ធ្វើយ៉ាងណាទើបជោគជ័យទាំងការសិក្សា និងស្នេហា?

(3)
11619
ដោយ : Super Admin

សេចក្តីសេ្នហាដែលគ្រប់គ្នាមិនអាចគេចបាន គឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ហើយវាមានឥទ្ធិពលខ្លាំងទៅលើយុវវ័យ។ ឥទ្ធិពលទាំងនោះអាចជះផលវិជ្ជមាន និងអវិជ្ជមានទៅលើពួកគេដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា។ កញ្ញា នាង សុវឌ្ឍនា ដែលមហាជនបានហៅថា Dj NaNa និងទទួលស្គាល់ថាជាពិធីការិនីវិទ្យុដ៏មានជំនាញខាងវិភាគវែកញែកវិបត្តិសេ្នហា និងចូលរួមបកស្រាយជាមួយអត្ថបទហេលស៍ថាមពីបញ្ហាពាក់ព័ន្ធទៅនឹង«សេចក្តីសេ្នហាអំឡុងពេលសិក្សារបស់យុវវ័យ»…

អ្វីទៅជាអត្ថន័យនៃពាក្យថា«ស្នេហា»?
វាអាចជាបង្អែមសម្រាប់បន្ថែមរសជាតិជីវិត ឬ ជាគោលបំណងមួយសំខាន់ក្នុងជីវិតដែលមិនអាចខ្វះបាន។ សម្រាប់ Dj Nanaផ្ទាល់ «សេ្នហាជាសេចក្តីស្រលាញ់កើតចេញពីបេះដូង ជាអារម្មណ៍ធម្មជាតិដែលមិនអាចបង្ខំបាន ប៉ុន្តែវាជាការសម្រេចចិត្តជ្រើសរើសដែលកើតចេញពីខួរក្បាលរបស់មនុស្សម្នាក់ៗ»

តើការមានស្នេហាក្នុងវ័យសិក្សាល្អដែរឬទេ?
អ្នកខ្លះគិតថាវាអាចប៉ះពាល់ដល់ពេលវេលា ថយចុះគុណភាពនៃការសិក្សា ក៏ដូចជាការផ្តោតអារម្មណ៍របស់សិស្សនិស្សិត។ តាមការពិតទៅ គំនិតបែបនេះ និងពាក្យស្លោកដែលគេនិយាយថា«ស្រលាញ់ស្រីខ្លីវិជ្ជា» គ្រាន់តែជាមធ្យោបាយសម្រាប់ឃាត់យុវវ័យកុំឲ្យមានសេ្នហាតែប៉ុណ្ណោះ ហើយវាដូចជាបង្រៀនឲ្យសិស្សចេះកុហក ពីព្រោះសេ្នហាមិនអាចបង្ខំបានឡើយ។ ជំនួសឲ្យការឃាត់ឃាំង  ឪពុកម្តាយ ឬចាស់ទុំ គួរតែពន្យល់ណែនាំពីការស្រលាញ់បែបណាដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនផ្ទាល់ ហើយវាក៏ជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗក្នុងការជ្រើសរើសដៃគូសេ្នហាដែលត្រឹមត្រូវសម្រាប់ខ្លួន។

អ្វីដែលសំខាន់បំផុតពេលស្រលាញ់គ្នា?
អ្វីដែលសំខាន់ គឺការយោគយល់គ្នាអំពីការផ្តល់អាទិភាព និងគោលដៅរបស់គ្នាទៅវិញទៅមក។ ជាក់ស្តែង អ្នកខ្លះឲ្យអាទិភាពទៅលើការសិក្សា ដូច្នេះ ការឲ្យពេលវេលាលើការសិក្សា គឺមានច្រើនជាងការចំណាយពេលជាមួយសង្សារ មនុស្សខ្លះទៀតចាត់ទុកគូសង្សារជាអាទិភាពចម្បង។   ពេលខ្លះ វាអាចបង្កជាជម្លោះ ឬការសង្ស័យរវាងគ្នា និងគ្នា ដូច្នេះហើយ គឺវាទាមទារឲ្យមានការគោរព និងសម្របតាមគ្នា ដោយចៀសវាងការបង្ខំពីដៃគូសងខាង ដើម្បីឲ្យសេ្នហាបានរលូន។ 

តើមានអ្វីខ្លះជាគន្លឹះ ដើម្បីជោគជ័យទាំងការសិក្សា និងស្នេហា?
-ដើរតួនាទីជាគ្រូចំពោះគ្នាទៅវិញទៅមក ទៅតាមជំនាញដែលខ្លួនពូកែផ្សេងៗពីគ្នា 
-បន្ថែមប្រសិទ្ធភាពនៃការរៀន ដោយហេតុថាមិត្តប្រុសស្រីជាមនុស្សដែលយល់ច្បាស់ពយើងជាងអ្នកដទៃ ហើយគេក៏អាចរកគន្លឹះដែលងាយយល់ និងល្អៗ
-ការតាំងសតិឲ្យបានល្អ បើទោះជាជួបប្រទះនឹងស្នេហាបែកបាក់ 
-គិតគូរដល់អនាគតផ្ទាល់ខ្លួនជាចម្បង។

តើមានទីកន្លែងណាខ្លះដែលអាចណាត់ជួបសម្រាប់សង្សារសិស្សនិស្សិត?
-បណ្ណាល័យ ៖ ជាទីកន្លែងដែលស្ងប់ស្ងាត់ ងាយស្រួលក្នុងការផ្តោតអារម្មណ៍សិក្សា
-បណ្ណាគារ ៖ ជំនួសឲ្យការដើរទិញសម្លៀកបំពាក់ អ្នកអាចកំដរគ្នារើសសៀវភៅ ឬសម្ភារៈសិក្សាផ្សេងៗឲ្យមនុស្សជាទីស្រលាញ់
-កម្មវិធីសិក្សាផ្សេងៗ ៖ សិក្ខាសាលា កម្មវិធីបោះជំរុំ ពិព័រណ៍ការងារ ឬការសិក្សា ។ល។ ដែលអាចផ្តល់ឱកាសសាងអនុស្សាវរីយ៍ និងរៀនពីអ្វីដែលថ្មី
-ហាងកាហ្វេ ៖ ចំណាយពេលខ្លះសិក្សាលើមេរៀនរៀងខ្លួន និងបន្ថែមភាពផ្អែមល្អែមតាមរយៈការសម្លឹងមើលមុខគ្នាពេលកំពុងផ្ចង់អារម្មណ៍រៀន
-ពិកនិក ៖  ចំណាយប្រាក់តិច ហើយក៏អាចឆ្លៀតឱកាសរៀនបានដូចគ្នា
-កម្មវិធីក្រៅម៉ោងសិក្សា ៖ ព្រឹត្តិការណ៍ ការប្រគុំតន្រ្តី កម្មវិធីស្ម័គ្រចិត្ត សុទ្ធតែជាឱកាសល្អ។

សារសម្រាប់មិត្តអ្នកអាន
យុវវ័យដែលចង់មានដៃគូសេ្នហា គឺត្រូវជឿលើខួរក្បាលជាងបេះដូង ហើយត្រូវគិតឲ្យបានវែងឆ្ងាយសម្រាប់អនាគតខ្លួនដោយរើសដៃគូដែលខ្លួនពេញចិត្ត ប៉ុន្តែក៏ត្រូវគិតដែរថា «តើគេអាចស័ក្តិសមធ្វើជាឪពុក ឬម្តាយរបស់កូនយើងដែរឬទេ?»

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧