ពត់ធ្មេញពិតជាធ្វើឲ្យអ្នកស្អាតបាន

មនុស្សម្នាក់ស្អាតបំផុតនៅពេលដែលគេញញឹម ឬសើច ហើយវាជាសញ្ញាបង្ហាញពីភាពពេញចិត្ត  សេចក្តីសុខ និងសុភមង្គលជូនដល់មនុស្សជុំវិញអ្នក ធ្វើឲ្យគេស្រស់ស្រាយបានជាមួយអ្នក។ ប៉ុន្តែ ចុះបើធ្មេញមិនស្អាត ជាពិសេសមិនមែនមួយជួរដូចគេ ដែលសូម្បីតែសើចក៏ត្រូវបង្ខំចិត្តលាក់ដែរពេលខ្លះនោះ? បច្ចុប្បន្ននេះ វាមិនមែនជាបញ្ហាទៀតទេ …អ្នកប្រហែលជាធ្លាប់ឮ និងដឹងខ្លះៗមកហើយអំពីការពត់ឬតម្រង់ធ្មេញដែលមានការពេញនិយមយ៉ាងខ្លាំងទាំងក្នុងប្រទេសផ្ទាល់ ក៏ដូចជាជុំវិញពិភពលោកតែម្តង។ មិនថាអ្នកណា អ្នកណា និងសូម្បីតែតារាល្បីៗជាច្រើនក៏ជ្រើសរើសវិធីសាស្ត្រនេះមកកែតម្រូវសោភ័ណភាពផងដែរ។ ដូចនេះ សូមជួបជាមួយលោកទន្តពេទ្យ ស៊ឹង គីមសាន ស្ថាបនិកនៃ ”គ្លីនិកធ្មេញ គីមសាន”ដើម្បីបកស្រាយចម្ងល់ទាក់ទិននឹងការពត់ធ្មេញនេះជាពិសេស ជុំវិញអត្ថប្រយោជន៍នៃវិធីសាស្រ្តនេះតែម្តង។

អ្វីជាការពត់តម្រង់ធ្មេញ?
ការពត់តម្រង់ធ្មេញគឺជាផ្នែកមួយនៃវិស័យទន្តសាស្រ្តដែលពាក់ព័ន្ធទៅនឹងលើការលូតលាស់ ការវិវឌ្ឍ និងបម្រែបម្រួលនៃមុខមាត់ ផ្នត់ឆ្អឹងថ្គាម ព្រមទាំងធ្មេញផងដែរ។ ជាពិសេស វាជាការព្យាបាលទៅលើលក្ខណៈខុសប្រក្រតីនៃធ្មេញ និងទម្រង់មុខក្នុងការកំណត់មួយដែលទាក់ទងទៅនឹងកត្តាជីវសាស្ត្រ។

ហេតុអ្វីបានជាការពត់ធ្មេញត្រូវបានណែនាំឲ្យធ្វើ?
ពីព្រោះគុណប្រយោជន៏ជាច្រើនដែលបានពីការពត់ធ្មេញផ្តល់ឲ្យលោកអ្នកនូវ៖
• សម្រស់ និងការបញ្ចេញស្នាមញញឹម ដែលជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះការបង្កើនទំនុកចិត្តលើខ្លួនឯង ក្នុងការប្រាស្រ័យទាក់ទងគ្នាទាំងសម្រាប់ក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតក្នុងសង្គមការងារ។
• ដំណោះស្រាយក្នុងការតម្រង់ធ្មេញឲ្យត្រូវទៅតាមកំណាំធ្មេញធម្មតា ងាយស្រួលក្នុងការខាំទំពាចំណីអាហារ ដែលជាកត្តាជំរុញឲ្យអ្នកមានសុខភាពល្អ។
• ធ្មេញដែលត្រង់ជួរស្អាត ធ្វើឲ្យងាយស្រួលក្នុងការសម្អាតបានល្អនូវចំណីអាហារ ឬក៏កម្ទេចកំទីដែលតោងជាប់នៅចន្លោះធ្មេញ។ ផ្ទុយមកវិញ ប្រសិនបើធ្មេញរបស់អ្នកមិនត្រង់ជួរ វាអាចបង្កភាពងាយស្រួលក្នុងការជាប់ចំណីអាហារ និងបាក់តេរី ជាហេតុនាំឲ្យមានរោគពុកធ្មេញ ក្លិនមាត់មិនល្អ ជំងឺអញ្ជាញធ្មេញមួយចំនួន និងអាចនាំឲ្យបាត់បង់ធ្មេញទៀតផង។

នរណាខ្លះគួរជ្រើសរើសការពត់ធ្មេញ?
ជាទូទៅការពត់តម្រង់ធ្មេញ គឺអាចធ្វើឡើងសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមាររហូតដល់មនុស្សចាស់ និងត្រូវបានណែនាំចំពោះអ្នកណាម្នាក់ដោយផ្អែកលើសភាពធ្មេញ របស់ពួកគេដូចជា៖
• បុគ្គលដែលមានធ្មេញដុះប្រជ្រួសគ្នា
• បុគ្គលដែលមានឆ្អឹងថ្គាមធ្មេញផ្នែកខាងលើលយទៅមុខខ្លាំង គ្របទៅលើឆ្អឹងថ្គាមផ្នែកខាងក្រោម
• បុគ្គលដែលមានឆ្អឹងថ្គាមផ្នែកខាងក្រោមលយទៅមុខខ្លាំង ឬឆ្អឹងថ្គាមផ្នែកខាងលើខិតទៅក្រោយខ្លាំង
• បុគ្គលដែលមានចន្លោះប្រហោងនៃផ្នែកធ្មេញមុខ នៅពេលដែលធ្មេញផ្នែកខាងក្រោយខាំប៉ះគ្នា
• បុគ្គលដែលមានខ្សែបន្ទាត់នៃចំនុចកណ្តាលធ្មេញមុខខាងលើមិនស្របគ្នាទៅនឹងចំនុចកណ្តាលនៃធ្មេញមុខផ្នែកខាងក្រោម
• បុគ្គលដែលមានចន្លោះ ឬប្រហោងពីធ្មេញមួយទៅធ្មេញមួយទៀត
• បុគ្គលដែលមានធ្មេញមានលក្ខណៈចង្អៀត ដែលមិនមានលំហគ្រប់គ្រាន់សម្រាប់ដំណុះធ្មេញ។

តើមានជម្រើសអ្វីខ្លះសម្រាប់ការពត់តម្រង់ធ្មេញ?
វិធីសាស្រ្តនៃការពត់តម្រង់ធ្មេញ ដែលនិយមប្រើប្រាស់ជាទូទៅមាន៣ប្រភេទ៖
1.   ការពត់តម្រង់ធ្មេញដោយប្រើលួសដាក់ជាប់ពីខាងក្រៅនៃធ្មេញ៖  វាជាវិធីសាស្ត្រដែលគេប្រើប្រាស់ញឹកញាប់ជាងគេ ក្នុងការពត់តម្រង់ធ្មេញ។
2.   ការពត់តម្រង់ធ្មេញដោយប្រើលួសដាក់ជាប់ពីខាងក្នុងនៃធ្មេញ៖វិធីនេះមិនអាចឲ្យគេមើលដឹងថាយើងកំពុងព្យាបាលពត់តម្រង់ធ្មេញទេ ប៉ុន្តែវាក៏មិនសូវជាមានផាកសុខភាពប៉ុន្មានដែរ។
3.    ការពត់តម្រង់ធ្មេញដោយប្រើឧបករណ៍ជ័រថ្លា៖ មិនប៉ះពាល់ដល់សោភ័ណភាព រឹតតែគេមើលមិនដឹងថាយើងកំពុងព្យាបាលពត់តម្រង់ធ្មេញទៀត គ្រាន់តែវាមានតម្លៃថ្លៃជាងការពត់តម្រង់ធ្មេញទាំងពីរប្រភេទខាងលើ។

លោកទន្តពេទ្យ ស៊ឹង គីមសាន  បានបញ្ជាក់ផងដែរថាអាណាព្យាបាលទាំងអស់គួរនាំកូនទៅជួបទន្តពេទ្យ នៅពេលពួកគេចាប់ផ្តើមដុះធ្មេញស្រុកដំបូង ដើម្បីឲ្យទន្តពេទ្យពិនិត្យ ថែទាំតាមដាន និងវាយតម្លៃទៅលើដំណុះធ្មេញរបស់គាត់ ហើយវាពិតជាសំខាន់ ក្នុងការនាំឲ្យពួកគេមានធ្មេញត្រង់ជួរស្អាតនៅពេលធំពេញវ័យ។  បើយោងតាមសមាគម ពត់តម្រង់ធ្មេញសហរដ្ឋអាមេរិក បានណែនាំថា កុមារគួរតែទទួលបានការវាយតម្លៃអំពីការពត់តម្រង់ធ្មេញពីទន្តបណ្ឌិតតាំងពីនៅមុនអាយុ៧ឆ្នាំ។  

សូមថ្លែងអំណរគុណផងដែរចំពោះការចូលរួមផ្តល់យោបល់ពីទន្តបណ្ឌិត កែវ ប្រឹក្សា   ដែលកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត
(PhD)ផ្នែកពត់តម្រង់ធ្មេញនៅប្រទេសជប៉ុន។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ពាក្យទាក់ទង


មតិយោបល់

profile.png
Sinvichka Eng 1 ឆ្នាំ មុន

Interesting