សក់ជ្រុះដែលមិនដុះវិញ

គ្រប់គ្នាជ្រុះសក់ជាប្រចាំ ខ្លះជ្រុះហើយដុះវិញជាធម្មតា ឬប្រើរយៈពេលយូរទើបដុះវិញតាមវដ្តនៃសក់ ប៉ុន្តែចុះបើសក់អ្នកជ្រុះហើយមិនដុះវិញនោះ តើអ្នកគួរធ្វើយ៉ាងណា? ចង់ដឹងច្បាស់ តាមដានការធ្វើបទសម្ភាសន៍របស់ហេលស៍ថាម លើប្រធានបទ «Cicatricial Alopecia» ជំងឺជ្រុះសក់ដែល
មិនដុះវិញ ជាមួយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសខាងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តើអ្វីទៅជាការជ្រុះសក់មិនដុះវិញ ឬ Cieatricial Alopecai?
ការជ្រុះសក់មិនដុះវិញ ដែលភាសាអង់គ្លេសហៅថា Cicatricial  Alopecia scarring alopecia មកពីពាក្យ Cicatricial មានន័យថាផ្លែឬសម្លាក រីឯalopecia ជាការជ្រុះសក់។ ដូចនេះ Cicatricia Alopecia ជាជំងឺជ្រុះសក់មួយប្រភេទមានលក្ខណៈជាផ្លែឬសម្លាកនៅលើស្បែកក្បាល ផ្តើមចេញដោយការបំផ្លាញទៅលើគល់សក់ហើយជំនួសដោយជាលិកាសម្លាក ឬផ្លែដែលធ្វើឲ្យស្បែកក្បាលក្រិន ហើយសក់លែងដុះតែម្តង។

ជាទូទៅ  Cicatricial Alopecia ចែកចេញជាពីរទម្រង់ផ្សេងទៀត៖
•Primary Cicatricial Alopecia ជាការរលាកទៅលើគល់រោមតែម្តងសំដៅលើមូលហេតុណាក៏ដោយធ្វើឲ្យមានបញ្ហាលើគល់រោមផ្ទាល់។
•Secondary Cicatricial Alopecia មិនសំដៅលើគល់រោមប៉ុន្មាននោះទេ វាអាចមានដូចជាការរលាកភ្លើង ការប្រើកាំរស្មីលើមហារីក ដែលបណ្តាលឲ្យខូចស្បែកកន្លែងនោះ។

ចំពោះទម្រង់ Primary Cicatricial Alopecia ក៏មានបែងចែកជា ៣ប្រភេទទៀត ដោយពឹងផ្អែកលើការច្រឹបសាច់យកទៅមើល(Biopsy)៖
⊕ ប្រភេទកោសិកា lymphocytes ជួបប្រទះច្រើនជាងគេ មាន៤ជំងឺ៖
•Discoid Lupus  Erythematosus 
•Lichen Planopilaris ចែកចេញជាជំងឺ៣ទៀតគឺ Classic Lichen, Planopilaris  Frontal Fibrosing Alopecia និង Graham Little Syndrome
•Classic Pseudopelade   
•Central Centrifugal Alopecia

⊕ ប្រភេទកោសិកា Neutrophil មាន៣ជំងឺ៖
•Keratosis follicularis spinulosa decalvans
•Folliculitis decalvans
•Dissecting cellulitis 


⊕ ប្រភេទកោសិកាទាំងពីរ Lymphocyte និង Neutrophil ដែលហៅថា mixed មានជំងឺ៣សំខាន់គឺ៖
•Folliculitis keloidalis
•Folliculitis necrotisan 
•Erosive follicular dermatosis 

តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសក់ជ្រុះហើយមិនដុះឡើងវិញ?
មូលហេតុដែលធ្វើឲ្យសក់ជ្រុះហើយមិនដុះវិញនេះមិនទាន់មានការសិក្សាណាមួយត្រូវបានបង្ហាញនៅឡើយទេគ្រាន់តែមានករណីសង្ស័យថាអាចបណ្តាលមកពីការថយចុះនូវអង់ស៊ីមម៉្យាងហៅថា Peroxisome Proliferator activated receptor Gama ដែលអង់ស៊ីមនេះជួយការពារកុំឲ្យខូចគល់សក់។ បើកាលណាអង់ស៊ីមមួយនេះថយចុះបង្កឲ្យក្រពេញខ្លាញ់បំបែកខ្លួនធ្វើមុខងារមិនបានល្អក្លាយទៅជាកកខ្លាញ់នាំឲ្យកោសិកា lymphocyte និង neutrophilមានប្រតិកម្មនៅកន្លែងនោះបណ្តាលឲ្យបំផ្លាញគល់រោម។ បញ្ហានេះហាក់ដូចជាគ្មានកត្តាជម្រុញអ្វីផ្សេងទៀតនោះទេ  ដូចបានបញ្ជាក់ខាងលើ      ការជ្រុះសក់ក្នុងករណីនេះកើតលើប្រជាជនមានសុខភាពល្អលើជនជាតិអាមេរិកស្បែកខ្មៅ និងមានកើតច្រើនលើបុរសស្ត្រីនៅវ័យកណ្តាល។

តើរោគសញ្ញានៃជំងឺជ្រុះសក់មិនដុះវិញនេះស្តែងចេញដូចម្តេចខ្លះ?
រោគសញ្ញាមានការស្តែងចេញខុសៗពីគ្នាទៅតាមប្រភេទជំងឺ ដូចជា ជំងឺលើកោសិកា Lymphocyte កោសិកាNeutrophil និងកោសិកាទាំងពីរចូលគ្នាតែម្តង។ ដំបូងអ្នកជំងឺអាចមានចេញជា រមាស់ ក្រហម ក្តៅអ្នកខ្លះមានវាលម្តុំៗ ទាល់តែច្រឹបស្បែកយកទៅពិនិត្យទើបដឹង រីឯអ្នកខ្លះទៀតមានការដូរពណ៌ស្បែកតែម្តង(depigmentation)អាចមានឡើងពណ៌ទៅជាខ្មៅជាដើម។

តើការធ្វើរោគវិនិច្ឆ័យជំងឺជ្រុះសក់ប្រភេទនេះមានវិធីណាខ្លះ?
លោកអ្នកគួរធ្វើការណាត់ជួបគ្រូពេទ្យបើអ្នកមានសញ្ញារមាស់ ក្រហម ក្តៅ ទ្រាំមិនបាននោះគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើសញ្ញាគ្លីនិកបន្ទាប់មកទើបច្រឹបយកសាច់ទៅធ្វើវិភាគដើម្បីបែងចែកថាស្ថិតនៅក្នុងប្រភេទណាមួយ។

តើអាចព្យាបាលបានដោយវិធីណាខ្លះ?
ការព្យាបាលអាចសង្ឃឹមបានជោគជ័យច្រើន បើធ្វើឡើងខណៈពេលវាស្ថិតក្នុងទម្រង់សកម្ម មានន័យថា នៅត្រង់គល់រោមមិនទាន់ត្រូវបានបំផ្លាញអស់។

ក្នុងនោះដែរ គេអាចប្រើពពួកថ្នាំប្រឆាំងការរលាកដូចជា di-hydrochloroquine ពពួក corticosteroid  ឬពពួកថ្នាំលេបតាមមាត់ cyclosporine  ដើម្បីទប់កុំឲ្យកោសិកាមានប្រតិកម្មខុស។ ម៉្យាងទៀត អាចប្រើថ្នាំលាបនៅហ្នឹងកន្លែង ប្រភេទ steroid ពពួក corticosteroid ពពួក immuno modulator ហៅថា TACROLIMUS។ ក្រៅពីនេះគេក៏មានព្យាបាលដោយចាក់ពពួក triamcinolone ក្នុងគោលការណ៍បំបាត់កុំឲ្យមានការបំផ្លាញនៅគល់រោមតាមរយៈតួនាទី២ យ៉ាងប្រឆាំងនឹងការរលាកផង និង ទប់កុំឲ្យកោសិកាមានប្រតិកម្មខុសផង។

បើអ្នកទុកបញ្ហាជ្រុះសក់នេះឲ្យហួសពេល ក្លាយជា ជាលិកាផ្លែ ឬ សម្លាក (scars tissue) ការព្យាបាលឲ្យសក់ដុះវិញមិនអាចធ្វើបាននោះទេ គ្រូពេទ្យអាចត្រឹមធ្វើការវះកាត់ ជំនូសដោយចិតសក់ពីម្តុំណាមួយមកដាក់ជំនួសបានមួយចំនួន ប៉ុន្តែការធ្វើបែបនេះបានចំពោះតែទំហំតូចៗប៉ុណ្ណោះ។

ករណីអ្នកជំងឺមិនទទូលការព្យាបាលឲ្យបានទាន់ពេលវេលាទេ នោះគាត់អាចនឹងប្រឈមជាមួយបញ្ហាទំពែកមួយជីវិតតែម្តង  ម៉្យាងវិញទៀតវាអាចប៉ះពាល់ខាងផ្លូវចិត្ត មានការរើសអើងពីសង្គមអាចឈានរហូតដល់អាចសម្លាប់ខ្លួនបានទៀតផង។

យោងតាមការរៀបរាប់ខាងលើដោយសារតែមូលហេតុរបស់វាយើងមិនអាចដឹងច្បាស់   ដូចនេះហើយយើងមិនអាចធ្វើការការពារបាននោះទេ ប៉ុន្តែបើដឹងបានទាន់ពេលវានឹងកាត់បន្ថយការជ្រុះកាន់តែប្រសើរ។

ប្រជាជនយើងជាទូទៅស្ថិតនៅអាយុកំពុងពេញវ័យទាំងស្ត្រីទាំងបុរស ប្រសិនបើមានបញ្ហាជ្រុះសក់ខុសធម្មតាជាពិសេសមានរមាស់ មានក្រហម មានបញ្ហាក្តៅក្បាល ឬមានហើម គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះកាលណាព្យាបាលបានទាន់ពេលវេលាអាចចៀសវាងនូវផលវិបាកទៅថ្ងៃក្រោយ។

 

Has 2 មតិយោបល់
ថ្លាង ណាត

លោក វេជ្ជបណ្ឌិត

សូមអរគុណប្រសាស្រ្តន៍របស់លោកគ្រូពេទ្យ ក៍ដូចជាដំបូរន្មានផ្សេងៗ ព្រមទាំងវិធីសាស្រ្តព្យាបាលលើជំងឺជ្រុះសក់នេះ។ មនុស្សភាគច្រើនគឺមិនបានទៅពិគ្រោះជាមួយវេជ្ជបណ្ដិត ដើម្បីរកវិធីព្យាបាលឡើយ ផ្ទុយទៅវិញពួកគេរិះរកគ្រប់មធ្យោបាយដោយខ្លួនឯងក្ដី តាមរយះមិត្តភក្រ្តក្តី ឫសតាមការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម្បីលក់ផលិតផលជាដើម។ ទាំងនេះបញ្ជាក់អោយឃើញថា ការព្យាបាល ពិតជាមិនទទួលផលល្អភាគច្រើន ចំណាយអស់ប្រាក់ និងពេលវេលាប៉ុន្តែគ្មានប្រសិទ្ឋិភាព។ ចាប់តាំងពីពេលនេះតទៅរាល់បងប្អូនដែលកើតជំងឺនេះសូមមេត្តាប្រញាប់រួសរាន់ទៅរកលោកវេជ្ជបណ្ឌិតដើម្បីពិគ្រោះនិងព្យាបាល នៅទីតាំងដែលជិតអ្នកបំផុត។

សូមអរគុណ!

ថ្លាង ណាត

Editor
សូមអរគុណសម្រាប់ការបញ្ចេញមតិយោបល់...

reply

RY koeun
i want to consult with u and want to have ur phone number!
Editor
You may visit this link, http://healthtime.tips/p/គ្លីនិក​សើស្បែកណង់ស៊ី(វេជ្ជបណ្ឌិតព្រហ្មផានិត) for info of his clinic, also his number...or can simply click the link on the right above...Thanks

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧