អាល្លែកហ្ស៊ីភ្នែកមិនមានលក្ខណៈកាចសាហាវ ប៉ុន្តែជួបប្រទះញឹកញាប់

អ្វីជាអាល្លែកហ្ស៊ីភ្នែក?
អាល្លែកហ្ស៊ីភ្នែក ត្រូវបានហៅជាភាសាបច្ចេកទេសថា Allergic Conjunctivitis មានន័យថាជាការរលាកភ្នែកដោយសារតែសារធាតុមួយចំនួន ជាដើមចមបង្កឲ្យមានប្រតិកម្មដែលគេហៅថា ភ្នាក់ងារ អាល្លែកហ្ស៊ី (Allergic Agents)។ ជំងឺអាល្លែកហ្ស៊ីនេះអាចកើតមានឡើងចំពោះមនុស្សស្ទើរគ្រប់វ័យ ហើយបើតាមការសង្កេតឃើញដោយផ្ទាល់របស់លោកវេជ្ជបណ្ឌិតឯកទេសចក្ខុរោគទៅលើអ្នកជំងឺដែលបានមកពិនិត្យជារៀងរាល់ថ្ងៃគឺមានប្រមាណ ៣០-៤០% ទៅតាមវេលានៃខែនីមួយៗក្នុងមួយឆ្នាំ។

ជាទូទៅអាល្លែកហ្ស៊ីភ្នែកត្រូវបានគេចែកចេញជាច្រើនប្រភេទ យោងទៅតាមមូលហេតុបង្កមានជាអាទិ៍៖
• តាមរដូវកាល (Seasoning)៖ 
មានន័យថាជាការកើតអាល្លែកហ្ស៊ីតាមរដូវកាល ជាពិសេសនៅក្នុងរដូវផ្ការីក និងមុនរដូវភ្លៀងធ្លាក់ ដោយសារតែសម្បូរទៅដោយលម្អងផ្កាព្រៃដែលអាចជាភ្នាក់ងារអាល្លែកហ្ស៊ី ហើយច្រើនកើតមានឡើងក្នុងប្រទេសត្រជាក់ ប៉ុន្តែ ដោយឡែកនៅប្រទេសកម្ពុជាយើងពុំសូវជួបប្រទះទេ។
• តាមការប៉ះពាល់ (Contact with Environment)៖ 
ជាប្រភេទអាល្លែកហ្ស៊ីដែលឧស្សាហ៍ជួបប្រទះញឹកញាប់បំផុតនៅក្នុងប្រទេសកម្ពុជា បង្កឡើងដោយសារធាតុមិនល្អមាននៅក្នុងខ្យល់ដូចជា ធូលី សារធាតុគីមី ដែលអាចជាភ្នាក់ងារបង្កអាល្លែកហ្ស៊ី ឬ  សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ មានសត្វល្អិតចង្រៃរស់នៅ (House Mite) និងរោមសត្វដូចជា ឆ្កែ ឬឆ្មាជាដើម។
• តាមប្រភេទជំងឺដទៃទៀត(Atopic Allergy)៖
ជាអាល្លែកហ្ស៊ីដែលទាក់ទងទៅនឹងជំងឺផ្សេងៗតួយ៉ាងដូចជា អ្នកដែលមានបញ្ហា   អាល្លែកហ្ស៊ីស្បែក ឬច្រមុះ ជំងឺកើតហឺត។ល។ អាលែ្លកហ្ស៊ីប្រភេទនេះ គេសង្កេតឃើញថាកើតមានទៅលើស្ត្រី ដោយសារ ការប្រើប្រាស់គ្រឿងសម្អាងច្រើន។
• តាមការពាក់លែន (Contact Lens)៖ 
វាទាក់ទងទៅនឹងអ្នកដែលចូលចិត្តប្រើប្រាស់លែនដាក់ភ្នែក ដោយសារតែសារធាតុដែលកកក្រោមលែនកកិតជាមួយនឹងកែវភ្នែករួចបង្កជាអាល្លែកហ្ស៊ី។

កុមារត្រូវបានសង្កេតឃើញថាងាយនឹងកើតមានជំងឺអាល្លែកហ្ស៊ីភ្នែកជាងគេ ក៏ព្រោះថាពួកគេកង្វះអនាម័យខ្លួនប្រាណ ដោយសារពួកគេចូលចិត្តលេងធូលីដី ឬលេងកន្លែងមិនស្អាតដែលនាំឲ្យពួកគេងាយប្រឈមនឹងភ្នាក់ងារអាល្លែកហ្ស៊ី។ម៉្យាងទៀត ស្រ្តីក៏ត្រូវបានសម្គាល់ថាងាយនឹងកើតមានជំងឺនេះផងដែរ ព្រោះពួកគាត់ចូលចិត្តប្រើប្រាស់គ្រឿងតុបតែងទៅលើភ្នែកដូចជា ម៉ាស្ការ៉ាដែលជាហេតុធ្វើឲ្យភ្នែកទទួលរងនូវប្រតិកម្មក្រៅពីនេះកត្តាមុខរបរមួយចំនួនក៏ងាយប្រឈមទៅនឹងអាល្លែកហ្ស៊ីភ្នែកដូចគ្នាដែរ។

រោគសញ្ញាគួរកត់សម្គាល់
រោគសញ្ញានៃអាល្លែកហ្ស៊ីភ្នែក រួមមាន រមាស់ក្រហម  ហើម រកាំ ឬស្រវាំង រួយភ្នែក និងចាញ់ពន្លឺដែលទាំងនេះសុទ្ធសឹងតែជារោគសញ្ញា អាចបញ្ជាក់ថាមានអាល្លែកហ្ស៊ីភ្នែក។

រោគវិនិច្ឆ័យសមស្រប
បន្ថែមពីលើរោគសញ្ញាដែលបានរៀបរាប់ខាងលើការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើការសួរប្រវត្តិជំងឺ ក៏ដូចជាពិនិត្យបន្ថែមទៅលើភ្នែកដែលយើងឃើញមានជាដុំពកតូចនៅលើគ្រាប់ភ្នែក ឬនៅក្នុងត្របកភ្នែកផ្នែកខាងលើ ហើយដុំពកតូចនេះអាចក្លាយជាធំ ឬមានឡើងសនៅជុំវិញប្រស្រីភ្នែកក្នុងករណីអាល្លែកហ្ស៊ីធ្ងន់ធ្ងរ។

ការព្យាបាល
ជំងឺអាល្លែកហ្ស៊ីភ្នែកកម្រិតស្រាលគ្រូពេទ្យនឹងណែនាំឲ្យព្យាបាលដោយការបន្តក់នូវទឹកភ្នែកសិប្បនិម្មិត ដើម្បីសម្អាតភ្នាក់ងារបង្កអាល្លែកហ្ស៊ី(Allergic Agents)ចេញពីក្នុងភែ្នក។ ក្នុងករណីអាការៈរោគមិនមានលក្ខណៈធូរស្រាល អ្នកជំងឺអាចប្រើប្រាស់ថ្នាំបន្តក់ភែ្នកដើម្បីកាត់បន្ថយរមាស់ដែលមាន២ក្រុមគឺ ពពួក Antihistamine និងMast cell stabilizer ក្នុងរយៈពេល៧ថ្ងៃ។ ចំណែកអ្នកដែលមានជំងឺអាល្លែកហ្ស៊ីធ្ងន់ធ្ងរដូចជា ហើមត្របកភែ្នកខ្លាំង ក្រហម និងចាញ់ពន្លឺ ជួនកាលអាចបង្កជាដំបៅលើកញ្ចក់ភែ្នក ដែលអាចធ្វើឲ្យប៉ះពាល់ដល់គំហើញ ពួកគាត់ចាំបាច់ត្រូវធ្វើការព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានត្រឹមត្រូវទើបអាចជាសះស្បើយ។

វិធីសាស្រ្តបង្ការ
ដើម្បីកាត់បន្ថយអាល្លែកហ្ស៊ីភ្នែកបានយើងត្រូវបញ្ចៀសនូវកត្តាបង្ក ឬប្រឈមមួយចំនួនដូចជា៖
 -ត្រូវចៀសវាងកន្លែងសម្បូរលម្អងផ្កាសម្រាប់អ្នកដែលអាល្លែកហ្ស៊ីទៅតាមរដូវកាល
 -ត្រូវពាក់វ៉ែនតាការពារធូលីហុយចូលភ្នែក
 - ត្រូវជ្រើសរើសផលិតផលគ្រឿងសម្អាងដែលពុំបង្កឲ្យមានអាល្លែកហ្ស៊ី
 -មិនត្រូវប្រើប្រាស់ Contact Lens ក្នុងករណីមិនចាំបាច់
 -ហាមញីភ្នែកពេលរមាស់
 -បង្កើនអនាម័យក្នុងការរស់នៅ និងហូបចុក
 -ប្រើប្រាស់ម៉ាស៊ីនសម្អាតខ្យល់ដើម្បីបន្សុទ្ធខ្យល់ក្នុងផ្ទះ ឬក្នុងបន្ទប់គេង។

បើទោះបីជាអាល្លែកហ្ស៊ីភ្នែកពុំបង្កឲ្យបាត់បង់គំហើញក៏ដោយ ប៉ុន្តែវាត្រូវបានចាត់ទុកជាជំងឺភ្នែកដែលជួបប្រទះញឹកញាប់ ដូចនេះត្រូវធ្វើការការពារ ថែរក្សាភ្នែកឲ្យបានល្អ និងគប្បីចៀសវាងកត្តាបង្កដូចបានរៀបរាប់ខាងលើ។ ប្រសិនបើមានសញ្ញាសង្ស័យត្រូវរួសរាន់មកជួបគ្រូពេទ្យភែ្នកជំនាញឲ្យលឿន កុំឲ្យវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរបាន។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដោរ សីហា ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាអនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


មតិយោបល់