ពេលធ្លាក់ទឹកចិត្តម្តងៗ អាចធ្វើអ្វីខ្លះដើម្បីខ្លួនឯង?

ពេលមានអារម្មណ៍ថានៅលើលោកនេះ ខ្លួនឯងទុកក៏មិនចំណេញ ដកចេញក៏មិនខាត អាចសាកល្បងវិធីទាំងនេះបាន…តែ…ជំហានដំបូង នោះគឺសូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ សូមយកឈ្នះលើខ្លួនអ្នកឲ្យបាន!!! បើមិនដូច្នោះទេ ទោះបីវិធីសាស្រ្តល្អឥតខ្ចោះបែបណា ធ្លាក់ពីលើមេឃមក ឬត្រូវបានណែនាំដោយអ្នកជំនាញខ្លាំងប៉ុណ្ណា បើចិត្តអ្នកមិនព្រមទទួលយកផងនោះ អ្វីៗក៏នឹងមិនបង្កើតផលចំណេញ ហើយក៏គ្មានអ្វីដែលនឹងអាចប្រសើរឡើងដែរ…

ខាងក្រោមនេះ អាចជាវិធីខ្លះដែលអាចជួយអ្នកដែលកំពុងតែធ្លាក់ទឹកចិត្ត ឬលែងមានអារម្មណ៍រីករាយនឹងឆាកជីវិតរបស់ខ្លួនបាន…

១ ចូលគេង ហើយគិតថាថ្ងៃថ្មីនឹងល្អប្រសើរជាងនេះ    
ប្រហែលជាពិបាកនឹងគេងលក់   ព្រោះតែចិត្តមិនស្ងប់ ប៉ុន្តែអ្នកអាចនឹងសាកល្បងធ្វើការសមាធិឬគ្រាន់តែព្យាយាមបញ្ឈប់ការគិតមួយរយៈដោយផ្តោតលើការដកដង្ហើមចេញចូល ហើយបិទភ្នែក និងផ្តេកខ្លួនគេង។ ជួនកាល អ្នកប្រហែលជាកំពុងតែយំ បើមិនអាចឈប់យំបានទេ អាចយំរហូតដល់គេងលក់ក៏បាន ហើយត្រូវចាំថា ថ្ងៃស្អែកជាថ្ងៃថ្មី ដែលនឹងល្អប្រសើរជាងនេះ។

២ និយាយប្រាប់រឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធ និងទុកចិត្តជាងគេ
មិនថាជាក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ណាម្នាក់ឡើយ កុំមានអារម្មណ៍ថាខ្លួនឯងនាំរឿងស្មុគស្មាញ ឬបន្ទុកដល់ពួកគាត់ឡើយសុំពេលគាត់ប៉ុន្មាននាទីដើម្បីនិយាយរៀបរាប់រឿងក្នុងចិត្តដល់ពួកគាត់ ដើម្បីឲ្យបានធូរខ្លះ ព្រោះថាការលាក់ទុកអ្វីដែលមាននៅក្នុងចិត្តទាំងនោះ មិនប្រាកដថាជួយអ្វីអ្នកបានឡើយ។

៣ អានសៀវភៅ ឬស្តាប់ធម៌អប់រំផ្លូវចិត្ត
មានសៀវភៅ និងធម៌ ក៏ដូចជាការនិយាយខ្លះពិតជាអាចជួយដល់ការគិត និងសុខភាពផ្លូវចិត្ត ដរាបណាអ្នកបើកចិត្តឲ្យទូលាយក្នុងការទទួលស្តាប់ អាន និងដឹងឮនូវរឿងរ៉ាវទាំងនោះ។

៤ រំលឹកអំពីស្នាដៃ និងរឿងអស្ចារ្យដែលបានធ្វើកន្លងមក
ជាទូទៅ ពេលដែលធ្លាក់ទឹកចិត្ត អារម្មណ៍អវិជ្ជមានតែងតែកើតមានជានិច្ច ហើយក៏ជាពេលដែលអ្នកចាប់ផ្តើមស្តីបន្ទោសដល់ខ្លួនឯងផងដែរ ហេតុនេះហើយ វានឹងជាការប្រសើរប្រសិនបើអ្នករំលឹកអំពីសមិទ្ធផលល្អៗដែលអ្នកធ្លាប់បានធ្វើក៏ដូចជាទទួលកន្លងមក ដើម្បីផ្តល់នូវថាមពលនៃមោទនភាព និងភាពវិជ្ជមានចំពោះខ្លួនអ្នកឡើងវិញ។

៥ មើលរឿងកំប្លែង ឬធ្វើអ្វីដែលសប្បាយៗ
មិនមែនកើតទុក្ខហើយក៏ស្តាប់បទចម្រៀងកម្សត់ទៀតនោះទេ  បើទោះជាមិនអាចជួយឲ្យបានធូរស្រាលខ្លះ ឬច្រើនក៏ដោយ ក៏វិធីនេះនឹងមិនធ្វើឲ្យអ្នកកាន់តែពិបាកចិត្តជាងមុនដែរ។ សាកល្បងចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងបរិយាកាសរីករាយ ជាពិសេសគឺសកម្មភាពដែលជាចំណង់ចំណូលចិត្តរបស់អ្នក សកម្មភាពដែលតែងតែធ្វើឲ្យមានស្នាមញញឹមជាប្រចាំ។

៦ ទុកឲ្យពេលវេលាជាអ្នកស្រាយបញ្ហាផ្លូវចិត្តនេះ
រឿងខ្លះ មិនប្រាកដថាបង្ខំចិត្តឲ្យទទួលយកបានងាយៗនោះទេ មានរឿងជាច្រើនដែលត្រូវការពេលវេលាជាអ្នកជួយសម្រួល។ ដូចនេះហើយ វានឹងជាការប្រសើរ បើសិនជាអ្នកអាចទុកពេលខ្លះដល់ខ្លួនឯង ទម្រាំដល់ពេលមួយដែលអ្នកអាចប្រឈមនឹងការពិតទាំងនោះ។

៧ ទៅទីកន្លែងដែលខ្លួនឯងប្រាថា្ន
និយាយពីចំណុចនេះ អ្នកខ្លះក៏មានលទ្ធភាពអាចទៅបានពិតមែន តែអ្នកខ្លះវិញក៏ហាក់ដូចជាមិនអាច តែកុំឲ្យវាក្លាយជាបញ្ហាស្មុគស្មាញមួយទៀតអី។ គិតពីកន្លែងណាដែលអាចទៅដល់ ឬគ្រាន់តែនៅកន្លែងណាមួយជាមួយមនុស្សយល់ចិត្តចំណាយពេលខ្លះព្រលែងចោលនូវរាល់ទុក្ខសោកក្នុងចិត្តគ្រប់យ៉ាងក៏បាន។
    
៨ ធ្វើអ្វីដែលខ្លួនតែងតែប្រាថ្នាចង់ធ្វើ ឬចង់ឲ្យកើតមាន
ប្រហែលជាអ្នកទើបតែបរាជ័យ ឬខកខានឱកាសណាមួយទើបធ្វើឲ្យចិត្តមិនស្ងប់ពេលនេះ កុំបណ្តោយឲ្យចិត្ត និងការគិតស្ថិតនៅលើវាទៀត ព្រោះអតីតកាលបានកន្លងហួសទៅហើយ រីឯអនាគតក៏នៅមិនទាន់មកដល់ដែរ ហេតុនេះហើយ ប្រើប្រាស់បច្ចុប្បន្នកាលនេះឲ្យមានតម្លៃ និងល្អប្រសើរដោយផ្តោតលើក្តីស្រមៃ ឬគោលដៅខ្លីណាមួយសិន ហើយរីករាយជាមួយនឹងការធ្វើដំណើរឈានទៅរកវា។

សូមធ្វើតាមអ្វីដែលអ្នកគិតថាត្រូវ និងមានប្រយោជន៍សម្រាប់អ្នក…សំខាន់ខ្លួនអ្នក យកឈ្នះលើខ្លួនឯង…តស៊ូបន្ត ដើម្បីជីវិតខ្លួនឯង…

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់