មូលហេតុដែលស្ត្រីត្រូវយល់ដឹងពីជំងឺពុកឆ្អឹងឬឆ្អឹងស្ពោត

()
4121
ដោយ : Editor

ស្ត្រីវ័យចំណាស់ ឬស្ត្រីដែលស្ថិតក្នុងវ័យក្រោយពេលអស់រដូវ ជាទូទៅត្រូវប្រឈមមុខនឹងជំងឺ ឬក៏ការប្រែប្រួលជាច្រើន ក្នុងនោះបញ្ហាពុកឆ្អឹង ឬឆ្អឹងស្ពោត ដែលតែងតែកើត មានហើយក៏ជាការ បារម្ភដ៏ធំមួយរបស់ពួកគាត់ ពីព្រោះវាជាមូលហេតុមួយដ៏ចម្បងនៃការវិវឌ្ឍទៅកាន់ ភាពទ្រុឌទ្រោម និងបាក់បែកឆ្អឹង។ មានសំណួរជាច្រើនទាក់ទងនឹង ជំងឺនេះត្រូវបានលើកឡើង ហើយដើម្បី ស្រាយចម្ងល់ទាំងនេះ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា វេជ្ជបណ្ឌិតឯកទេសខាងឆ្អឹងពីប្រទេសបារាំង បម្រើការនៅមន្ទីរពេទ្យ កាល់ម៉ែត ផ្នែកវះកាត់ឆ្អឹងបាក់និងជាអនុប្រធានក្រុមប្រឹក្សា ភិបាលសម្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើការបកស្រាយជូនដល់ប្រិយមិត្តដើម្បីយល់ដឹង និងអាចការពារខ្លួនពីជំងឺនេះបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពដើម្បី ទទួលបានសុខភាពឆ្អឹងល្អរឹងមាំ។

និយមន័យនៃជំងឺស្ពោតឆ្អឹង
ជំងឺស្ពោតឆ្អឹង ជាការថយចុះនៃកំហាប់ជាតិរ៉ែ​របស់ឆ្អឹង ពោលគឺការថយចុះទាំងចំនួន និងបរិមាណនៃសរសៃឆ្អឹង ក៏ដូចជាការថយចុះនៃកម្រាស់សម្បកឆ្អឹង ដែលជាធម្មតាសរសៃឆ្អឹងយើងគឺមាន សភាពក្រាស់ មាំ និងហាប់ណែន តែករណីមានជំងឺស្ពោតឆ្អឹង ចំនួនសរសៃឆ្អឹងមិនត្រឹមតែថយចុះទេ តែចំនួនដែលនៅសល់ក៏តូចស្តើងផងដែរ។

មូលហេតុនៃជំងឺស្ពោតឆ្អឹង   
មូលហេតុបង្កគឺអាស្រ័យនឹងប្រភេទនៃជំងឺស្ពោតឆ្អឹងផ្ទាល់ ដែលមាន២ប្រភេទធំៗ ៖
• Ostéoporose primaire (ជំងឺស្ពោធឆ្អឹង ប្រភេទទីមួយ)
ប្រភេទទីមួយនេះទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនជាពិសេសចំពោះស្រ្តី និងការថយចុះនៃសារធាតុរ៉ែចាំបាច់របស់ឆ្អឹងដែល មាន៣សំខាន់ៗគឺ កាល់ស្យូម(calcium) ម៉ាញេ ស្យូម(magnesium) និងវីតាមីនដេ( vitamin D)។ ជំងឺស្ពោតឆ្អឹងប្រភេទនេះកើតលើស្ត្រីប្រហែល៩៥% និងអាចកើតលើបុរសចំនួន៨០%ផងដែរ ដោយហេតុថាស្ត្រីម្នាក់ៗត្រូវឆ្លងកាត់នូវបម្រែបម្រួលអ័រម៉ូនជាច្រើនដំណាក់កាលចាប់តាំងពីពេលពេញវ័យ មានគ្រួសារ មានគភ៌ បំបៅដោះកូន និងរហូតឈានដល់វ័យអស់រដូវ រួមផ្សំនឹងការ ថយចុះនូវសារធាតុរ៉ែចម្បងនៃឆ្អឹងផងទាំងអស់នេះហើយដែលបង្កឲ្យមានកើតជាជំងឺស្ពោតឆ្អឹង។
•  Ostéoporose Secondaire (ជំងឺស្ពោតឆ្អឹង ប្រភេទទីពីរ)
ប្រភេទទី២នេះមានសភាពធ្ងន់ធ្ងរនិងពិបាកព្យាបាលជាងប្រភេទទីមួយដោយសារតែអ្នកជំងឺមិនត្រឹមតែមានមូលហេតុបង្កនៅក្នុងប្រភេទទី១ទេថែមទាំងមានកត្តាជំងឺប្រចាំកាយផ្សេងៗឧទាហរណ៍ដូចជា ជំងឺមហារីក (myélome mutiple) ជំងឺតម្រងនោមរ៉ាំរ៉ៃ អ្នកជំងឺដែលប្រើប្រាស់ប្រភេទថ្នាំ corticoide ជាប្រចាំ អ្នកពិសាជាតិអាល់កុល ឬស្រា និងជក់បារីជាដើម។

រោគសញ្ញានៃជំងឺ
ពុំមានរោគសញ្ញាច្បាស់លាស់ដែលអាចឲ្យកំណត់បានថាជាជំងឺស្ពោតឆ្អឹងទេ តែជាទូទៅអ្នកជំងឺនេះអាចស្តែងចេញនូវអាការៈឈឺចុកចាប់ រោយតាមឆ្អឹងនិងសន្លាក់ឆ្អឹងដៃជើងម្តងម្កាល ដែល យើងមិនបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់ទេ តែវានឹងស្តែងចេញកាន់តែញឹកញាប់នូវអាការៈរបៀបនេះ រហូតដល់កើតមានជាប្រចាំ ដែលជាហេតុធ្វើឲ្យមានការថយចុះនូវសកម្មភាពប្រចាំ ថ្ងៃគួរឲ្យកត់សម្គាល់ ព្រមទាំងអាចចំណាំបានផងដែរតាមការសង្កេតឃើញនូវភាពកោងខ្នង និងកម្ពស់ទាបជាងមុនរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺអាចទទួលរងការខូចខាតយ៉ាងងាយដូចជា ប្រេះឬ បាក់ឆ្អឹង ដោយគ្រាន់តែមានការដួលប៉ះទង្គិចតែបន្តិចបន្តួចប៉ុណ្ណោះ។

ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺស្ពោតឆ្អឹងអាចផ្អែកលើកត្តាជាច្រើន ប៉ុន្តែបច្ចុប្បន្ន ដោយសារវិទ្យាសាស្រ្តទំនើបឡើង គេច្រើនប្រើម៉ាស៊ីន DXA scan( Dual X-ray Absorptiometry) សម្រាប់ធ្វើរោគវិនិច្ឆ័យ ដោយវាអាចបញ្ជាក់យ៉ាងច្បាស់នូវកំហាប់ជាតិរ៉ែក្នុងឆ្អឹងរបស់យើងម្នាក់ៗ ដែលលទ្ធផលត្រូវបានគិតជា ក្រាមក្នុង១សង់ទីម៉ែត្រការេ ។ ចំពោះលទ្ធផលត្រូវបានបង្ហាញចេញជា T-score ដែលក្នុងនោះ
•​    បើ T-score > -1 បញ្ជាក់ថាកំហាប់ជាតិរ៉ែក្នុងឆ្អឹងស្ថិតក្នុងកម្រិតធម្មតា
•  បើនៅចន្លោះពី -1 ដល់ -2,5 ( -1≥T.score > -2.5) មានន័យថា កំហាប់ឆ្អឹងចុះខ្សោយ(osteopenia)
• និងបើT.score ≤ -2.5 បញ្ជាក់ថាឆ្អឹងស្ពោតឬពុកហើយ (osteoporosis) ។

ការព្យាបាល
ការព្យាបាល គឺចាំបាច់ត្រូវការកែសម្រួលនិងបំពេញនូវកង្វះខាតជាតិរ៉ែរបស់ឆ្អឹងក្រោយពីបានវាស់ដោយម៉ាស៊ីន DXA scan រួច។ តាមការស្រាវជ្រាវបច្ចុប្បន្នបានបង្ហាញថា ស្រ្តីដែលមានអាយុ ក្រោម៥០ឆ្នាំ ត្រូវការសារធាតុកាល់ស្យូម ១០០០មក្រ ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣១០ទៅ ៣២០មក្រ ក្នុងមួយថ្ងៃ ព្រមទាំងវីតាមីនដេ៣(D³)ចំនួន ៦០០IU ក្នុងមួយថ្ងៃ។ ដោយឡែកចាប់ពីអាយុ ៥០ឆ្នាំឡើងទៅនាំឲ្យមានការកើន-ឡើងនូវតម្រូវការ ដោយកាល់ស្យូមកើនឡើងទៅដល់ ១២០០មក្រក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣២០មក្រក្នុងមួយថ្ងៃ និងវីតាមីនដេ៣ ៨០០IUក្នុងមួយថ្ងៃ។ គួររំលឹកថា សារធាតុទាំងនេះមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដូចនេះមិនអាចឲ្យខ្វះសារធាតុណាមួយបានឡើយ។ លើសពីនេះយើងអាចប្រើប្រាស់ថ្នាំដែលជម្រុញឲ្យមានការស្រូបឡើងវិញ នូវសារធាតុរ៉ែដែលចេញពីឆ្អឹងក្រោយពេលអស់រដូវឬពេលវ័យ ចំណាស់ ហៅថាពពួក Antiresorption គឺ bisphosphonate (Alendronate) ផងដែរក្នុងគោលបំណងការពារ កុំឲ្យមានការពុកឆ្អឹង លឿននិងធ្ងន់ធ្ងរ ដោយប្រើក្នុងកម្រិត ១០មក្រក្នុងមួយថ្ងៃ ឬ៧០មក្រក្នុងមួយអាទិត្យ ឬក៏អាច១៥០មក្រក្នុងមួយខែតែម្តង។

វិធីសាស្ត្រការពារ
មានគោលការណ៍៥ចំណុច ដែលគួរអនុវត្តដើម្បីការពារឆ្អឹងពុកដោយមានប្រសិទ្ធភាពគឺ៖
•  ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ត្រីសាឌីន សាម៉ុង ទឹកដោះគោ ឬផលិតផលពីទឹកដោះគោ តៅហ៊ូ បន្លែបៃតង
• ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេដូចជា ត្រីធូណា សាម៉ុង ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ និងទឹកដោះគោឆៅជាដើម
• ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​គួរចំណាយពេលយ៉ាងតិច៥ ទៅ៣០នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។
• ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួលឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយនិងងាយបាក់។
• ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង ករណីអ្នកជំងឺមិនអាចបរិភោគអាហារគ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវមានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។ ទាក់ទងនឹងឱសថដែលមានជាតិកាល់ស្យូមលើទីផ្សាសព្វថ្ងៃមាន២ប្រភេទគឺ calcium carbonate និង​calcium citrate​។ ចំពោះcalcium citrate គឺជាម៉ូលេគុលដែល ងាយស្រួលស្រូបតាម ប្រព័ន្ធរំលាយអាហារនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានបញ្ហាក្រពះពោះវៀន ឬមានការវះកាត់ក្រពះពោះវៀនជាដើម។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ឌុក គុណសេណាក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ទស្សនាវដ្តីហេលស៍ថាម ដែលបានធ្វើបទសម្ភាសន៍ទាក់ទងនឹងប្រធានបទដ៏មានសារៈប្រយោជន៍នេះ និងផ្តាំផ្ញើរផងដែរដល់ប្រជាជនយើង សូមធ្វើការការពារខ្លួនពីជំងឺនេះដោយអនុវត្តតាមគោលការណ៍ខាងលើដែលយើងគួរអនុវត្តវាជាប្រចាំនិងឲ្យបានត្រឹមត្រូវដើម្បីសុខមាលភាពក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមផងដែរ៕

 

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧