ស្អកក មិនប្រាកដថាបញ្ហាធម្មតាទេ…

ជាទូទៅ អ្នកស្អកកនៅពេលណា?  ឬសុខៗស្រាប់តែស្អក? បើអ្នកពុំមែនជាអ្នកចម្រៀងប្រហែលជាអ្នកមិនសូវខ្វាយខ្វល់អំពីការស្អកនេះ ឬយល់ថាសំឡេងបែបនេះពិរោះម្យ៉ាង? ការបង្អាប់គ្នាលេងអំពីសំឡេងស្អកៗរបស់មិត្តភក្តិហាក់ដូចជាធម្មតាទៅហើយ  តែការពិតពេលខ្លះ នេះមិនមែនជាអ្វីដែលអ្នកគួរលេងសើចសប្បាយនោះទេ។

ហេតុអ្វី? លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា សាស្ត្រាចារ្យជំនួយនៃមន្ទីរពេទ្យព្រះអង្គឌួង នឹងបកស្រាយអំពីអាថ៌កំបាំងជុំវិញការស្អកក ដែលស្ទើរតែទាំងអស់គ្នាមិនបានចាប់អារម្មណ៍។

1.    អ្វីទៅហៅថាការស្អកក?
ស្អកកពុំមែនជាជំងឺទេ តែវាជារោគសញ្ញានៃជំងឺណាមួយ ដែលបង្ហាញឲ្យឃើញតាមរយៈការផ្លាស់ប្តូរសំឡេងខុសពីធម្មតាដូចជាការប្តូរទៅជាសំឡេងបែក សំឡេងខ្សោយឬមិនច្បាស់។

2.    កាយវិភាគវិទ្យានៃបំពង់សំឡេង  
បំពង់សំឡេងផ្សំឡើងពីឆ្អឹងខ្ចី (cartilage) មានចំនួន៤សំខាន់ៗ ហើយក្នុងនោះមានឆ្អឹងខ្ចីមួយដែលបញ្ជាខ្សែសំឡេងឲ្យបិទបើកបាន។ ជាទូទៅខ្សែសំឡេងនឹងត្រូវបញ្ជាឲ្យបើកនៅពេលដកដង្ហើមដើម្បីឲ្យខ្យល់ចេញចូល និងបិទវិញពេលនិយាយ ប៉ុន្តែដើម្បីបញ្ចេញសំឡេងឲ្យបានច្បាស់ ខ្សែសំឡេងត្រូវតែបិទជិត និងតឹងណែនល្អ ដូចនេះករណីដែលខ្សែសំឡេងបិទមិនជិតល្អ ឬក៏ធូរ នឹងនាំឲ្យសំឡេងប្រែប្រួលឬហៅថាស្អកនេះឯង។ ជារួមមក ការស្អកកនេះ ទាក់ទងនឹងបំពង់សំឡេងនិងខ្សែសំឡេងនេះផ្ទាល់តែម្តង។

3.    មូលហេតុនៃការស្អកក
•   មហារីក
មានមូលហេតុជាច្រើនដែលនៅពីក្រោយបញ្ហាស្អកក តែសញ្ញាដ៏សំខាន់មួយដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺការស្អកកលើសពី៣សប្តាហ៍ ពិសេសចំពោះមនុស្សចាស់ដែលមានអាយុលើសពី៥០ឆ្នាំ អ្នកជក់បារី ឬផឹកស្រាជាដើមដោយវាអាចជាប់ទាក់ទងនឹងជំងឺដ៏កាចសាហាវគឺ  មហារីកបំពង់សំឡេង ឬមហារីកនៅខ្សែសំឡេង។

ក្រៅពីនោះ ជំងឺមហារីកសួត មហារីកនៅក្រពេញពកក(ក្រពេញទីរ៉ូអុីត)  ឬមហារីកដែលនៅតំបន់ក ដូចជាមហារីកកូនកណ្តុរនៅកជាដើម សុទ្ធតែអាចឲ្យរោគសញ្ញាជាការស្អកក ហើយបញ្ហានេះក៏អាចកើតមានចំពោះក្មេងផងដែរ ។

•    ការរលាក(Infection) បំពង់កឬបំពង់សំឡេង
ការរលាកធ្វើឲ្យខ្សែសំឡេងបិទមិនសូវជិតដោយសារតែអាការៈហើមរបស់បំពង់សំឡេង ហើយភាគច្រើនជាការរលាកស្រួចស្រាវ (acute infection) ដោយពពួកមេរោគ(បាក់តេរី ឬវីរុស)ឬក៏ផ្សិតដែលមានក្នុងបរិស្ថាន។ ការស្អកកដោយបញ្ហានេះអាចបាត់ទៅវិញដោយគ្រាន់តែធ្វើការថ្នមសំឡេង និងសម្រាកសំឡេង ឬព្យាបាលតិចតួចប៉ុណ្ណោះ។

ប៉ុន្តែគួរកត់សម្គាល់ថា មេរោគរបេងក៏អាចបណ្តាលឲ្យស្អកកផងដែរ ដូចនេះអ្នកដែលមានអាការៈស្អកកត្រូវប្រុងប្រយ័ត្នពិសេសការស្អកករ៉ាំរ៉ៃរយៈពេលយូរ។

•    ការប្រើប្រាស់សំឡេងច្រើន​​​ ឬសំឡេងខ្លាំង
មូលហេតុមួយទៀតគឺការប្រើប្រាស់សំឡេងច្រើនឬសំឡេងខ្លាំងៗដូចជាអ្នកឃោសនា      គ្រូបង្រៀន        អ្នកចម្រៀង ដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែសំឡេង។ការស្អកករបៀបនេះអាចដោះស្រាយបានដោយគ្រាន់តែសម្រាកឬថ្នមសំឡេងមួយរយៈប៉ុណ្ណោះ។

•    ការដុះដុំសាច់នៅខ្សែសំឡេង
មានជំងឺជាច្រើនទាក់ទងនឹងការដុះដុំសាច់នៅខ្សែសំឡេងដូចជា ប្តូរនៅខ្សែសំឡេង ប៉ូលីប(polyps) ឬក៏ប្រភេទជំងឺច្រើនយ៉ាងទៀតដែលធ្វើឲ្យអ្នកជំងឺស្អក តែការស្អកនេះកើតមានតែអំឡុងពេលដំបូងនៃការចាប់ផ្តើមដុះដុំសាច់ប៉ុណ្ណោះ។ ក្រោយពីដុំសាច់ដុះកាន់តែធំទៅៗ អាការៈស្អកកនេះនឹងប្តូរទៅជាការនិយាយលែងចេញតែម្តង ឬចេញតែខ្យល់ ព្រោះខ្សែសំឡេងបិទលែងជិតកាន់តែខ្លាំង។

•    វិបត្តិលើសរសៃប្រសាទ
សាច់ដុំខ្សែសំឡេងអាចបិទបើកបាន ដោយមានសរសៃប្រសាទជាក់លាក់ជាអ្នកបញ្ជា ដូចនេះកាលណាសរសៃប្រសាទនោះរងនូវវិបត្តិណាមួយ នោះវាមិនអាចបញ្ជាបានល្អឬត្រឹមត្រូវទេ ពោលខ្សែសំឡេងមិនអាចបិទជិតឡើយដែលនាំឲ្យមានអាការៈស្អកក។ គួររំលឹកថា មានជំងឺជាច្រើនប្រភេទដែលជាមូលហេតុធ្វើឲ្យសរសៃប្រសាទមានវិបត្តិនឹងផ្តល់ជារោគសញ្ញានេះឡើង។

•    ជំងឺប្រភេទប្រព័ន្ធអង់ដូគ្រីន
ជំងឺប្រភេទប្រព័ន្ធអង់ដូគ្រីន(endocrine system)  ក៏ជាមូលហេតុសំខាន់មួយនៃអាការៈស្អកកនិងឃើញកើតមានច្រើនផងដែរ។

•    មូលហេតុទាក់ទងនឹងកំណើតរបស់ក្មេង
ការមានបញ្ហាតាំងពីកំណើតរបស់ក្មេងក៏អាចជាមូលហេតុដែលនាំឲ្យក្មេងមានសំឡេងស្អកផងដែរ។ កំហុសកំណនេះអាចទាក់ទងនឹងតំណពូជ  ឬក៏មិនមែន។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវឬការមានជំងឺណាមួយនៅអំឡុងពេលមានផ្ទៃពោះ ជាមូលហេតុមិនទាក់ទងនឹងតំណពូជដែលធ្វើឲ្យក្មេងអាចកើតមកជាមួយនឹងសន្ទះបិទជិត ឬក៏មានប្រហោងតូចពេកនៅបំពង់សំឡេង ដែលធ្វើឲ្យក្មេងមាននូវរោគសញ្ញាស្អក រួមជាមួយនឹងអាការៈក្អក និងហត់ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្មេង។

រីឯ បញ្ហាតំណពីម្តាយក៏អាចមានផងដែរក្នុងករណីដែលម្តាយមានជំងឺរោគស្ត្រីនៅអំឡុងពេលមានផ្ទៃពោះ តែរោគសញ្ញាច្រើនតែបង្ហាញឡើងនៅពេលក្មេងមានអាយុចាប់ពី ៤ទៅ៥ឆ្នាំ ទើបមានការដុះនូវដុំសាច់ម្យ៉ាងហៅថា ប៉ាប៉ីឡូម (papiloma)។ ចំពោះករណីនេះ មានការពិបាកខ្លាំងដែលពេលខ្លះទាមទារឲ្យក្មេងទទួលការព្យាបាលស្ទើរមួយជីវិតរបស់គេតែម្តង និងត្រូវទទួលការវះកាត់ជាច្រើនលើកច្រើនសារ ហើយកាន់តែធ្ងន់ធ្ងរនោះគឺជំងឺនេះក៏អាចនឹងវិវឌ្ឍទៅជាជំងឺមហារីកទៀតផង។

4.     កត្តាជម្រុញដែលធ្វើឲ្យស្អកក
•    ការជក់បារី ផឹកស្រា ជាកត្តាជម្រុញដ៏សាមញ្ញមួយសម្រាប់ការប្រឈមមុខនឹងជំងឺជាច្រើនពិសេសគឺមហារីកបំពង់សំឡេង ដែលរោគសញ្ញានឹងរួមបញ្ជូលទាំងការស្អកកផងដែរ។
•    ការប្រើសំឡេងច្រើនឬខ្លាំងៗ អាចត្រឹមតែជាកត្តាជម្រុញមួយដោយសារការស្អកកនេះមិនមែនកើតចំពោះមនុស្សគ្រប់គ្នាដែលប្រើសំឡេងច្រើននោះទេ។
•    ជំងឺក្រពះច្រើនតែត្រូវបានមើលរំលង ពីឥទ្ធិពលនៃការច្រាលទឹកក្រពះ ដែលបង្កជាការរលាកបំពង់ខ្យល់ឬបំពង់សំឡេង និងជម្រុញឲ្យមានអាការៈស្អកកឡើង។
•    បរិស្ថានដែលមិនស្អាត ពោរពេញដោយធូលី ឬសារធាតុកខ្វក់ផ្សេងៗ ព្រមទាំងបរិយាកាសស្ងួតឬក្តៅពេក ងាយនឹងជៈឥទ្ធិពលមិនល្អដល់ផ្លូវដង្ហើមឬ ក៏នាំឲ្យមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើមក៏ដូចជាធ្វើឲ្យស្អកក។
•    ការវះកាត់មួយចំនួនដូចជាការវះកាត់លើផ្លូវដង្ហើម ឬសរីរាង្គនៅក្បែរៗនោះក៏អាចបង្កការប្រឈមមុខនឹងបញ្ហាផ្លូវដង្ហើមធ្វើឲ្យស្អកកផងដែរ។
•    វ័យឬអាយុ ក៏ជាកត្តាមួយដែលធ្វើឲ្យមនុស្សចាស់ស្ទើរតែទាំងអស់មានអាការៈស្អកក ដោយសារតែការរួមស្វិតនៃខ្សែសំឡេង នាំខ្សែសំឡេងបិទមិនបានជិតល្អ។
•    ជំងឺមួយចំនួនទៀតក៏អាចជម្រុញឲ្យស្អកកដែរ ដូចជាជំងឺទឹកនោមផ្អែមជាដើម។

5.    ការធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃការស្អកក
មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើទៅបានប៉ុន្តែទាមទារឲ្យធ្វើនៅមន្ទីរពេទ្យដែលមានបរិក្ខារគ្រប់គ្រាន់ ដែលក្នុងនោះរួមមានដូចជា ការថតឆ្លុះអង់ដូស្កុប(endoscope) ការពិនិត្យចលនាខ្សែសំឡេងដោយស្ត្រូប៉ូស្កុប(stroposcope) ព្រមទាំងការពង្រីកមើលឲ្យបានច្បាស់ដោយមីក្រូស្កុប(m-icroscope)ជាដើម។ ដោយឡែក ជាទូទៅការធ្វើរោគវិនិច្ឆ័យនេះអាចប្រព្រឹត្តិទៅដោយសាមញ្ញដែលត្រូវបានប្រើប្រាស់ជាជម្រើសទីមួយក្នុងការធ្វើរោគវិនិច្ឆ័យមុននឹងឈានទៅដល់វិធីសាស្ត្រផ្សេង គឺតាមរយៈការកម្តៅកញ្ចក់ ហើយយកទៅដាក់ក្នុងមាត់អ្នកជំងឺ រួចទើបបាញ់ពន្លឺបញ្ចាំងចំកញ្ចក់នោះ។

6.    ការព្យាបាល
ដោយសារស្អកកជារោគសញ្ញានៃជំងឺណាមួយ ដូចនេះការព្យាបាលត្រូវធ្វើទៅតាមមូលហេតុឬជំងឺបង្កផ្ទាល់។
•    ករណីដែលស្អកដោយសារតែនិយាយឬស្រែកច្រើន ត្រូវឲ្យអ្នកជំងឺសម្រាកសំឡេង ឬប្រើសំឡេងថ្នមៗ ឬសម្រាកមិននិយាយតែម្តង។
•    ករណីមានរលាកដោយសារបាក់តេរីតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះ។ តែសូមបញ្ជាក់ថា ករណីរលាកដោយសារវីរុស គឺពុំមានការប្រើប្រាស់ថ្នាំផ្សះទេ ដូចនេះការព្យាបាល គឺគ្រាន់តែប្រើប្រាស់ថ្នាំទៅតាមរោគសញ្ញាប៉ុណ្ណោះ ដូចជាថ្នាំឈឺក ថ្នាំក្តៅខ្លួន និងពិសាទឹកឲ្យបានច្រើន រួមជាមួយការបញ្ឈប់ការជក់បារី ផឹកស្រា និងរស់នៅស្អាតបរិស្ថានល្អជាដើម។
   
សូមរំលឹកម្តងទៀតថា ចំពោះការស្អកកលើសពី៣សប្តាហ៍ចំពោះមនុស្សចាស់ មានផឹកស្រា ជក់បារី ត្រូវទៅជួបវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ព្រោះវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ពិសេសគឺជំងឺមហារីកតែម្តង។ ដូចគ្នាផងដែរ កាលណាអាការៈស្អកនេះមកជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជា ថប់ដង្ហើម ហត់ អ្នកជំងឺគួរទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលការពិនិត្យ និងព្យាបាលភ្លាមៗ។ លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា បានផ្តល់ជាអនុសាសន៍ចុងក្រោយថា នៅរាល់ពេលមានអាការៈស្អកក ទោះបីជាយល់ថាវាមានលក្ខណៈស្រាល ប៉ុន្តែអ្នកជំងឺគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុច្បាស់លាស់។

សារជាថ្មីម្តងទៀត ចំពោះជំងឺក្រពះដែលជាកត្តាជម្រុញមួយដែលតែងតែត្រូវបានមើលរំលងនោះ គួរតែត្រូវបានត្រួតពិនិត្យ និងព្យាបាលឲ្យបានជាត្រឹមត្រូវប្រសិនបើនេះពិតជាមូលហេតុបង្កមែន។ សូមសំណូមពរផងដែរដល់អ្នកជំងឺក៏ដូចជាប្រជាជនយើងទាំងអស់ថា គួរតែចៀសវាងប្រើប្រាស់ថ្នាំដោយខ្លួនឯងទោះជាអាការៈស្អកនោះមានភាពតិចតួចក្តី ព្រោះមានតែការទៅជួបពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យទេទើបច្បាស់លាស់ ហើយការព្យាបាលក៏មិនប្រាកដថាពិបាកដែរ ដោយពេលខ្លះគ្រូពេទ្យគ្រាន់តែឲ្យដំបូន្មានខ្លះៗ ដោយមិនបាច់ប្រើប្រាស់ថ្នាំផងក៏មាន។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧