ទម្លាប់៦យ៉ាងធ្វើឲ្យអ្នកឧស្សាហ៍អស់កម្លាំង ទោះមិនសូវធ្វើអ្វី

ធ្លាប់ដែរឬទេ នៅពេលដែលអ្នកមិនបានធ្វើអ្វីសោះ តែមានអារម្មណ៍ថាល្ហិតល្ហៃក្នុងខ្លួន ហើយមិនមានកម្លាំងធ្វើអ្វី?ច្បាស់ណាស់ជាធម្មតា មានសកម្មភាពមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ ឬការបំពេញការងារខ្លាំងក្លា អាចធ្វើឲ្យថាមពលក្នុងខ្លួនរបស់អ្នកថយចុះ។ ប៉ុន្តែ នៅពេលដែលអ្នកមិនបានធ្វើរឿងទាំងនោះហើយបែរជាអស់កម្លាំងដូចគ្នា ក៏មិនមានអ្វីខុសប្រក្រតីដែរ​​​​​​​​ព្រោះថាមពលរបស់អ្នក ក៏ជាប់ទាក់ទងផងដែរទៅនឹងទម្លាប់ប្រចាំថ្ងៃមួយចំនួនទៀត។ ខាងក្រោមជាទម្លាប់៦យ៉ាង ដែលទាមទារឲ្យអ្នកគិតគូរឡើងវិញ ដោយសារវាជាមូលហេតុបំផ្លាញនូវ ថាមពលអ្នកទាំងមិនដឹងខ្លួនជារៀងរាល់ថ្ងៃ។

១ ចំណាយពេលលើគ្រឿងអេឡិចត្រូនិច  
ច្បាស់ណាស់បុគ្គលភាគច្រើនតែងតែយកពេលវេលាដែលនៅសល់បន្ទាប់ពីការសិក្សា ឬការងារដ៏នឿយហត់ជាពិសេសនាពេលល្ងាចតែម្តង ធ្វើអ្វីដើម្បីជាការកម្សាន្តដូចជាការមើលទូរទស្សន៍ ឬចំណាយពេលលើប្រព័ន្ធអេឡិចត្រូនិច (ទូរស័ព្ទ ថេបប្លេត) ជាដើម។ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថាសកម្មភាពទាំងនោះ រឹតតែធ្វើឲ្យអ្នកមានអារម្មណ៍ល្ហិតល្ហៃទៅវិញ។ យកល្អគួរមានការសម្រាកដោយគេងរយៈពេលខ្លី ឬធ្វើលំហាត់ប្រាណបន្តិចបន្តួចសម្រាប់បង្កើនកម្លាំងរបស់អ្នកសារជាថ្មី។

២ មិនបង្គ្រប់ជាតិទឹកក្នុងខ្លួន
កង្វះជាតិទឹកធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ។ មនុស្សមួយចំនួនតែងតែយកភេសជ្ជៈប្រភេទកាហ្វេអីុន  ឬមានជាតិស្ករ  មកបំពេញថាមពលរបស់ខ្លួន ដោយមើលរំលងនូវអត្ថប្រយោជន៍របស់ទឹក។ ការពិតភេសជ្ជៈប្រភេទខាងលើអាចត្រឹមជួយបំពេញកម្លាំងថាមពលតែមួយរយៈតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានធ្វើឲ្យរាងកាយមានស្ថេរភាពនោះទេ យកល្អគួរទម្លាប់ញ៉ាំទឹកមួយកែវពេញនៅពេលព្រឹក ហើយបន្តបន្ថែមសារជាតិទឹកឲ្យបានពេញមួយថ្ងៃ។

៣ មិនញ៉ាំអាហារមានថាមពល
ទម្លាប់ញ៉ាំអាហារគ្មានជីវជាតិដូចជា អាហារធ្វើឲ្យធាត់ ជាតិផ្អែម ប្រៃ ឬញ៉ាំអាហារចៀនជាញឹកញាប់  ហើយមិនទៀងទាត់ពេលវេលាទៀតនោះ មិនត្រឹមធ្វើឲ្យអ្នកឡើងគីឡូ ឬបង្កជាជំងឺទូទៅផ្សេងទេ វាថែមទាំងអាចធ្វើឲ្យយើងបាត់បង់ថាមពលកម្លាំងរាងកាយរួមជាមួយដែរ។  អ្នកគួរចាប់ផ្តើមជ្រើសរើសយកអាហារដែលផ្តល់ ជាសុខភាពនៃកម្លាំងរាងកាយ ដូចជាពពួក គ្រាប់ធញ្ញជាតិ  បន្លែ ផ្លែឈើ និងសណ្តែកជាដើម។

៤ មិនបញ្ចប់កិច្ចការ
មានកិច្ចការងារច្រើន ដូចជាមានដុំថ្មសង្កត់លើស្មា ដែលអាចស្រូបយកនូវថាមពលរបស់អ្នកជារៀងរាល់ថ្ងៃ។ អ្នកប្រហែលជាមានអារម្មណ៍គិតច្រើនស្រេ្តស ដែលជាហេតុមិនអាចផ្តោតការគិតបានត្រឹមត្រូវ នោះកម្លាំងថាម​ពលរាងកាយក៏ថយចុះទៅតាមនោះដែរ។ សម្រាប់ការគ្រប់គ្រងការងារទាំងនោះ អ្នកគួរតែធ្វើការជ្រើសយកការងារណាដែលមានសារសំខាន់ជាងគេ មកបំពេញ និងត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ ម៉្យាងវិញទៀត ត្រូវមានគម្រោងផែនការជារៀងរាល់ថ្ងៃសម្រាប់ធ្វើការងារ។  

៥ នៅជុំវិញអ្នកដែលទុទិដ្ឋិនិយម
មិត្តភក្តិ ឬអ្នករួមការងារ ដែលមានតែគំនិតទុទិដ្ឋិនិយមអាចជាដើមចមធ្វើឲ្យអ្នកអស់កម្លាំង  ដែលប្រហែលជាអ្នកមិនបានចាប់អារម្មណ៍  ឬបានដឹងពីមុនមក។   ពួកគេអាចធ្វើឲ្យអ្នកធុញទ្រាន់  បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិត ដូច្នេះអ្នកគួររៀនរក្សាគម្លាតពីបុគ្គលប្រភេទនេះឲ្យបានច្រើន។

៦ ខ្វះការគ្រប់គ្រងស្រេ្តស
ការមើលរំលងនូវអារម្មណ៍តានតឹងរបស់អ្នក អាចបង្កជាហានិភ័យកាន់តែខ្លាំង។ យកល្អ អ្នកមិនគួរគេចវេសនោះទេ តែត្រូវរកមធ្យោបាយក្នុងការដោះស្រាយបញ្ហានានា ព្រោះថាវាក៏ជាកត្តាមួយរួមចំណែកក្នុងការបាត់បង់នូវថាមពលរាងកាយរបស់អ្នក។

ជឿជាក់ថា សឹងតែគ្រប់គ្នាមានទម្លាប់ណាមួយ ឬច្រើនដូចបានរៀបរាប់ខាងលើ ហើយក៏ដល់ពេលដែលត្រូវគិតពិចារណាកាត់បន្ថយ ឬបោះចោលនូវទម្លាប់ទាំងនោះដែរ ប្រសិនបើអ្នកមិនចង់ល្ហិតល្ហៃជារៀងរាល់ថ្ងៃដូចជាអ្នកមានជំងឺនោះ។ យ៉ាងណាមិញ ប្រសិនបើអ្នករកឃើញថាភាពអស់កម្លាំង មិនបាត់ទៅណាក្រោយបោះបង់ទម្លាប់មិនល្អខាងលើអ្នកក៏គួរស្វែងរកការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតដើម្បីរកមូលហេតុរបស់វា និងប្រាកដថាវាមិនមែនជាសញ្ញានៃជំងឺណាមួយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ពាក្យទាក់ទង


មតិយោបល់