ការណែនាំពីការពិនិត្យសុដន់ដោយខ្លួនឯង ពីគ្រូពេទ្យជំនាញ

ការសិក្សាបានបង្ហាញថា ការពិនិត្យសុដន់(Breast Cancer Screening)ជាវិធីសាស្រ្តក្នុងការរកឲ្យឃើញនូវសញ្ញាណដំបូងនៃជំងឺមហារីក មុនពេលដែលជំងឺនេះរាលដាលដល់សរីរាង្គផ្សេងៗ និងវិវឌ្ឍទៅរកភាពកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលបាន ក៏ដូចជាចូលរួមចំណែកកាត់បន្ថយអត្រាមរណៈផងដែរ។ 
កុំរង់ចាំទាល់តែហួសពេល ស្វែងយល់ជាមួយអត្ថបទខាងក្រោមដែលនឹងបង្ហាញអ្នកអំពីវិធីសាស្រ្តក្នុងការពិនិត្យសុដន់ដោយខ្លួនឯង និងបច្ចេកទេសផ្សេងទៀតដែលអ្នកគួរយល់ដឹងតាមរយៈលោកស្រីវេជ្ជបណ្ឌិតTurobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ។

១. ការពិនិត្យសុដន់ដោយខ្លួនឯង៖
ការពិនិត្យសុដន់ជាទៀងទាត់ដោយខ្លួនឯងមិនត្រឹមតែអាចឲ្យអ្នកស្គាល់ច្បាស់ពីរូបរាងសុដន់របស់អ្នកនោះទេថែមទាំងអាចកំណត់បាននូវសញ្ញាណនានាដែលអាចជាដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់ទៀតផង។ប៉ុន្តែវិធីសាស្រ្តនេះមិនអាចសន្មតបានជាក់លាក់ពីជំងឺមហារីកសុដន់បានច្បាស់លាស់នៅឡើយ ដែលត្រូវទាមទារឲ្យអ្នកទទួលការពិនិត្យតាមវិធីសាស្រ្តផ្សេងទៀតពីអ្នកដែលមានជំនាញត្រឹមត្រូវ។

សម្រាប់ការពិនិត្យសុដន់ដោយខ្លួនឯងអ្នកអាចអនុវត្តនូវជំហានខាងក្រោម៖
ជំហានទី ១៖ ធ្វើការពិនិត្យមើលតាមកញ្ចក់ ដោយពន្លាស្មារបស់អ្នកឲ្យត្រង់ រួចដាក់ដៃលើចង្កេះ ហើយធ្វើការពិនិត្យមើលលើទំហំ រូបរាង និងពណ៌នៃសុដន់របស់អ្នក។

ជំហានទី ២៖ លើកដៃទាំងពីរឡើងទៅលើ រួចពិនិត្យមើលរកភាពមិនប្រក្រតី។ សម្រាប់ជំហាននេះ  អ្នកអាចសង្កេតមើលផងដែរថាមានទឹកដែលមានពណ៌ដូចទឹកដោះគោ ពណ៌លឿង ឬឈាមហូរចេញពីចុងសុដន់ម្ខាង ឬទាំងពីររបស់អ្នកដែរឬទេ។

ជំហានទី ៣៖  ជាការពិនិត្យដោយការផ្តេកខ្លួនឲ្យត្រង់៖
• ប្រើដៃស្តាំស្ទាបមើលសុដន់ខាងឆ្វេង និងដៃឆ្វេងសម្រាប់ការពិនិត្យសុដន់ស្តាំ
• ធ្វើការពិនិត្យដោយប្រើម្រាមដៃទាំងអស់របស់អ្នក ដោយលាម្រាមដៃឲ្យត្រង់
• ធ្វើចលនាម្រាមដៃជារង្វង់ដើម្បីពិនិត្យ(ការពិនិត្យគួរចាប់ផ្តើមពីចុងសុដន់)

ជំហានទី ៤៖ កំឡុងពេលដែលអ្នកអង្គុយ ឬឈរ ក៏អាចពិនិត្យមើលសភាពសុដន់របស់អ្នកផងដែរ ដោយអនុវត្តដូចទៅនឹងជំហានទី ៣។   ម៉្យាងវិញទៀតអ្នកអាចធ្វើការពិនិត្យនៅពេលកំពុងងូតទឹកដោយវាផ្តល់ជាភាពងាយស្រួលអាចចាប់បាននូវភាពមិនប្រក្រតី នៅពេលស្បែករបស់អ្នកស្ថិតក្នុងសភាពសើម។

គ្រប់ស្រី្តគួរតែអនុវត្តការពិនិត្យសុដន់ជារៀងរាល់ខែដើម្បីអាចឲ្យរកឃើញនូវការផ្លាស់ប្តូរដូចជាមានដុំ កន្ទួល ឬការហូរសារធាតុរាវពីចុងសុដន់។ ការពិនិត្យនេះគួរតែធ្វើឡើងក្រោយពីការមករដូវប្រចាំខែបានបញ្ចប់ ដែលជាពេលដែលសុដន់មានភាពប្រក្រតី(មិនសូវមានដុំ)។ ចំណែកស្រ្តីក្នុងវ័យអស់រដូវ ចាំបាច់ត្រូវកំណត់ថ្ងៃជាក់លាក់ណាមួយសម្រាប់ការពិនិត្យជារៀងរាល់ខែ។

២. ការធ្វើតេស្តគ្លីនិកលើសុដន់ (Clinical Breast Examination)
តេស្តគ្លីនិកលើសុដន់ត្រូវធ្វើឡើងក្នុងគ្លីនិក ឬមន្ទីរពេទ្យ និងក្រោមការពិនិត្យដោយវេជ្ជបណ្ឌិតដែលមានជំនាញ ហើយវាជាតេស្តមួយដែលអនុវត្តបន្ថែមពីលើបច្ចេកទេសmammography ដោយហេតុថាគេក៏មិនអាចទទួលបានលទ្ធផលដែលច្បាស់នោះទេប្រសិនបើជ្រើសរើសតេស្តគ្លីនិកតែមួយមុខសម្រាប់ការពិនិត្យ។ គួរបញ្ជាក់ថា ស្រ្តីគួរតែចាប់ផ្តើមទទួលការពិនិត្យនេះតាមការបង្ហាញខាងក្រោម៖
• អាយុចាប់ពី ២០ឆ្នាំ- ៣៩ឆ្នាំ៖ គួរទទួលការពិនិត្យរៀងរាល់ ៣ឆ្នាំម្តង
• អាយុចាប់ពី ៤០ឆ្នាំ-៥០ឆ្នាំ៖ ពិនិត្យជារៀងរាល់ឆ្នាំ
• អាយុចាប់ពី ៥០ឆ្នាំឡើង៖ គួរទទួលការពិនិត្យរៀងរាល់ ២ឆ្នាំម្តង។

៣. តេស្ត mammography
តេស្ត mammography ជាវិធីសាស្ត្រក្នុងការថតឆ្លុះសុដន់ដោយប្រើប្រាស់កាំរស្មីអ៊ិច(X-ray) សម្រាប់ការពិនិត្យរកមើលជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈយ៉ាងមានប្រសិទ្ធភាព។ ចំណែកការថតឆ្លុះ គឺត្រូវធ្វើឡើងពីរដង ដោយចាប់ផ្តើមពីលើទៅក្រោម និងពីឆ្វេង ទៅស្តាំ  តាមរយៈការប្រើប្រាស់បន្ទះប្លាស្ទិកគៀបទៅលើសុដន់។ វិធីសាស្រ្តនេះ អាចបង្កការឈឺចាប់បន្តិចបន្តួច តែក្នុងរយៈពេលតែ ២-៣ វិនាទីតែប៉ុណ្ណោះ។ ចំពោះផលវិបាកនៃកាំរស្មីគឺមានតិចតួច ម្យ៉ាងវិញទៀតប្រសិនបើ ទទួលការពិនិត្យបានឆាប់រហ័ស និងទាន់ពេលវេលានោះ ផលវិបាកនៃកាំរស្មីនោះមិនមានចោទជាបញ្ហានោះទេ។ Mammography គួរត្រូវបានធ្វើការពិនិត្យចំពោះស្រ្តីដែលមានអាយុចាប់ពី៤០ឆ្នាំឡើង៖
• អាយុ ៤០-៥០ឆ្នាំ៖ ស្វែងរកការពិនិត្យរៀងរាល់ឆ្នាំ
• អាយុចាប់ពី ៥០ឆ្នាំឡើង៖ អាចទទួលបានការពិនិត្យ ម្តងរៀងរាល់រយៈពេលពីរឆ្នាំ។

៤. បច្ចេកទេស ម៉ាញេទិច (Magnetic Resonance Imaging: MRI)
វាជាវិធីសាស្រ្តប្រើប្រាស់នូវម៉ាញេទិច ដើម្បីចាប់បាននូវរូបភាពនៃសុដន់ឲ្យបានកាន់តែច្បាស់។ វាត្រូវបានណែនាំចំពោះស្រ្តីដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខទៅនឹងជំងឺមហារីក ឬចំពោះស្រ្តីដែលធ្លាប់ធ្វើការវះកាត់កែប្រែសុដន់។ តេស្ត MRI អាចផ្តល់អត្ថប្រយោជន៍ចំពោះអ្នកដែលមានផ្ទុកនូវBRCA1 និង BRCA2 mutation ស្រ្តីដែលធ្លាប់ទទួលបានការព្យាបាលដោយកាំរស្មី ចាប់ពីអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ និងស្រ្តីដែលមានសមាជិកគ្រួសារ ឬសាច់ញាតិដែលមានប្រវត្តិជំងឺមហារីកសុដន់ ឬមហារីកអូវែ។

សារសំខាន់នៃការពិនិត្យរកមហារីកសុដន់៖
• មហារីកសុដន់អាចត្រូវបានរកឃើញនៅដំណាក់កាលដំបូងៗមុនពេលកោសិកាមហារីករាលដាល
• អត្រានៃការព្យាបាលមហារីកសុដន់កាន់តែប្រសើរ
• ករណីមហារីកត្រូវបានរកឃើញនៅដំណាក់កាលដំបូងនោះការព្យាបាលដែលពុលដល់កោសិកាក៏មិនសូវត្រូវការដែរ
• ការពិនិត្យរកមើលមហារីកសុដន់ អាចជួយសង្គ្រោះជីវិតបាន។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧