បេសកកម្មវះកាត់ស្តារលទ្ធភាពពលកម្មជូនអ្នកជំងឺឃ្លង់

នាថ្ងៃទី១៤-១៥-១៦ ខែមីនា មានការចុះបេសកកម្ម អំពីការវះកាត់ស្តារលទ្ធភាពពលកម្មជូនអ្នកជំងឺឃ្លង់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង មានការចូលរួមពី ក្រុមកម្មវិធីជាតិកម្ចាត់ជំងឺហង់សិនដឹកនាំដោយវេជ្ជបណ្ឌិត ឡាយ សម្បត្តិ ជាប្រធានកម្មវិធី សហការជាមួយអង្គការប្រចាំអាស៊ីប៉ាស៊ីភិចផ្នែក Leprosy Rehabilitation គឺលោកសាស្ត្រាចារ្យ FRANCIS ឯកទេសវះកាត់ សាស្ត្រាចារ្យ AJEY ជំនាញផ្នែកសណ្តំ គ្រូពេទ្យឯកទេសមកពីមន្ទីរពេទ្យព្រះកុសុមៈ ខាងមន្ទីរពេទ្យខេត្ត ព្រមទាំងនិស្សិតមកពីតាមខេត្ត៥នាក់។

វេជ្ជបណ្ឌិត ឡាយ សម្បត្តិ ប្រធានកម្មវិធីជាតិកម្ចាត់ជំងឺហង់សិន
«បច្ចុប្បន្ន មជ្ឈមណ្ឌលវះកាត់ស្តារលទ្ធភាពពលកម្មចំពោះអ្នកជំងឺឃ្លង់មាន២ គឺនៅភ្នំពេញមួយ និងនៅខេត្តបាត់ដំបងមួយ។ សម្រាប់បេសកកម្មក្នុងពេល៣ថ្ងៃនេះ មានគោលបំណងដើម្បីវះកាត់ស្តារលទ្ធភាពពលកម្មឲ្យអ្នកជំងឺឃ្លង់ រួមមានជើងធ្លាក់កែឲ្យទៅជាមិនធ្លាក់ ដៃក្រញ៉ង់កែឲ្យទៅជាមិនក្រញ៉ង់ ភ្នែកបិទមិនជិតកែឲ្យបិទជិតវិញ គ្មានច្រមុះដាក់ខ្ទង់ច្រមុះ រួមទាំងព្យាបាលដំបៅផ្សេងៗជាដើម។ អ្នកជំងឺអាចទទួលបានការវះកាត់ព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងមានការផ្តល់ជូននូវចំណីអាហារ ការស្នាក់នៅ ថវិកាសម្រាប់ការធ្វើដំណើរ និងចិញ្ចឹមគ្រួសារផងដែរ។ ប្រសិនបើអ្នកជំងឺមានស្នាម ឬករណីសង្ស័យណាមួយ គាត់អាចមកទទួលសេវាដោយឥតគិតថ្លៃនៅគ្រប់សេវាកម្មរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា»  ។

សាស្ត្រាចារ្យ FRANCIS ឯកទេសផ្នែកវះកាត់ មកពីប្រទេសបារាំង
«បេសកកម្មក្នុងថ្ងៃនេះពិតជាល្អ និងមានសកម្មភាពជាក់ស្តែងជាច្រើន ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍបច្ចេកទេសវះកាត់ស្តារលទ្ធភាពពលកម្មឲ្យកាន់តែប្រសើរ។ ម៉្យាងដោយសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍរហ័ស និងមានធនធានផ្នែកសុខាភិបាលខ្ពស់ខ្ញុំក៏បានសម្រេចចិត្តចូលរួមក្នុងបេសកកម្មនេះ ហើយក៏សង្ឃឹមថាការរាលដាលនៃជំងឺឃ្លង់នឹងត្រូវបានថយចុះនៅប្រទេសកម្ពុជាទៅអនាគត»  ។

វេជ្ជបណ្ឌិត កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និង លោកវេជ្ជបណ្ឌិត ហង់ សុជីវិ គ្រូពេទ្យឯកទេសផ្នែកកែសម្ផស្សដែលបម្រើការនៅផ្នែកសើស្បែកជំងឺហង់សិន និងជាគ្រូពេទ្យវះកាត់នៅអគារវះកាត់ទូទៅនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាសារប្រយោជន៍ចំពោះប្រជាពលរដ្ឋដែលមានជំងឺហង់សិនយ៉ាងខ្លាំង ផលវិបាកមួយចំនួន ដូចជាការស្វែងរកអ្នកជំងឺលាក់មុខ ព្រោះមានការរើសអើងចំពោះខ្លួនឯង មិនព្រមទទួលយកការព្យាបាលរយៈពេលយូរ និងខ្វះខាតនូវតម្រូវការផ្សេងៗផងដែរ»  ។

លោក គឹម សូតារា និស្សិតផ្នែកសោភណសល្យសាស្ត្រ និងកែរូបរាង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំទី៣
«ខ្ញុំបានចូលរួមស្ម័គ្រចិត្តនៅក្នុងកម្មវិធីវះកាត់ជូនដល់អ្នកជំងឺដែលមានផលវិបាកពីជំងឺហង់សិននេះក្នុងគោលបំណងជួយដល់អ្នកជំងឺដែលទទួលរងផលវិបាកដោយសារជំងឺឃ្លង់ ឬហង់សិនដែលរួមមានដូចជាបញ្ហាភ្នែកបិទមិនជិត អវយវៈខុសប្រក្រតី ដែលប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ និងដើម្បីទទួលបានចំណេះដឹងបន្ថែម ពីព្រោះជាទូទៅការសិក្សាមិនមែនមានត្រឹមតែនៅសាលា ឬមន្ទីរពេទ្យដែលត្រូវចុះកម្មសិក្សាឡើយ ហើយបេសកកម្មផ្សេងៗទាក់ទងនឹងសុខភាព ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចជួយដល់ការរីកចម្រើនលើចំណេះដឹង និងធ្វើឲ្យយើងបានជួបស៊ាំជាមួយនឹងករណីជំងឺប្លែកៗផងដែរ»  ។

ទន្ទឹមនឹងគ្នានេះផងដែរ ក៏មានអ្នកជំងឺចំនួន៣រូបដែលរួមមាន លោកពូ អាន រ៉ាឌី ក្នុងវ័យ៦១ឆ្នាំ (បន្ទាយមានជ័យ) លោកអ៊ំស្រី អ៊ុំ អេង អាយុ៦២ឆ្នាំ (បន្ទាយមានជ័យ)​ ​និងលោកអ៊ំ ហ៊ីប ម៉ាន់ (បន្ទាយមានជ័យ) ក៏បានចូលរួមចែករំលែកនូវចំណាប់អារម្មណ៍ដែរថា «អ្នកជំងឺភាគច្រើនបានទទួលដំណឹងអំពីកម្មវិធីវះកាត់ជូនឥតថ្លៃនេះតាមរយៈមន្ទីរពេទ្យ និងគ្រូពេទ្យខេត្តផ្ទាល់។ ខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំវិស័យសុខាភិបាលឲ្យនៅតែបន្តជួយផ្សព្វផ្សាយអំពីជំងឺនេះ ដើម្បីការពារកុំឲ្យមានការកើត ក៏ដូចជាការរើសអើងដល់អ្នកជំងឺហង់សិន និងសូមឲ្យមាននូវការរៀបចំនូវកម្មវិធីព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺនេះបន្តទៅទៀត»​​  ។  ពួកគាត់ក៏បានបង្ហាញពីការតាំងចិត្តក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីទាំងនេះទៀតហើយក៏នឹងជួយជំរុញអ្នកជំងឺដទៃទៀតឲ្យចូលរួមទទួលសេវានេះដោយមិនមានការអៀនខ្មាស់ ឬរើសអើងខ្លួនឯងបន្តទៀត ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់