ជំងឺកន្ទុយថ្លែនអាចបណ្តាលឲ្យខ្វាក់បាន

តើអ្វីជាជំងឺដុះកន្ទុយថ្លែន?
ជំងឺដុះកន្ទុយថ្លែនជាការដុះលូតលាស់ខុសធម្មតារបស់ភ្នាសព័ណ៌សនៃភ្នែកមកលើកញ្ចក់ភ្នែកដែលអាចកើតឡើងមួយ ឬ ពីរ ក្នុងភ្នែកម្ខាង ឬ ក្នុងភ្នែកទាំងសងខាង។

តើជំងឺនេះកើតឡើងដោយសារអ្វី?
ជំងឺនេះកើតឡើងដោយសារកាំរស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។

តើអ្នកណាខ្លះដែលអាចកើតមានជំងឺនេះ?
ជំងឺនេះជាជំងឺដែលតែងតែកើតមានឡើងទៅលើប្រជាជនរស់នៅតំបន់វាលខ្សាច់ តំបន់ស្ងួតហើយក្ដៅ និង តំបន់ត្រូពិចដូចជាប្រទេសកម្ពុជាជាដើម។ ចំពោះប្រជាជនដែលរស់នៅ និងប្រកបមុខរបរស្ថិតនៅក្រោមពន្លឺថ្ងៃច្រើន នឹងអាចប្រឈមមុខកើតនូវជំងឺនេះច្រើនជាងមនុស្សធម្មតា។

តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
អ្នកដែលមានជំងឺដុះកន្ទុយថ្លែន នឹងមានអារម្មណ៍ស្ងួតភ្នែក មានភាពរកាំ មានអារម្មណ៍ថាក្ដៅក្រហាយដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ឧស្សាហ៍ហូរទឹកភ្នែកបើកភ្នែកមិនរួចពេលត្រូវកម្ដៅថ្ងៃ និងមានអាការៈភ្នែកក្រហមជាប្រចាំ។

តើជំងឺនេះអាចធ្វើឲ្យមើលមិនឃើញ ឬទេ?
ជាទូទៅបើសិនជាជំងឺនេះស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើម និងមានទំហំតូចនោះមិនធ្វើឲ្យមានការប៉ះពាល់ដល់គំហើញនោះឡើយ ប៉ុន្ដែនៅក្នុងករណីកន្ទុយថ្លែនមានទំហំធំ ឬដុះបាំងមកលើប្រស្រីភ្នែក វានឹងបង្កជាការប៉ះពាល់ដល់ការមើលឃើញ។

តើជំងឺនេះអាចព្យាបាលដោយវិធីអ្វីខ្លះ?
ការព្យាបាលដាច់ស្រឡះតែមួយគត់របស់ជំងឺដុះកន្ទុយថ្លែន គឺការវះកាត់ព្រោះថាជំងឺនេះមិនអាចមានថ្នាំណាអាចព្យាបាលបានឡើយដែលផ្ទុយពីការភ័ន្តបន្លំរបស់បុគ្គលមួយចំនួនដែលអះអាងថាមានថ្នាំព្យាបាលដាច់។ ចំពោះជំងឺដុះកន្ទុយថ្លែនស្ថិតក្នុងកម្រិតតូច អ្នកជំងឺអាចមានសិទ្ធិជ្រើសរើសមិនបាច់ទទួលយកការវះកាត់បើសិនជាមិនមានផ្ដល់ជារោគសញ្ញា ឬអាការៈធ្វើទុក្ខខ្លាំង។ ប៉ុន្ដែក្នុងករណីវាផ្ដល់ផលវិបាកដោយបញ្ចេញរោគសញ្ញាដូចបានបញ្ជាក់ខាងលើ ឬបង្ករាអាក់ស្ទីម៉ាត (Astigmatism) ឬដុះបាំងជិតប្រស្រីភ្នែកដែលធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញ នោះអ្នកជំងឺគួរតែស្វះស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។

តើការវះកាត់អាចមានផលប៉ះពាល់អ្វីខ្លះ?
ការវះកាត់កន្ទុយថ្លែនជាទូទៅមិនមានផ្ដល់ផលប៉ះពាល់អ្វីធំដុំដល់អ្នកជំងឺឡើយ។ ការវះកាត់ ជាទូទៅចំណាយពេលវេលា ពី ២០ ទៅ ៤០ នាទី តម្រូវទៅលើទំហំ និងចំនួនរបស់សាច់ដុះហើយមានការឈឺចាប់តិចតួចបំផុតដែលមិនចាំបាច់ឲ្យអ្នកជំងឺសម្រាកពេទ្យ និងអាចប្រកបការងារមួយចំនួនធំបានធម្មតាក្រោយការវះកាត់។ ក៏ប៉ុន្តែយ៉ាងណាក្ដីជំងឺកន្ទុយថ្លែននេះអាចដុះមកវិញនៅលើអ្នកជំងឺមួយចំនួនតូចបើសិនជាមិនបានកាត់បន្ថយការត្រូវពន្លឺថ្ងៃ។

បើសិនជាមិនធ្វើការព្យាបាលតើជំងឺនេះអាចវិវឌ្ឍទៅជាយ៉ាងណា?
បើសិនជាគ្មានការព្យាបាលជំងឺនេះអាចប្រឈមមុខនឹងការវិវឌ្ឍន៍ទៅមុខដែលធ្វើឲ្យសាច់ដុះកាន់តែធំភ្នែកកាន់តែក្រហម និងកាន់តែផ្ដល់ភាលំបាកដល់គ្រូពេទ្យក្នុងការវះកាត់ ព្រមទាំងប្រឈមមុខនឹងលទ្ធផលមិនល្អក្រោយការវះកាត់បើសិនជាកន្ទុយថ្លែនមានភាពធំជ្រុល។

តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺនេះ?
គោលដៅចម្បងក្នុងការបង្ការជំងឺនេះគឺការការពារភ្នែកពីកាំរស្មីព្រះអាទិត្យដោយការពាក់វ៉ែនតាការពារ និង ពាក់មួកការពារពេលចេញត្រូវពន្លឺថ្ងៃឬពេលធ្វើដំណើរក្រោមពន្លឺថ្ងៃ។ ការលុបមុខជាមួយទឹកត្រជាក់ ការបន្តក់ទឹកភ្នែកសិប្បនិម្មិតសុទ្ធតែជាមធ្យោបាយបន្ថយអាការៈរំខាន និងបង្កើនផាសុកភាពចំពោះភ្នែក។ ប៉ុន្ដែក្នុងករណីមានភ្នែកក្រហមខ្លាំង ឬឈឺចាប់ខុសធម្មតាត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការទិញថ្នាំដាក់ដោយខ្លួនឯង។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ងី ម៉េង

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់