តើកូនអ្នក អាចប្រឈមនឹងជំងឺគ្រុនឈាមកម្រិតណា?

ដូចម្តេចដែលហៅថាជំងឺគ្រុនឈាម?
គ្រុនឈាមជាជំងឺឆ្លងមួយប្រភេទ បង្កឡើងដោយវីរុសដាំង កើតជាពិសេសនៅរដូវភ្លៀង និងអាចប្រឈមចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង និងមនុស្សចាស់។ ជាក់ស្តែង ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញីមានផ្ទុកនូវមេរោគគ្រុនឈាមខាំ ដែលវាមានបែងចែកជា២ប្រភេទ៖
Aedes aegypti ជាប្រភេទមូសខ្លាញី ខាំនៅក្នុងផ្ទះ
Aedes albopictus ជាប្រភេទមូសខ្លាញីខាំនៅក្រៅផ្ទះ។
         
បុគ្គលដែលមានកត្តាប្រឈមខ្លាំងជាមួយនឹងជំងឺគ្រុនឈាមខ្ពស់បំផុត រួមមាន ៖
• កុមារអាយុក្រោម១ឆ្នាំ
• ហូរឈាមធ្ងន់ធ្ងរ
• មានស្ហុករយៈពេលយូរ
• កុមារដែលធាត់លើសទម្ងន់
• កុមារដែលមានជំងឺពីកំណើត
• ស្ត្រីមានផ្ទៃពោះ
• មនុស្សចាស់។
        
សញ្ញានៃក្មេងកើតជំងឺគ្រុនឈាមស្តែងឡើង ដូចជា៖
• មានក្តៅខ្លួន និងប្រវត្តិក្តៅខ្លួនខ្លាំង ពី៣៩-៤០អង្សា ក្នុងរយៈពេលពី២ទៅ៧ថ្ងៃ
• មិនឆ្លើយតបនឹងថ្នាំប៉ារ៉ាសេតាម៉ុលដែលប្រើដើម្បីបញ្ចុះកម្តៅ
• មានអាការៈសន្លឹម មិនលេង ញ៉ាំមិនបានអស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក  និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ  កន្ទួលរោលលើស្បែក   និងមានសញ្ញានៃការហូរឈាមផ្សេងៗ។

គ្រុនឈាមចំពោះកុមារមានការវិវឌ្ឍ និងយន្តការដូចម្តេច?
ដំបូង មូសខ្លាញីមិនមានមេរោគគ្រុនឈាមនោះទេប៉ុន្តែវាអាចចម្លងបានលុះត្រាតែវាបានខាំបឺតឈាមអ្នកជំងឺដែលមានផ្ទុកមេរោគគ្រុនឈាមក្នុងដំណាក់កាលក្តៅខ្លួន បន្ទាប់មករយៈពេលពី៧-១០ថ្ងៃក្រោយ ទើបវាអាចខាំចម្លងទៅកុមារមួយទៀតបាន ក្រោយមកទៀតរយៈពេលពី៥-៨ថ្ងៃ ទើបកុមារនោះមានស្តែងចេញនូវរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ។ ជំងឺគ្រុនឈាមមានយន្តការពីរសំខាន់គឺ បង្កឲ្យមានការជ្រាបចេញនៃប្លាស្មាពីក្នុងសរសៃឈាម និងមានការហូរឈាម ដែលអាចធ្វើឲ្យកុមារបាត់បង់ជាតិទឹកនៅក្នុងខ្លួន រហូតដល់មានស្ហុក (ជីពចរខ្សោយហើយញាប់  ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទី និងមានសម្ពាធឈាមធ្លាក់ទាប) ដែលងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនបើកុមារមានសញ្ញានេះយូរលើសចាប់ពី៤ម៉ោងទៅ នោះនឹងបង្កឲ្យកុមារប្រឈមនឹងការខ្សោយនូវសរីរាង្គមួយចំនួនមានដូចជា ថ្លើម សួត បេះដូង និងតម្រងនោមជាដើម ដែលអាចធ្វើឲ្យកុមារបាត់បង់អាយុជីវិតបាន។
        
តើធ្វើដូចម្តេច ដើម្បីដឹងថាជាជំងឺគ្រុនឈាម?
ករណីសង្ស័យថាកុមារមានជំងឺគ្រុនឈាម គ្រូពេទ្យនឹងតម្រូវឲ្យកុមារពិនិត្យឈាម មើលលើអេម៉ូក្រាម និងតេស្តមួយទៀតហៅថា NS1 អាចមើលដឹងថាកុមារមានមេរោគគ្រុនឈាមបានលឿននៅដំណាក់កាល២-៥ថ្ងៃដំបូងដែលក្មេងក្តៅខ្លួនខ្លាំង ប៉ុន្តែមិនអាចបែងចែកចេញអំពីកម្រិត និងដំណាក់កាលរបស់ជំងឺនោះទេ។
       
តើធ្វើដូចម្តេច ដើម្បីដឹងពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម?
ជំងឺគ្រុនឈាមត្រូវបានបែងចែកចំណាត់ថ្នាក់ជា៤កម្រិតធំៗ អាស្រ័យលើរោគសញ្ញា និងដំណាក់កាលរបស់វា៖
កម្រិតទី១៖ ស្តែងចេញជាសញ្ញាហូរឈាមដោយការធ្វើឡាសេតេស្តវិជ្ជមាន (កន្ទួលក្រហមក្រោមស្បែក) និង ជាំលើស្បែកដោយសារការចាក់ថ្នាំ
កម្រិតទី២៖ គ្រុនឈាមកម្រិតទី១ រួមផ្សំជាមួយសញ្ញានៃការហូរឈាមដោយឯងៗដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ក្អួតឈាម និងបន្ទោបង់ឈាម ជាដើម
កម្រិតទី៣៖ គ្រុនឈាមកម្រិតទី១ និងកម្រិតទី២ រួមផ្សំជាមួយនឹងកុមារមានជីពចរខ្សោយហើយញាប់ ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទីនិងមានសម្ពាធឈាមធ្លាក់ទាប
កម្រិតទី៤៖ ជីពចរ និង សម្ពាធឈាមកុមារយកមិនបាន។

តើកុមារគ្រុនឈាមត្រូវព្យាបាលរបៀបណា?
រហូតដល់បច្ចុប្បន្ននេះ ពុំមានឱសថ ឬការព្យាបាលណាមួយជាក់លាក់ចំពោះកុមារដែលមានជំងឺគ្រុនឈាមនោះទេ ប៉ុន្តែជំងឺនេះអាចធ្វើការព្យាបាល តាមដំណាក់កាលនីមួយៗ និងរោគសញ្ញាដែលកើតមានឡើង។ ជាឧទាហរណ៍ ប្រសិនបើក្មេងក្តៅខ្លួន គ្រូពេទ្យនឹងផ្តល់ថ្នាំបញ្ចុះកំដៅ ឬបើកុមារមានក្អួតផ្តល់ថ្នាំបំបាត់ក្អួតជាដើម។ សំខាន់បំផុត ការព្យាបាលជំងឺគ្រុនឈាមត្រូវពឹងផ្អែក លើការធ្វើរោគវិនិច្ឆ័យ ប្រសិនបើធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា  នោះកុមារនឹងទទួលបានការព្យាបាលមួយត្រឹមត្រូវសមស្រប ហើយអត្រាស្លាប់ចំពោះកុមារមានជំងឺគ្រុនឈាមក៏ត្រូវបានកាត់បន្ថយដូចគ្នាផងដែរ។
       
ឱសថ និងអាហារអ្វីខ្លះ ត្រូវប្រើដោយប្រុងប្រយ័ត្ន ឬចៀសវាង?
គួរបញ្ជាក់ថា បើកុមារមានអាការៈក្តៅខ្លួននៅរដូវភ្លៀង ឬជារដូវគ្រុនឈាម ហើយសង្ស័យថាកុមារមានជំងឺគ្រុនឈាម  អាណាព្យាបាល  ឬអ្នកថែទាំកុមារត្រូវចៀសវាងនូវការប្រើប្រាស់ថ្នាំ Aspirin ឬIbuprofen ព្រោះវាអាចបង្កផលវិបាកឲ្យកុមារមានហូរឈាមកាន់តែខ្លាំង  បើគាត់ពិតជាមានជំងឺគ្រុនឈាម។  ក្នុងអំឡុងពេលទទួលការព្យាបាលនេះ កុមារគួរទទួលទានអាហារទន់ៗ ហើយញ៉ាំតិចៗ និងច្រើនដង  ចៀសវាងហូបអាហារ ឬទឹកភេសជ្ជៈដែលមានពណ៌ក្រហម ឬក្រមៅ(ដោយហេតុថាពណ៌អាហារទាំងនេះអាចច្រឡំជាមួយនឹងឈាម)។

ធ្វើបែបណា ដើម្បីការពារកុមារពីជំងឺគ្រុនឈាម?
• ឪពុកម្តាយ ឬអាណាព្យាបាលត្រូវជ្រើសរើសកន្លែងណាដែល កុមារដេក ឬលេង ឬរៀន ឬហូបអាហារ ដោយមិនឲ្យមូសខ្លាខាំបាន៖
      -រក្សាកុមារតូចដេកនៅក្នុងមុងជានិច្ច
      -ទីធ្លាកុមារលេងត្រូវមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់។
• សម្អាតទីធ្លាជុំវិញផ្ទះ និងក្នុងផ្ទះឲ្យបានស្អាតជាពិសេសកន្លែងមានទឹកដក់ដែលអាចជាជម្រកនៃមូសខ្លា
• ចិញ្ចឹមត្រីក្នុងពាងឲ្យស៊ីដង្កូវទឹក ឬគ្របពាងទឹកជាប្រចាំ ឬដាក់ថ្នាំអាបែតបើមាន
• ស្លៀកសម្លៀកបំពាក់វែងៗឲ្យកុមារ
• ប្រើស្រៃ្ពយ៍បាញ់លើស្បែកកុមារការពារមូសខាំ។

ប្រសិនបើមាតាបិតាគ្រប់រូបបានជួបនឹងរោគសញ្ញាសង្ស័យចំពោះកូនៗដូចរៀបរាប់ខាងលើ រួមមានអាការៈសន្លឹម មិនលេង   ញ៉ាំមិនបាន អស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ កន្ទួលរោលលើស្បែក និងមានសញ្ញានៃការហូរឈាមផ្សេងៗ  គួរប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា។

បកស្រាយដោយវេជ្ជបណ្ឌិត ក្តាន់ យុវឌ្ឍនា ឯកទេសជំងឺឆ្លង និងគ្រុនឈាម នៃមន្ទីរពេទ្យកុមារជាតិ

©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់