ជំងឺរលាកថ្លើមប្រភេទE អាចវិវឌ្ឍទៅជារលាកថ្លើមរ៉ាំរ៉ៃឬទេ?

()
3204
ដោយ : Editor

ជំងឺរលាកថ្លើមប្រភេទEជាជំងឺមួយប្រភេទដែលបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ។ វាមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទB និងC ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី២ទៅ៣ខែដោយពុំចាំបាច់ទទួលការព្យាបាល។

និយមន័យ
ជំងឺរលាកថ្លើមប្រភេទ E ជាជំងឺដែលបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទE ដែលវីរុសនេះត្រូវបានគេចែកចេញជា៤ប្រភេទ ឬពូជ(Genotypes)ទៅតាមពូជសាសន៍និងតំបន់នីមួយៗ៖
ពូជ(Genotype)ទី១ ៖ មានច្រើននៅតំបន់ត្រូពិច ដូចជាអាស៊ី និងអាហ្រ្វិច
ពូជ (Genotype)ទី២ ៖ មាននៅប្រទេស Kenya និង Nigeria ជាដើម
ពូជ (Genotype)ទី៣ ៖ ស្ទើរតែកើតមានពាសពេញពិភពលោក
ពូជ (Genotype)ទី៤ ៖ មិនទាន់អាចកត់សម្គាល់ទីតាំងជាក់នៅឡើយទេ។

ពូជទី១ និងទី២ត្រូវបានគេសងេ្កតឃើញថាវាអាចបង្កជាជំងឺរលាកថ្លើមនៅលើខ្លួនមនុស្ស ហើយមានការចម្លងពាសពេញផ្ទៃប្រទេសទៅលើប្រទេសកំពុងអភិវឌ្ឍដោយសារកង្វះអនាម័យ រីឯពូជទី៣និងទី៤វិញ វាបង្កជាជំងឺនៅលើទាំងខ្លួនមនុស្ស និងសត្វ ជាពិសេសកើតលើសត្វជ្រូក ហើយវាមិនមែនកើតមាននៅតែប្រទេសកំពុងអភិវឌ្ឍនោះទេ វាក៏ត្រូវបានរកឃើញនៅប្រទេសជឿនលឿនផងដែរ។

រយៈពេលនៃការបង្កជំងឺក៏បានបែងចែកជំងឺនេះជា២ទម្រង់ផ្សេងគ្នាផងដែរ គឺរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃ ប៉ុន្តែជាទូទៅការរលាកថ្លើមស្រួចស្រាវតែងជួបប្រទះជាញឹកញាប់ក្នុងជំងឺរលាកថ្លើមប្រភេទ E បន្ទាប់មកវានឹងជាទៅវិញដោយឯកឯង។ ដោយឡែក ជំងឺរលាកថ្លើមប្រភេទ E រ៉ាំរ៉ៃ ឃើញមានចំពោះតែបុគ្គលណាដែលមានប្រពន័្ធភាពស៊ាំចុះខ្សោយប៉ុណ្ណោះ តួយ៉ាងចំពោះអ្នកជំងឺដែលបានធ្វើការដាំសរីរាង្គដូចជាថ្លើម បេះដូង តម្រងនោម ឬ ខួរឆ្អឹង ជាដើម។

ការចម្លងរោគ
ការចម្លងជំងឺនេះ ត្រូវបានគេហៅថា “Orofecal” ពោលគឺចម្លងពីចំណីអាហារដូចជា៖
• បរិភោគទឹកមិនស្អាត
• បរិភោគសាច់សត្វដោយពុំបានចម្អិនឲ្យឆ្អិនល្អ
គួរបញ្ជាក់ផងដែរថា វីរុសនេះមិនអាចធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ឬការរស់នៅជាមួយគ្នានោះទេ។
    
ការចេញរោគសញ្ញា
ពុំមានឃើញនូវរោគសញ្ញាជាក់លាក់ណាមួយដែលបញ្ជាក់ថាជាជំងឺរលាកថ្លើមប្រភេទEប្រាកដទេ។ ក្នុងអំឡុងពេល២ទៅ៧សប្ដាហ៍បន្ទាប់ពីឆ្លងរួចអ្នកជំងឺភាគច្រើនពុំមានចេញនូវរោគសញ្ញាអ្វីទាំងអស់ ឬអាចនិយាយថាមានសុខភាពធម្មតា ព្រោះវាជារយៈពេលសម្ងំរបស់វីរុសដែលគេហៅថា ”Incubation period”។

បន្ទាប់ពីនោះទើបយើងឃើញមានចេញនូវរោគសញ្ញាមួយចំនួនដូចការឆ្លងវីរុសធម្មតាដូចជា ក្ដៅខ្លួន ឈឺសាច់ដុំ អស់កម្លាំង ស្រកទម្ងន់ដែលអាចច្រឡំទៅនឹងជំងឺផ្ដាសាយ។

ក្រៅពីនេះអ្នកជំងឺក៏អាចលេចចេញនូវរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើម ដោយមានការឈឺចាប់នៅចំទីតាំងនៃថ្លើម (ក្រោមឆ្អឹងជំនីរស្ដាំ) កើតលឿងលើស្បែក ភ្នែក ហើយទឹកនោមមានពណ៌លឿងខុសធម្មតានិងលាមកមានពណ៌ស្លេកខុសធម្មតាដែលជាហេតុនាំឲ្យយើងមានការសង្ស័យឈានទៅរកការធ្វើរោគវិនិច្ឆ័យទៅលើជំងឺរលាកថ្លើមប្រភេទE។

ការធ្វើរោគវិនិច្ឆ័យ
បន្ទាប់ពីមានលេចឡើងនូវរោគសញ្ញាខាងលើ ត្រូវធ្វើការសាកសួរពីរបបអាហារក្នុងមួយរយៈពេលខ្លីចុងក្រោយដែលវាជាកត្តាចម្លងដ៏សំខាន់ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជាក់លាក់គឺត្រូវពឹងផ្អែកទៅលើការធ្វើតេស្តឈាមរកអង្គបដិបក្ខវីរុសរលាកថ្លើមប្រភេទ E (anti-HEV, Ig M) និង PCR តេស្ត។

ការព្យាបាល និងវិធីបង្ការ
ចំពោះតែអ្នកជំងឺដែលបានធ្វើការផ្លាស់ប្ដូរ ឬផ្សាំសរីរាង្គ ត្រូវព្យាបាលដោយថ្នាំគ្រាប់ Ribavirin  ឬថ្នាំចាក់Interferon។

ចំពោះអ្នកជំងឺដែលមានសុខភាពធម្មតាយើងត្រូវធ្វើការព្យាបាលទៅតាមរោគសញ្ញា និងធ្វើការណែនាំអ្នកជំងឺផឹកទឹកឲ្យបានច្រើន បរិភោគឲ្យបានគ្រប់គ្រាន់ និងចៀសវាងការផឹកស្រា ឬថ្នាំណាដែលនាំឲ្យមានការខូចខាតនូវកោសិកាថ្លើម។
 
ទោះបីវាគ្មានភាពកាចសាហាវហើយករណីអាចមានតែ៥%ដែលអាចនឹងវិវឌ្ឍទៅជាជំងឺរលួយថ្លើម យើងក៏ត្រូវបង្ការការចម្លងជំងឺនេះដោយរស់នៅឲ្យមានអនាម័យខ្ពស់ ឬធ្វើការចាក់ថ្នាំបង្ការតែម្ដង។

បកស្រាយដោយ ៖ អ្នកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា គ្រូពេទ្យឯកទេសក្រពះ ពោះវៀន ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧