សុខភាពល្អជាមួយស្វាយទុំ

ដូចជាធុំក្លិនស្វាយទុំបណ្តើរៗហើយត៎ា!ដោយសារមានពេលតែប៉ុន្មានខែ សម្រាប់ញ៉ាំស្វាយទុំ តែបើចិតវាញ៉ាំធម្មតាអាចមានភាពដដែលបន្តិច។ ហេតុនេះងាកមកមើលវិញថា តើស្វាយទុំអាចយកទៅធ្វើអ្វីបានខ្លះ និងមានអ្វីដែលពិសេស?

រសជាតិជូរអែម និងក្លិនរបស់ស្វាយទុំ នៅតែរក្សាទុកបានបើទោះជាត្រូវបានចម្អិន ឬច្នៃទៅជា Menu ផ្សេងៗក៏ដោយ។ ដូចនេះយើងអាចយកស្វាយទុំទៅធ្វើជា៖
•    នំខេក ៖ ស្វាយទុំមានរសជាតិផ្អែមល្មម ដូចនេះអ្នកកាត់បន្ថយការប្រើស្ករក្នុងនំបាន។ បានឆ្ងាញ់ហើយមិនឡើងគីឡូទៀត។
•    ទឹកក្រឡុក ៖ កាកសរសៃរបស់ស្វាយទុំ បានធ្វើឲ្យទឹកក្រឡុករបស់អ្នកមានភាពខាប់ល្មម និងមានពណ៌ស្រស់ស្អាត។
•    ការ៉េម ៖ ចំណិតស្វាយទុំ ពេលកកក្លាយជាការ៉េម នៅតែមានភាពទន់ ជាមួយគ្រឿងផ្សំផ្សេងៗទៀតធ្វើឲ្យការ៉េមដែលអ្នកធ្វើដោយខ្លួនឯងមានរសជាតិមិនអាចបំភ្លេចបាន។
•    ដំណាប់ ៖ ភាពស្វិតរបស់ដំណាប់ស្វាយ បានធ្វើឲ្យរសជាតិរបស់វាកាន់តែពិសេស និងទុកញ៉ាំបានយូរ។
•    បាយដំណើប និងស្វាយទុំ ៖ ជា Menu ពេញនិយមស្រាប់ទៅហើយ ដោយសាររសជាតិនៃស្វាយទុំជូរអែម  ស៊ីគ្នាយ៉ាងល្អជាមួយបាយដំណើបដាក់ល្ងដែលមានជាតិប្រៃ និងផ្អែមឡែមៗ។
•    បង្អែមស្វាយ ៖ ដើម្បីលាងមាត់ បង្អែមដែលមានស្វាយទុំ មិនគ្រាន់តែឆ្ងាញ់ទេ ថែមទាំងជួយដល់ការរំលាយអាហារថែមទៀតផង។

Special Menu:
ហេលស៍ថាម សូមណែនាំ Menuមួយដែលអ្នកអាចយកជាគំរូ គឺ«បង្អែមស្វាយ»

គ្រឿងផ្សំ៖
•    ស្វាយទុំ ២ផ្លែ
•    ទឹកដោះគោខាប់ ២ស្លាបព្រាបាយ
•    គ្រាប់សាគូពណ៌ស ៤ស្លាបព្រាបាយ
•    ទឹកកក

 របៀបធ្វើ៖
•    ចិតសម្បកស្វាយទុំចេញ រួចចិតសាច់ស្វាយទុំរាងជាការ៉េតូចៗ   
•    យកចំណិតស្វាយទុំ ពាក់កណ្តាល ទៅក្រឡុកជាមួយទឹកដោះគោខាប់ និងទឹកកក
•    ស្ងោរគ្រាប់សាគូពណ៌សឲ្យឆ្អិន រួចយកតែកាកសាគូ ដាក់ក្នុងចានស្វាយដែលសល់ពីក្រឡុក។
•    បន្ទាប់មកយកល្បាយដែលបានក្រឡុកមកចាក់ចូលក្នុងចានស្វាយខាងលើ រួចកូរឲ្យសព្វជាការស្រេច។

លក្ខណៈពិសេសរបស់បង្អែម៖
ជាមួយនឹងរសជាតិផ្អែមធម្មជាតិរបស់ស្វាយទុំ បង្អែមនេះមិនចាំបាច់ត្រូវប្រើប្រាស់ស្ករទេ ហើយថែមទាំងជារសជាតិផ្អែមល្មមមិនទ្រលាន់  ជាមួយនឹងក្លិនឈ្ងុយរបស់ផ្លែស្វាយទុំស្រស់ដោយមិនបាច់បន្ថែមក្លិនផងដែរ។

ម្យ៉ាងទៀត  ស្វាយទុំមានអត្ថប្រយោជន៍យ៉ាងសន្ធឹកចំពោះសុភាព ជាពិសេសគឺសម្រស់  ហើយវាស័ក្តិសមបំផុតនឹងក្លាយជាបង្អែមនារដូវក្តៅរបស់អ្នក  ដោយគ្រាន់តែបន្ថែមទឹកកកឲ្យត្រជាក់ប៉ុណ្ណោះ។

កុំឲ្យឱកាសនេះកន្លងហួសណា បើខកខានអ្នកនឹងត្រូវរង់ចាំរយៈពេលមួយឆ្នាំទៀតទើបដល់រដូវស្វាយទុំម្តងទៀត។ សាកល្បងធ្វើដោយខ្លួនឯង ជាមួយវិធីងាយៗខាងលើ ហើយក៏អាចច្នៃទៀតបានតាមចំណង់ចំណូលចិត្តរបស់អ្នក។


© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់