ពពែឆ្កែ កើតដោយសារលួចមើលឆ្កែរួមសង្វាស?

សំណួរ៖ ខ្ញុំអាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល។ គេថា ពពែឆ្កែ កើតឡើងដោយសារយើងលួចមើលឆ្កែរួមសង្វាស។ តើនេះជាការពិតទេ? ហើយតើជំងឺនេះឆ្លងដែរឬទេ? និងត្រូវព្យាបាលដូចម្តេច?

ចម្លើយ៖ ពពែឆ្កែ កើតឡើងដោយសារតែនៅជុំវិញត្របកភ្នែកមានក្រពេញមានក្រពេញខ្លាញ់ដែលហៅថា Meibomian glands ស្ទះ ហើយមានមេរោគនៅជុំវិញនោះដូចជា Staphylocoque ឬ Streptocoque បង្ករោគនៅនឹងក្រពេញខ្លាញ់នេះ ដោយកជាខ្ទុះ។ ជំងឺនេះ អាចហៅថាអាប់សែនៅលើត្របកភ្នែក។ ដើម្បីការពារកុំឲ្យមានពពែឆ្កែ ត្រូវលាងភ្នែកជាមួយទឹកស្អាតបន្ទាប់ពីយើងចេញទៅក្រៅ ហើយត្រូវចៀសវាងការញីភ្នែកព្រោះវាជាកត្តាដែលធ្វើឲ្យស្ទះក្រពេញ និងឲ្យមេរោគងាយចូលក្នុងភ្នែក។ តែបើករណីលេចចេញពពែឆ្កែហើយ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្នែក។ ករណីទើបនឹងឡើងប៉ោងតិចៗ គេអាចស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យខ្លាញ់រលាយនិងបាត់ប៉ោងវិញ ហើយប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេប។ តែបើករណីមានខ្ទុះហើយ វិធីតែម្យ៉ាងគឺត្រូវចោះបង្ហូរយកខ្ទុះចេញ តែក៏មានភ្នែកខ្លះធ្លាយខ្ទុះចេញខ្លួនឯង និងត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេបជាមួយ។

បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ពាក្យទាក់ទង


មតិយោបល់