មានជំងឺផ្តាសាយធំ គួរធ្វើយ៉ាងណា?

វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។  នៅក្នុងលក្ខខណ្ឌធម្មតា  ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់ យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបានដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite)ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។

អ្វីគួរផ្តល់ឲ្យ?
ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖
• ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬSmithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។
 
ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖
• ពពួក Ammonium quaternaire: Biocidan nasal (Menarini)
• ពពួក Benzalkonium: Humex Fournier solution nasale (Urgo)
• ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant)
• ពពួក Fusafungine: Locabiotal (Therval)។
 
អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖
• ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine
• ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine
• ឱសថ Paracétamol: Actifed ឬRinutan។

ការប្រើប្រាស់
• ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាងលើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ
• ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ
• ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្សុី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង
• ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។

បម្រុងប្រយ័ត្ន
ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖
• ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ(Sinusite aiguë)
• ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique)
• អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។

ប្រភពយោង៖  Le Vademecum de  la Médication Officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់