ដូចម្តេចដែលហៅថាជំងឺច្រាលទឹកអាស៊ីតក្រពះ?

ជំងឺច្រាលទឹកអាស៊ីតក្រពះ ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើតមានច្រើនណាស់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ តាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត និងបានបញ្ចប់ការសិក្សាជំនាញក្រពះពោះវៀននៅប្រទេសបារាំង ថា«សព្វថ្ងៃនេះ មានអ្នកជំងឺដែលមានបញ្ហាច្រាលទឹកអាស៊ីតក្រពះនេះ មកជួបពិគ្រោះជំងឺនិងទទួលការព្យាបាលជារៀងរាល់ថ្ងៃ»។

ដូចនេះហើយ ហេលស៍ថាម នឹងនាំជូនមិត្តអ្នកអាននូវចំណេះដឹងថ្មីស្តីពី «ជំងឺច្រាលទឹកអាស៊ីតក្រពះ» ក្រោមការបកស្រាយដោយលោកសាស្រ្តាចារ្យផ្ទាល់។

លក្ខណៈទូទៅ
ជំងឺច្រាលទឹកអាស៊ីតក្រពះអាចកើតមានជាករណីធម្មតាដោយទឹកនៅនឹងក្រពះឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ហើយមិនញឹកញាប់ទេ គឺមិនច្រើនជាង ៦ទៅ៧ដងក្នុងមួយថ្ងៃ តែបើករណីជំងឺវិញ គឺទឹកអាស៊ីតដែលនៅក្នុងក្រពះនោះឡើងមកបំពង់អាហាររយៈពេលយូរ ហើយលើសពី ៦ទៅ៧ដងក្នុងមួយថ្ងៃ។

រោគសញ្ញា
-ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេស ដូចជាភើជូដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក
-រោគសញ្ញាមិនពិសេសមានដូចជា ឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក មានស្លេស្មច្រើននៅបំពង់ក ឈឺបំពង់ក ក្អក និងដំបៅមាត់។

ការធ្វើរោគវិនិច្ឆ័យ
-ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាពិសេស តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជា ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។
-ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនពិសេសវិញ ការឆ្លុះក្រពះត្រូវធ្វើដោយផ្អែកលើកត្តាអាយុ (លើសពី៤០ឆ្នាំ)ប្រវត្តិគ្រួសារមានអ្នកកើតបញ្ហាក្រពះពោះវៀន ពិសាស្រា ឬអ្នកជំងឺស្រកទម្ងន់ខុសធម្មតា។

ការព្យាបាល
ទាក់ទងទៅនឹងការព្យាបាល មាន២យ៉ាងគឺ ៖
អ្នកជំងឺត្រូវធ្វើការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ៖
-គ្រូពេទ្យនឹងឲ្យអ្នកជំងឺដែលធាត់បញ្ចុះទម្ងន់របស់គាត់ ព្រោះកត្តាធាត់ជាការជម្រុញឲ្យកើតបញ្ហាច្រាលអាស៊ីតនេះដែរ
-ត្រូវបរិភោគទាំងអាហារ និងទឹកតិចនៅពេលយប់ហើយ
-ត្រូវពិសាអាហារពេលល្ងាចឲ្យបាន៤ម៉ោងមុនពេលចូលគេង
-បរិភោគសាច់តិច តែបន្លែ និងផ្លែឈើច្រើន
-បញ្ឈប់ការពិសាស្រា និងបារី ព្រមទាំងកាត់បន្ថយកាហ្វេ
-ចៀសវាងការប្រើថ្នាំមួយចំនួនដែលឲ្យអាស៊ីតក្រពះកើនឡើង ដូចជាថ្នាំលើសឈាម (ស្នើរឲ្យគ្រូពេទ្យគាត់ប្តូរថ្នាំ) និងថ្នាំវីយ៉ាក្រាជាដើម
-ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីចៀសវាងការឡើងទម្ងន់ ជាពិសេសដុះពោះ
-ចំពោះទម្លាប់នៃការគេង គ្រូពេទ្យស្នើរសុំឲ្យអ្នកជំងឺកល់ជើងគ្រែ ដើម្បីលើកក្បាលដំណេកគាត់ឲ្យខ្ពស់ដល់ ៣០ ស.ម.។
ការប្រើប្រាស់ថ្នាំ៖ សម្រាប់ការព្យាបាលដោយថ្នាំវិញ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំបន្សាបជាតិអាស៊ីត រយៈពេល២ខែ ឬយូរជាងនេះទៅតាមស្ថានភាពរបស់អ្នកជំងឺ។

យ៉ាងណាមិញ ការព្យាបាលជំងឺនេះ មិនអាចព្យាបាលឲ្យជានោះទេ តែគ្រូពេទ្យអាចព្យាបាលឲ្យបាត់នូវរោគសញ្ញាដែលលេចឡើងដើម្បីមិនឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ ដូចនេះការព្យាបាលអាចនឹងមានពេលយូរ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំរយៈពេលយូរបែបនេះ អាចនឹងប៉ះពាល់អ្នកជំងឺមួយចំនួនដូចជា បើអ្នកជំងឺមានមេរោគនៅក្នុងក្រពះ នោះពួកគាត់ត្រូវធ្វើការព្យាបាលមេរោគនេះសិន ទើបប្រសើរ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យសូមផ្តែផ្តាំដល់មិត្តអ្នកអានទាំងអស់ថា រាល់បញ្ហាទាំងអស់ដែលកើតមានចំពោះសុខភាព លោកអ្នកគួរតែមកស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះការឆាប់មកទទួលការព្យាបាល នោះការចំណាយធនធានក៏តិចផងដែរ ហើយងាយនឹងការពារពីការកើតឡើងវិញ និងពីផលវិបាកផ្សេងៗ តួយ៉ាងដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជាពិសេសជំងឺច្រាលទឹកអាស៊ីតក្រពះ ប្រសិនបើលោកអ្នកអាចធ្វើបានតាមវិធីបង្ការដែលបានរៀបរាប់ខាងលើ នោះការប្រឈមទៅនឹងជំងឺនេះនឹងត្រូវបានកាត់បន្ថយដល់ទៅ ៩០%។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧