កំហុសគិតមិនដល់ទាំង៦ ពេលហាត់ប្រាណ

ចូលចិត្តហាត់ប្រាណ ហើយក៏ហាត់ជាប្រចាំ ប៉ុន្តែមើលពីប្រសិទ្ធភាពវិញគឺមិនបានដូចចិត្តទាល់តែសោះ ធាត់នៅតែធាត់ រីឯក្បាលពោះវិញក៏នៅតែមាន។ កត្តាជាច្រើនអាចមានឥទ្ធិពលដល់រាងកាយ ក៏ដូចជាប្រសិទ្ធភាពក្នុងការហាត់ប្រាណរបស់អ្នកផងដែរ ហើយអាចមានកត្តាណាមួយដែលអ្នកកំពុងតែធ្វើ ដោយមិនធ្លាប់ដឹងថាវាខុស។  ដូចនេះ កុំឲ្យកំហុសដដែលៗបន្តកើតឡើងជាមួយនឹងកំហុស៦យ៉ាងពេលហាត់ប្រាណតទៅទៀត៖ 

1.    ញ៉ាំច្រើនពេកមុនពេលហាត់ប្រាណ
ប្រាកដណាស់ដែលការញ៉ាំមុនហាត់ប្រាណជួយផ្តល់ថាមពលដល់អ្នកក្នុងការហាត់ ហើយមិនធ្វើឲ្យអ្នកឃ្លានពេលកំពុងហាត់ ប៉ុន្តែអ្នកក៏មិនគួរបណ្តោយខ្លួនអ្នក ឲ្យញ៉ាំលើសលប់ដែរ ដោយហេតុថា ការញ៉ាំមុនហាត់-ប្រាណអាចឲ្យអ្នកឈឺពោះ និងចង្អោរពេលកំពុងហាត់។ ប្រសិនបើចាំបាច់ អ្នកគប្បីញ៉ាំអាហារសម្រន់ដូចជា ផ្លែឈើ គ្រាប់ធញ្ញជាតិ ឬប្រភេទយ៉ាអួ យ៉ាងហោចណាស់៤៥នាទីមុនហាត់ តែបើអ្នកត្រូវញ៉ាំអាហារច្រើនអ្នកត្រូវចាំ១ម៉ោងក្រោយ ចាំហាត់ទើបប្រសើរ។

2.    ញ៉ាំភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យអ្នកមិនឆាប់ហត់ក៏ពិតមែន ប៉ុន្តែភេសជ្ជៈប្រភេទនេះមិនត្រូវបានណែនាំឲ្យញ៉ាំអំឡុងពេលហាត់ឡើយ ដោយសារវាមានផ្ទុកនូវជាតិស្ករ និងសារធាតុដែលមានកាឡូរីច្រើនអាចប៉ះពាល់ដល់មុខងារបេះដូង។ ម៉្យាងទៀត សារធាតុកាហ្វេអ៊ីននៅក្នុងភេសជ្ជៈអាចបង្កផលរំខានដល់លំហូរឈាម ប្រសិនបើអ្នកបរិភោគវាក្នុងពេល និងក្រោយពីហាត់រួចភ្លាម។ ផ្ទុយមកវិញ  លោកអ្នកអាចជំនួសវាបានដោយការញ៉ាំទឹក ឬពពួកភេសជ្ជៈ សម្រាប់អ្នកកីឡា (Sport Drink) ក្នុងបរិមាណសមរម្យជាការល្អបំផុត។

3.    ហាត់យូរពេក
ហាត់ប្រាណដើម្បីបានសុខភាពល្អ មិនមែនមានន័យថាអ្នកត្រូវហាត់ច្រើនបំផុតតាមដែលអាចធ្វើបាននោះទេ អ្នកត្រូវមានកាលវិភាគត្រឹមត្រូវ និងរយៈពេលសមស្រប។ តាមការស្រាវជ្រាវមួយបង្ហាញថា ការហាត់ប្រាណហួសហេតុពេក ជាមូលហេតុនៃស្ត្រេស បាក់កម្លាំង ខ្សោយសាច់ដុំ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ពីការហាត់ប្រាណថែមទៀត។  អ្នកគួរអនុវត្តការធ្វើលំហាត់ប្រាណតាមបរិមាណកម្លាំងរបស់អ្នក និងគួរធ្វើការហាត់ក្នុងកម្រិតជុំវិញ ៥ម៉ោងក្នុងមួយសប្តាហ៍។ ម៉្យាងទៀត ត្រូវផ្តល់ពេលវេលាឲ្យរាងកាយ
អ្នកបានសម្រាកនៅពេលអ្នកមានអារម្មណ៍ឈឺចាប់នៅត្រង់កន្លែងណាមួយ។

4.    សម្រាកយូរពេក
ដូចនឹងការហាត់យូរពេក ការសម្រាកយូរពេកក៏ប៉ះពាល់ដល់ប្រសិទ្ធភាពនៃការហាត់ប្រាណផងដែរ។ ជាទូទៅ ត្រឹមតែ១ទៅ២នាទីនៃការសម្រាកអំឡុងពេលហាត់ត្រូវបានណែនាំ និងបង្ហាញថាគ្រប់គ្រាន់ដើម្បីឲ្យរាងកាយអ្នកត្រឡប់មកសភាពល្អឡើងវិញ។ ការលេង ឬនិយាយទូរស័ព្ទក្នុងពេលហាត់ប្រាណមិនមែនជាគំនិតល្អនោះទេព្រោះវាអាច ធ្វើឲ្យអ្នកមិនផ្តោតអារម្មណ៍លើការហាត់ ហើយក៏ជាមូលហេតុដែលធ្វើឲ្យអ្នកសម្រាកយូរ និងលែងចង់ហាត់បន្តទៀត។ យកល្អពេលហាត់ប្រាណប្រើទូរស័ព្ទត្រឹមតែស្តាប់
ចម្រៀងដែលអ្នកចូលចិត្ត ដើម្បីប្រមូលអារម្មណ៍ជំរុញការហាត់ទៅបានហើយ។

5.    ហាត់ម្នាក់ឯង
អ្នកអាចនឹងចង់មានឯករាជ្យ ហើយចូលចិត្តហាត់ប្រាណតែម្នាក់ឯង ដែលមើលទៅអ្នកទំនងជារីករាយជាមួយនឹងការធ្វើបែបនេះ ដោយភ្លេចគិតដល់ការជំរុញទឹកចិត្ត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកទឹកចិត្តខ្លួនឯងត្រឹមតែខ្លួនអ្នកម្នាក់ប្រាកដជាមិនអាចប្រសើរនោះទេ។ ប្រសិនបើអ្នកហាត់មានដៃគូ ត្រឹមតែ២នាក់ឬច្រើន នឹងអាចបង្កើនកម្លាំងជំរុញចិត្ត ២ដងឲ្យការហាត់កាន់តែមានប្រសិទ្ធភាព ហាត់បានទៀងទាត់ ហើយក៏មិនសូវធ្វើឲ្យអ្នកឆាប់ធុញដែរ។

6.    ហាត់ដដែលៗ
ការហាត់ប្រាណដដែលៗអាចឲ្យអ្នកមានភាពងាយស្រួល តែបើអ្នកនៅតែធ្វើវាជារៀងរាល់ថ្ងៃ   នោះវានឹងកាត់បន្ថយនូវប្រសិទ្ធភាពហើយធ្វើឲ្យអ្នកកាន់តែធុញទ្រាន់។ សាកល្បងរាងកាយអ្នកឲ្យមានការប្រកួតប្រជែងដោយការហាត់បែបផ្សេងទៀត ពេលនោះអ្នកនឹងបានឃើញលទ្ធផលរីកចម្រើន។ ព្យាយាមផ្លាស់ប្តូរពីការហាត់​ប្រើកម្លាំងតិចទៅច្រើនបន្តិចម្តងៗមានន័យថាប្រសិនបើអ្នកធ្លាប់ជិះកង់អ្នកគួរប្តូរមកជាការរត់វិញម្តង។ ការរក្សាឲ្យមានការពញ្ញាក់ដល់រាងកាយអ្នកជាអ្វី​ ដែលអ្នកមិនត្រូវមើលរំលង។

ការហាត់ប្រាណវាជារឿងមួយដែលត្រូវប្រកួតនឹងខ្លួនឯងទៅហើយ ដូចនេះកុំដោយសារកំហុសដែលអ្នកមិនបានដឹង ក្លាយជាមូលហេតុដែលអ្នកអស់ទឹកចិត្តក្នុងការប្រកួត។ អញ្ចឹងពេលនេះល្មមដល់ពេលដែលអ្នកត្រូវបញ្ឈប់ ដើម្បីឲ្យការហាត់ប្រាណរបស់អ្នកផ្តល់លទ្ធផលតាមការរំពឹងទុកហើយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  


មតិយោបល់