីស្រឡាញ់ផ្ទាល់។

ការបោះតង់ ឬជំរុំ បែបឯកជន
មិនសំដៅដល់ការបោះតង់នៅព្រៃភ្នំ ឬមាត់សមុទ្រ អ្វីឡើយ…អ្នកអាចប្រើប្រាស់សម្ភារៈផ្សេងជំនួសឲ្យតង់ (អាចជាការក្រាលកម្រាលគេងនៅលើ វាលស្មៅ ដោយមានដំបូលស្តើងគ្របពីលើ) ហើយគេងក្បែរកូនរបស់អ្នកដោយរើសយករឿងនិទានណាមួយមកនិយាយជូនពួកគេស្តាប់ (អ្នកគួររើសយករឿងណា ដែលមានគំនិតអប់រំល្អៗ ឬទាក់ទិននឹងបំណិនជីវិត)។ ស្របពេលជាមួយគ្នា អ្នកក៏ អាចរីករាយនឹងខ្យល់អាកាស ព្រមទាំងសំឡេងធម្មជាតិនាពេលរាត្រីដែលប្រាកដណាស់ គឺមានផលវិជ្ជមានចំពោះសុខភាពផ្លូវចិត្តរបស់អ្នក។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧