បើមានសង្សារជាកីឡាករ តើគួរធ្វើយ៉ាងណាខ្លះ?

ទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករបាល់ទាត់ ឬអ្នកស្នេហាវិស័យកីឡានេះប្រៀបបាននឹងការព្រមព្រៀងគ្នារវាងពេលវេលានៅជាមួយនឹងពេលដែលដៃគូរបស់អ្នក ចំណាយលើការហ្វឹកហាត់ ការប្រកួត និងការធ្វើកិច្ចការសាលាផងដែរ។ ក្រៅពីជាសង្សាររបស់អ្នក គេក៏មានសមាជិកមួយរូបនៅក្នុងក្រុមរបស់គេដែរ ហេតុនេះហើយអ្នកត្រូវត្រៀមចិត្តជាមុនថាពេលវេលាទំនេររបស់គេទាំងអស់ នឹងមិនអាចចំណាយលើរូបអ្នករហូតនោះទេ។ យ៉ាងណាមិញ មានម្ចាស់ស្នេហ៍ជាកីឡាករបាល់ទាត់ក៏ជារសជាតិសេ្នហាដ៏រ៉ូមែនទិកមួយបែបផងដែរ​។ ប៉ុន្តែដើម្បីឲ្យជីវិតស្នេហារបស់អ្នកទាំងពីរមានក្តីសុខនោះ អ្នកគួរតែអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម ៖​

· ធ្វើជាអ្នកគាំទ្រមួយរូប ៖ ការផ្តល់កម្លាំងចិត្ត និងចាំគាំទ្រគ្នាទៅវិញទៅមក ជាគន្លឹះមួយដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរកាន់តែស្អិតរមួត និងផ្អែមល្អែម។ ប្រសិនបើអ្នកទំនេរចំថ្ងៃប្រកួតរបស់គេ អ្នកគួរតែចំណាយពេលទៅគាំទ្រគេ ហើយនិយាយសរសើរអំពីការលេងរបស់គេ។ ប៉ុន្តែ​បើអ្នកមិនមានពេលទេ គ្រាន់តែផ្ញើរសារ ឬCALLមកលើកទឹកចិត្តដល់គេក៏បាន នោះគេនឹងមានថាមពលដ៏អស្ចារ្យសម្រាប់ការប្រកួតមិនខាន។

· សិក្សាពីកីឡាប្រភេទនេះ ​៖ វាជារឿងធម្មតាដែលមិត្តនារីភាគច្រើនមិនបានយល់ដឹងពីច្បាប់ផ្សេងៗក្នុងកីឡា តែវានឹងមិនជាបញ្ហាអ្វីធំដុំនោះទេក្នុងសម័យនេះ ប្រសិនបើអ្នកមានបំណងចង់យល់ដឹង។ ព័ត៌មានគ្រប់យ៉ាងដែលអ្នកចង់ដឹងមាននៅក្នុងប្រព័ន្ធអ៊ិនធឺណែត ដែលអ្នកគ្រាន់តែចំណាយពេលប៉ុន្មាននាទី ដើម្បីស្វែងយល់ពីច្បាប់ទូទៅដូចជាមុខងាររបស់កីឡាករ គ្រាប់បាល់ដែលស៊ុតចូល ឬកំហុសធំៗដែលត្រូវទទួលពិន័យ ជាដើម។ បើមិនដូច្នោះទេ អ្នកក៏អាចធ្វើការសាកសួរពីដៃគូរបស់អ្នកផងដែរ គេនឹងរឹតតែសប្បាយចិត្ត ពេលអ្នកដឹងថាអ្នកចាប់អារម្មណ៍។

· ដឹងពីកាលវិភាគនៃការហាត់ និងប្រកួតរបស់គេ៖ ​ការដឹងថាពេលណាគេត្រូវហ្វឹកហាត់អាចឲ្យអ្នករៀបចំពេលដើរលេងជាមួយគ្នាបានដោយមិនចាំបាច់បារម្ភថា គេនឹងបដិសេធនោះទេ។ វានឹងរឹតតែពិសេស ប្រសិនបើអ្នកអាចកំដរគេទៅហាត់ ហើយញ៉ាំអាហារជាមួយគ្នា បន្ទាប់ពីចប់ម៉ោងហ្វឹកហាត់ ឬប្រកួត ព្រោះថាពេលដែលលេងកីឡា គេក៏បានប្រើប្រាស់ថាមពលច្រើនហើយក៏អស់កម្លាំងណាស់ដែរ។

· ទទួលស្គាល់ការពិត ៖ ត្រង់នេះសំដៅដល់ការពិតដែលថាអ្នកនឹងមិនជាអាទិភាពទីមួយរបស់គេគ្រប់ពេលទេ។ ចំណុចនេះហាក់ដូចជាពិបាកជាងគេបន្តិច ព្រោះថាក្នុងនាមជាម្ចាស់ចិត្តរបស់នរណាម្នាក់ យើងតែងតែចង់ឲ្យគេគិតដល់អ្នកមុនគេ។ ប៉ុន្តែបើអ្នកសម្រេចចិត្តថាតភ្ជាប់ចំណងស្នេហាជាមួយកីឡាករហើយ អ្នកត្រូវបើកចិត្តឲ្យទូលាយ ហើយទទួលស្គាល់វា។

· រាប់អានជាមួយនឹងមិត្តរួមក្រុមរបស់គេ ព្រមជាមួយនឹងគ្របង្វឹក ៖ ប្រសិនបើអ្នកមានពេលទៅមើលគេហ្វឹកហាត់ និងប្រកួតញឹកញាប់ អ្នកនឹងមានឱកាសបានជួបនឹងពួកគេមិនខាន។ អ្នកអាចចាប់ផ្តើមជាមួយនឹងគ្រូបង្វឹក និងសមាជិកជម្រើស១១នាក់ដំបូងរួចសឹមបែររកកីឡាករបម្រុង។ ក្រោយពីបានរាប់អានគ្នាហើយ អ្នកនឹងមិនមានអារម្មណ៍ទើសទាល់ ឬអផ្សុកនោះទេ ពេលកំដរម្ចាស់ស្នេហ៍ម្តងៗ។ ម្យ៉ាងអ្នកក៏អាច រាប់អានជាមួយនឹងមិត្តស្រីរបស់កីឡាករផ្សេងៗផងដែរ ហើយអ្នកក៏អាចមានគ្នាជជែកដែរ។

· បង្ហាញឲ្យគេឃើញ ៖ ក្នុងនាមជាម្ចាស់ស្នេហ៍តែមួយគត់របស់គេ អ្នកក៏គួរធ្វើអ្នកគាំទ្រផ្គាប់មុខមួយរូបរបស់គេដែរ។ ព្យាយាមបង្ហាញពីការគាំទ្ររបស់អ្នកតាមដែលអាចធ្វើបាន ប៉ុន្តែក៏មិនគួរហួសហេតុពេកនោះដែរ។ អ្វីដែលពិសេសជាងគេ ហើយមិនគួររំលងនោះ គឺការពាក់អាវដែលជាឯកសណ្ឋានក្រុមរបស់គេ ហើយបើអាចទៅរួច អ្នកក៏គួរអាវដែលមានឈ្មោះរបស់គេផងដែរ។
 
«ចំណងស្នេហាជាមួយកីឡាករអាចជាការងារមួយលំបាក ព្រោះគេនឹងមិនមានច្រើនសម្រាប់អ្នកនោះទេ តែអ្នកត្រូវចាំថា អ្នកនៅតែមនុស្សទីមួយដែលគេគិតដល់គ្រប់ពេល។ ប៉ុន្តែប្រសិនបើអ្នកយល់ថាមិនអាចទ្រាំបាននោះ កុំធ្វើបាបខ្លួនឯងអី...»

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

មតិយោបល់