បើសិនជាអាច... កុំស្លៀកពាក់បែបនេះទៅកន្លែងហាត់ប្រាណ

(3)
153
ដោយ : Healthtime Go Healthy

បន្ថែមពីលើកម្លាំងចិត្ត និងគោលដៅក្នុងការហាត់ប្រាណ សម្លៀកបំពាក់ដែលអ្នកស្លៀកទៅកាន់ក្លឹបហាត់ប្រាណក៏ជាចំណែកមួយក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍រីករាយក្នុងការហាត់ប្រាណដែរ ព្រោះថាអ្នកនឹងមិនចង់បន្តហាត់ឲ្យបានជាប្រចាំ ឬរៀងរាល់ថ្ងៃឡើយ ប្រសិនបើការហាត់របស់អ្នកស្ថិតនៅក្រោមសម្ពាធ ឬមិនមានសេរីភាព និងផាសុកភាពនោះ… ហេតុដូចនេះ សូមតាមដានអានចំណុចខាងក្រោមអំពីអ្វីខ្លះដែលអ្នកគួរតែចៀសវាង…

សម្លៀកបំពាក់ធ្វើពីកប្បាសសុទ្ធ
សម្លៀកបំពាក់ប្រភេទនេះអាចនឹងមើលទៅដូចជាជម្រើសល្អ ប៉ុន្តែកប្បាសនឹងស្រូបយកសំណើមលឿន ហើយមិនងាយស្ងួតវិញនោះទេ ជាហេតុនាំឲ្យញើសរបស់អ្នកនៅស្អិតនឹងអ្នក។ ទន្ទឹមនឹងគ្នានេះដែរ វាអាចនឹងបង្កជាអាការៈរមាស់ ឬរំខានដល់សុខភាពស្បែក និងបង្កើនការប្រឈមនឹងការកកិតខ្លាំងត្រង់កន្លែងដែលមានការបត់បែនច្រើនផងដែរ។
ដំណោះស្រាយ៖ អ្នកអាចស្លៀកនូវប្រភេទសម្លៀកបំពាក់ដែលឆាប់ស្ងួត មានកម្រាស់មិនក្រាស់ពេក ដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ការហាត់កីឡា។
គន្លឹះ៖ មិនថាសម្លៀកបំពាក់ត្រូវបានធ្វើដោយប្រើវត្ថុធាតុដើមអ្វីនោះទេ អ្នកគួរតែបោះចោលវានៅពេលដែលវាចាប់ផ្តើមមានក្លិនមិនល្អដោយឯកឯងបើទោះជាអ្នកមិនបានប្រើប្រាស់វាក៏ដោយ។

ស្បែកជើងដែលរហែក ឬខូចខាត
ប្រសិនបើអ្នកប្រើប្រាស់វារហូតដល់មានប្រហោងឬរបកត្រង់ផ្នែកណាមួយនោះ អ្នកកំពុងតែធ្វើបាបជើងរបស់អ្នកហើយ។ អ្នកជំនាញបានលើកឡើងថា«ស្បែកជើងដែលត្រឹមត្រូវនឹងជួយសម្រួលដល់ការហាត់របស់អ្នក ផ្ទុយទៅវិញ នៅពេលដែលផ្នែកណាមួយត្រូវបានខូចខាតហើយអ្នកនៅតែបន្តប្រើប្រាស់វាទៀតនោះ វានឹងបង្កជាបញ្ហាឈឺជង្គង់និងជើងជាមិនខាន។
ដំណោះស្រាយ៖ អ្នកគួរផ្លាស់ប្តូរស្បែកជើងក្រោយពេលប្រើប្រាស់សម្រាប់ការធ្វើចលនាបានប្រមាណ៥០០ miles ឬ ៨០០ km ដូចនេះ ប្រសិនបើអ្នករត់២ថ្ងៃ/សប្តាហ៍ អ្នកគួរផ្លាស់ប្តូរ១ឆ្នាំម្តង ហើយបើសិនអ្នករត់ប្រមាណ៦ទៅ៧ថ្ងៃ/សប្តាហ៍ គួរតែប្តូររៀងរាល់៣ខែ។
គន្លឹះ៖ អ្នកគួរជ្រើសរើសស្បែកជើងដែលមានមុខងារល្អ ជាជាងម៉ូតដែលឡូយឆាយ ព្រោះថាស្បែកជើងនីមួយៗមានមុខងារខុសគ្នាស្រដៀងទៅនឹងថ្នាំដែរ បើអ្នកប្រើប្រាស់ត្រូវ នឹងជួយឲ្យដំណើរការនៃលំហាត់ប្រាណរបស់អ្នកកាន់តែប្រសើរ តែបើខុស គឺអាចបង្កជាបញ្ហាផ្សេងៗ។

អាវកាក់សម្រាប់ហាត់កីឡា(Sport Bra)ដែលមិនបំពេញមុខងារល្អ
អាវប្រភេទនេះមានមុខងារការពារឆ្អឹងសន្លាក់ និងជាលិកានៅត្រង់តំបន់ទ្រូងពីការបត់បែន ឬសម្ពាធខ្លាំងពេក ដែលអាចឲ្យអ្នកហាត់បានដោយមិនចាំបាច់បារម្ភ។ ក្នុងករណីដែលអ្នកមិនបានទិញផលិតផលដែលត្រឹមត្រូវនោះ វានឹងបង្កឲ្យភាពទើសទាល់(មិនមានផាសុកភាព) និងការរំខានក្នុងពេលហាត់ជាមិនខាន។
ដំណោះស្រាយ៖ ជម្រើសដែលល្អជាងគេ គឺត្រូវដឹងអំពីដងខ្លួន និងប្រភេទលំហាត់ប្រាណដែលអ្នកធ្វើ។ សម្រាប់អ្នកដែលមានដើមទ្រូងធំ គួរតែប្រើប្រាស់ប្រភេទដែលមានខ្សែ (ដៃ) អាវធំ និងជាយអាវ(កៅស៊ូផ្នែកខាងក្រោមនៃទ្រូង)ដែលមានទំហំធំ ដើម្បីឲ្យទប់និងរក្សាទ្រង់ទ្រាយនៃដើមទ្រូងបានល្អ។
គន្លឹះ៖ អ្នកគួរតែធ្វើការផ្លាស់ប្តូររៀងរាល់៦ ទៅ៩ខែម្តង។

គ្រឿងអលង្ការ /គ្រឿងតុបតែងខ្លួន
យកល្អ គួរតែកុំពាក់នូវគ្រឿងតុបតែងខ្លួនទៅហាត់ប្រាណ មិនថាជាគ្រឿងអលង្ការ ឬអ្វីនោះឡើយព្រោះវាអាចនឹងរំខានដល់ការហាត់ ដោយសារការទាក់ ឬរឹបសង្កត់ដោយប្រការណាមួយ។
ដំណោះស្រាយ៖ ដោះ ឬរក្សាទុកនៅក្នុងកាបូបកីឡា ឬទូដាក់សម្ភារៈដែលមានគន្លឹះសុវត្ថិភាព។

សម្លៀកបំពាក់រលុងខ្លាំងពេក ជាពិសេសខោជើងធំ
សម្លៀកបំពាក់ ជាពិសេសខោរលុងៗ ជើងធំពិតជាមានការប្រឈមខ្ពស់នឹងគ្រោះថ្នាក់ និងផលវិបាកផ្សេងៗក្នុងការហាត់ ដូចជាពិបាកក្នុងការពត់ខ្លួន ការធ្វើចលនាផ្សេងៗជាដើម។
ដំណោះស្រាយ៖ ស្លៀកពាក់ខោអាវណាដែលមិនរលុងខ្លាំង ឬមានជើង និងដៃធំ ដើម្បីសុវត្ថិភាពនិងផាសុកភាពក្នុងការហាត់។

សម្លៀកបំពាក់រឹបខ្លាំងពេក
ពេលដែលអ្នកស្លៀកពាក់អ្វីដែលរឹបពេក សេរីភាព និងសុវត្ថិភាពក៏មិនមានពេញលេញដែរ។
ដំណោះស្រាយ៖ គួរជ្រើសរើសសម្លៀកបំពាក់ណាដែលយ៉ាងហោចណាស់អាចឲ្យអ្នកលើកដៃ និងជើងធ្វើចលនាបានស្រួល យ៉ាងហោចណាស់ក៏មានដៃ ឬជើងទូលាយគ្រាន់ ជាពិសេសត្រង់ផ្នែកក្លៀក។

ទឹកអប់ និងឡេដែលមានក្លិនឆួលខ្លាំង
នរណាក៏មិនចង់ឲ្យខ្លួនឯងធុំក្លិនមិនល្អដែរ ប៉ុន្តែក្លិននៃទឹកអប់ ឬឡេដែលឆួលខ្លាំងមួយចំនួននឹងបង្កជាក្លិនដែលងាយធ្វើឲ្យឈឺក្បាល នៅពេលដែលខ្លួនប្រាណរបស់អ្នកឡើងកម្តៅ ហើយចាប់ផ្តើមបែកញើស។ អ្នកជំនាញក៏បានហាមប្រាមផងដែរចំពោះការប្រើប្រាស់នូវគ្រីមសម្រាប់ដៃ ព្រោះវាអាចបង្កភាពរអិលនៅពេលដែលអ្នកចាប់កាន់ឧបករណ៍ហាត់មួយចំនួន។ ស្របពេលជាមួយគ្នាដែរ គ្រីមលាបមុខក៏គួរតែត្រូវបានចៀសវាងផងដែរ ព្រោះវាអាចនឹងហូរធ្លាក់តាមញើស ហើយចូលមកក្នុងភ្នែករបស់អ្នកទៀតផង។ 
ដំណោះស្រាយ៖ ប្រើប្រាស់គ្រឿងសម្អាងដែលមិនមានក្លិន និងជាតិប្រេង ឬបើសិនជាអាច គួរតែកុំប្រើប្រាស់តែម្តង។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧