ខាន់ស្លាក់៖ ជំងឺកម្រ តែកាចសាហាវ

ជាទូទៅ ជំងឺខាន់ស្លាក់ កើតជាចម្បងទៅលើកុមារអាយុចន្លោះពី៣ទៅ៧ឆ្នាំដោយសារតែប្រព័ន្ធការពាររបស់កុមារនៅខ្សោយនៅឡើយ។ ម្យ៉ាងទៀត ជំងឺនេះ ភាគច្រើនត្រូវបានរកឃើញថាកើតមាននៅក្នុងប្រទេសអន់ថយ និងប្រទេសកំពុងអភិវឌ្ឍ។ ដោយឡែក កម្រមានករណីជំងឺនេះលេចឡើងលើកុមារកម្ពុជាយើងណាស់ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុក សំអាត អតីតប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។

ជំងឺខាន់ស្លាក់នេះ ត្រូវបានគេឲ្យនិយមន័យថាជាជំងឺឆ្លងមួយប្រភេទដែលមានសភាពធ្ងន់ធ្ងរ ហើយវាបណ្តាលមកពីបាក់តេរីមួយប្រភេទដែលមានឈ្មោះថា Corynebacterium diphtherae។ មេរោគនេះ ចម្លងជំងឺដោយបញ្ចេញជាតិពុល (Exotoxin) ដែលនាំឲ្យកោសិកាខូចឬរលាកនៅកន្លែងណាមួយដូចជា បំពង់ក បំពង់សំឡេង ច្រមុះឬក៏អាចមាននៅលើស្បែកផងដែរ។ ជំងឺនេះឆ្លងពីមនុស្សឈឺទៅមនុស្សជាព្រមទាំងតាមរយៈរបស់ប្រើប្រាស់ និងចំណីអាហារចំពោះខាន់ស្លាក់ប្រភេទផ្សេងទៀត។

រោគសញ្ញារបស់ជំងឺនេះ អាចលេចចេញក្នុងរយៈពេលពី ២ទៅ៥ថ្ងៃក្រោយឆ្លងជំងឺ។ វាស្តែងឡើងនូវរោគសញ្ញាមួយចំនួនដែលស្រដៀងទៅនឹងជំងឺរលាកបំពង់កធម្មតាដូចជា ក្តៅខ្លួន ឈឺបំពង់ក ហើមកូនកណ្តុរ ឬពិបាកលេបជាដើម។ ប៉ុន្តែអ្វីដែលគេអាចញែកជំងឺនេះពីជំងឺឈឺបំពង់ក នោះគឺមានលេចឡើងនូវភ្នាសសមួយបាំងទៅលើបំពង់ក ជាពិសេសនៅលើអាមីដាល់ហើយមិនអាចជូតវាចេញបានទេ តែបើនៅតែព្យាយាមជូតវានោះនឹងមានឈាមហូរនៅកន្លែងនោះ ព្រមទាំងមានដុះដុំសាច់ផងដែរ។

រោគវិនិច្ឆ័យ គឺផ្អែកទៅលើការកាត់យកសាច់ដែលដុះមួយផ្នែកទៅមើលនិងធ្វើការបណ្តុះមេរោគ។ មួយវិញទៀត យើងអាចធ្វើតេស្តមួយដែលមានឈ្មោះថា Mononucleoinfectious ដើម្បីទាត់ចោលនូវការចម្លងពីពួកវីរុសឈ្មោះថា Epstine barr virus ដែលវាមានលក្ខណៈស្រដៀងទៅនឹងជំងឺខាន់ស្លាក់។

យ៉ាងណាមិញ ខាន់ស្លាក់អាចព្យាបាលជាឬមិនជា អាស្រ័យទៅលើកន្លែងកើតជំងឺ និងស្ថានភាពរបស់អ្នកជំងឺពេលមកជួបគ្រូពេទ្យ។ ការព្យាបាលជំងឺនេះ ត្រូវប្រើប្រាស់ថ្នាំផ្សះរួមជាមួយនឹងសេរ៉ូមប្រឆាំងជាតិពុលទប់ទល់នឹងបាក់តេរី Diphtherae នេះ។ ប្រសិនបើជំងឺនេះកើតលើប្រព័ន្ធប្រសាទឬសាច់ដុំ នោះការព្យាបាលអាចនឹងពិបាកព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺពិបាកដកដង្ហើម និងត្រូវការការសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីចៀស-វាងការប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ គួបផ្សំជាមួយការព្យាបាលដោយថ្នាំផ្សះ និងសេរ៉ូមប្រឆាំងជាតិពុល។

ចំពោះការការពារជំងឺខាន់ស្លាក់នេះវិញ យើងត្រូវ៖
•ចៀសវាងការប៉ះពាល់អ្នកជំងឺខាន់ស្លាក់
•ដាក់អ្នកជំងឺឲ្យនៅដាច់ពីគេ
•ចាក់វ៉ាក់សាំង ក្រោយព្យាបាលជំងឺនេះជា
•ចាក់វ៉ាក់សាំងលើទារក។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋថា ជំងឺនេះកម្រតែមានសភាពធ្ងន់ធ្ងរ ដូចនេះប្រសិនបើកូនលោកអ្នកមានបញ្ហាពិបាកដកដង្ហើម ត្រូវប្រញាប់នាំកូនៗរបស់លោកអ្នកទៅជួបគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា ព្រោះបំពង់ករបស់ក្មេងតូចហើយបើមានដុះដុំសាច់នៅទីនោះ អាចនឹងងាយស្ទះដង្ហើមដែលជាហេតុបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ពួកគាត់។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧