ការអស់រដូវរបស់ស្ត្រីអាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្តបាន

បញ្ហាស្រេ្តស ការថប់បារម្ភ និងភាពភ័យខ្លាចអាចកើតឡើងចំពោះស្រី្ដដែលឈានដល់វ័យកណ្តាលដោយសារការថយចុះនូវកម្រិតអ័រម៉ូនestrogenនិង progesterone នៅក្នុងខ្លួន។ អ័រម៉ូន Estrogen មានឥទ្ធិពលទៅលើការបញ្ចេញ serotonin និង norepinephrine ដែលសារធាតុទាំងពីរមានទំនាក់ទំនងទៅនឹងបញ្ហាផ្លូវចិត្ត។ បន្ថែមពីនេះ ស្រ្តីដែលដល់វ័យអស់រដូវ អាចនឹងជួបប្រទះនឹងការប្រែប្រួលអារម្មណ៍ ដូចជាការបារម្ភ និងភ័យខ្លាចច្រើនអំពីភាពកាន់ចាស់របស់ខ្លួន និងការបាត់បង់សមាជិកគ្រួសារជាដើម។ហេតុនេះ ចំពោះស្ត្រីជាច្រើន ការឈានដល់វ័យអស់រដូវ ហាក់ដូចជាពេលវេលាដែលធ្វើឲ្យពួកគេមានភាពឯកា និងធុញទ្រាន់ ដែលការប្រែប្រួលផ្លូវចិត្តទាំងនេះ អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត ឬភ័យខ្លាចធ្ងន់ធ្ងរ ប្រសិនពុំទទួលបានការព្យាបាលឬការយកចិត្តទុកដាក់ណាមួយ។  ជាថ្មីម្តងទៀត លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯក  ម៉េងលី វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅគ្លីនិកលុច្សនឹងបកស្រាយជុំវិញទំនាក់ទំនងនៃការអស់រដូវ
របស់ស្រ្តី និងជំងឺបាក់ទឹកចិត្ត។

កត្តាប្រឈមនឹងជំងឺបាក់ទឹកចិត្ត
ការផ្លាស់ប្តូរនូវកម្រិតអ័រម៉ូននៅក្នុងខ្លួន ជាកត្តាចម្បងដែលអាចនាំឲ្យមានបញ្ហាសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់ស្ត្រី ប៉ុន្តែនៅមានកត្តាផ្សេងទៀតដែលអាចមានឱកាសធ្វើឲ្យស្ត្រីមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលអស់រដូវរបស់ស្ត្រីដូចជា៖
•    ធ្លាប់មានប្រវត្តិមានជំងឺបាក់ទឹកចិត្តនៅពេលវ័យក្មេង
•    មានអារម្មណ៍ភ័យខ្លាចចំពោះការអស់រដូវ ឬភាពចាស់
•    មានបញ្ហាស្រ្តេសដោយសារការងារ  ឬបញ្ហាផ្ទាល់ខ្លួន
•    ការធុញទ្រាន់នឹងបរិយាកាសរស់នៅប្រចាំថ្ងៃ
•    ការមិនទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន
•    កង្វះការហាត់ប្រាណ
•    ការជក់បារី។

រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត
•    អារម្មណ៍មួម៉ៅ ធុញថប់ និងឆាប់ខឹង
•    បារម្ភ មិនស្រណុកចិត្ត និងរវើរវាយ
•    អារម្មណ៍មានកំហុស និងគ្មានតម្លៃ
•    បាត់បង់ចំណូលចិត្តក្នុងកិច្ចការងារប្រចាំថ្ងៃ
•    ពិបាកក្នុងការផ្ចង់អារម្មណ៍
•    ថយចុះការចងចាំ
•    អស់កម្លាំង
•    ទទួលដំណេកច្រើនពេក ឬតិចពេក
•    ផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ
•    ការឈឺចាប់ដោយគ្មានមូលហេតុច្បាស់លាស់។

វិធីសាស្ត្រព្យាបាលជំងឺបាក់ទឹកចិត្ត
ការព្យាបាលជំងឺផ្លូវចិត្តចំពោះស្រ្តីកំឡុងពេលអស់រដូវពុំមានភាពខុសប្លែកពីជំងឺផ្លូវចិត្តដែលតែងតែកើតឡើងចំពោះបុគ្គលទូទៅនោះទេ។  វិធីសាស្រ្តអាចរួមបញ្ចូលនូវ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ការប្រើប្រាស់ថ្នាំ ឬអាចបូកបញ្ចូលនូវវិធីសាស្រ្តទាំងពីរក្នុងពេលតែមួយតែម្តង។

1.    ការផ្លាស់ប្តូរទម្លាប់រស់នៅ៖
•    ទទួលដំណេកគ្រប់គ្រាន់៖   ស្រ្តីក្នុងវ័យអស់រដូវ អាចមានបញ្ហាទាក់ទងនឹងដំណេក។ អ្នកគួរកំណត់ម៉ោងឲ្យបានច្បាស់ក្នុងការចូលគេងនិងភ្ញាក់ពីដំណេក ចំណែកបន្ទប់គេង គួរស្ថិតក្នុងភាពងងឹត ស្ងប់ស្ងាត់ និងត្រជាក់ល្មម។
•    ធ្វើលំហាត់ប្រាណទៀងទាត់៖   លំហាត់ប្រាណអាចជួយបង្កើនថាមពល និងអារម្មណ៍ល្អ។ជាការល្អគួរមានទម្លាប់ធ្វើលំហាត់ប្រាណ ៣០ នាទី ប្រាំថ្ងៃក្នុងមួយសប្តាហ៍។
•    វិធីសាស្រ្តរំងាប់អារម្មណ៍៖ កីឡាយោគៈ ការតាំងសម្មាធិ និងការម៉ាស្សា ជាសកម្មភាពអាចកាត់បន្ថយស្រេ្តសបានមួយផ្នែក និងបង្កភាពងាយស្រួលក្នុងការទទួលទានដំណេក។
•    ឈប់ជក់បារី៖ ស្រ្តីដែលជក់បារីមានឱកាសជួបបញ្ហាផ្លូវចិត្តច្រើនជាងស្រ្តីដែលគ្មានប្រវត្តិជក់បារី។ ប្រសិនបើអ្នកជក់បារី គួរស្វែងរកវិធីសាស្រ្តផ្តាច់ការជក់បារីពីអ្នកឯកទេស។
•    របបអាហារសុខភាព៖ របបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចការពារកុំឲ្យមានបញ្ហានានាពេលឈានដល់វ័យអស់   រដូវ។ គួរទទួលទានអាហារសម្បូរដោយសារធាតុចិញ្ចឹមដែលមានក្នុងផ្លែឈើ បន្លែ ផលិតផលសណ្តែកនិងញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយប្រភេទអាហារធ្វើឲ្យធាត់ ស្ករ អំបិល ព្រមទាំងសារធាតុអាល់កុលផងដែរ។
•     ស្វែងរកការលើកទឹកចិត្ត៖ ក្រុមគ្រួសារ ឬមិត្តភក្តិ អាចជួយលើកទឹកចិត្តស្ត្រីអស់រដូវឲ្យបានប្រសើរឡើង ហើយស្ត្រីខ្លួនឯងផ្ទាល់ត្រូវចាំថាអ្នកមិននៅម្នាក់ឯងនោះទេ ព្រោះស្រ្តីគ្រប់រូបដែលឈានដល់វ័យនេះគង់ចៀសមិនផុតពីដំណាក់កាលនេះដូចគ្នា។

2.    ព្យាបាលដោយប្រើប្រាស់ថ្នាំ
•    ថ្នាំអ័រម៉ូនជំនួសជាពពួក estrogen    (កម្រិតទាប)៖ ការប្រើប្រាស់ថ្នាំជាពពួក estrogen អាចជួយព្យាបាលបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្តនៅពេលអស់រដូវ យ៉ាងណាមិញ ថ្នាំប្រភេទនេះ អាចបង្កឲ្យមានការប្រឈមខ្ពស់នឹងការកើតជំងឺមហារីកសុដន់ និងកំណកឈាម។
•    ថ្នាំប្រឆាំងការបាក់ទឹកចិត្ត៖ ប្រសិនថ្នាំជំនួសជាប្រភេទអ័រម៉ូនមិនស័ក្តិសមនឹងការព្យាបាល ស្ត្រីដែលអស់រដូវនឹងត្រូវបានណែនាំឲ្យប្រើប្រាស់នូវថ្នាំប្រឆាំងការបាក់ទឹកចិត្តជំនួសវិញ ដែលការព្យាបាលអាចមានរយៈពេលខ្លី ឬវែងតាមសភាពនៃជំងឺ។
•    ការព្យាបាលបែបធម្មជាតិ៖  ថ្នាំដែលមានផ្ទុកIsoflavones ស្ថិតនៅក្នុងថ្នាក់ Phytoestrogenដែលជាសមាសធាតុមានខ្សែស្រឡាយពីរុក្ខជាតិដូចជាពពួកសណ្តែក   ហើយមានសកម្មភាពដូចទៅនឹងអ័រម៉ូន estrogen ដែលវាអាចធ្វើឲ្យប្រសើរឡើងនូវរោគសញ្ញានៃការអស់រដូវ។
•    ការប្រឹក្សាយោបល់៖ ប្រសិនមិនហ៊ានប្រឈមមុខនឹងការចែករំលែកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ស្រ្តីដែលកំពុងមានបញ្ហានេះអាចស្វែងរកការពិភាក្សាពីសំណាក់អ្នកប្រឹក្សាជំនាញដើម្បីជួយសម្រាលនូវវិបត្តិទាំងនោះ។

ត្រូវចាំថា ជំងឺបាក់ទឹកចិត្តចំពោះស្រ្តីអស់រដូវ អាចព្យាបាលបាន  ជាមួយនឹងវិធីសាស្រ្តនានាដែលអាចសម្រាលនូវរោគសញ្ញានិងការផ្លាស់ប្តូរនៅអំឡុងពេលនោះ ហើយស្ត្រីខ្លួនឯង និងក្រុមគ្រួសារផ្ទាល់ត្រូវតែប្រញាប់ជ្រើសរើសមធ្យោបាយណាមួយឲ្យបានឆាប់រហ័សផងដែរមុនពេលអាការៈទាំងនោះ ជាពិសេសជំងឺបាក់ទឹកចិត្តនេះវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧