គួរលាងភ្នែកដោយរបៀបណា?

មិនចាំបាច់ទាល់តែមានការប៉ះទង្គិចភ្នែក ទើបបណ្តាលឲ្យមានបញ្ហារមាស់ ឬរលាកភ្នែកនោះទេ សូម្បីតែសកម្មភាពប្រចាំថ្ងៃក៏អាចឲ្យអ្នកមានអារម្មណ៍រមាស់ ឬឈឺភ្នែកដែរ។ ជាក់ស្តែង បញ្ហាទាំងនេះអាចបង្កមកពីធូលី ដី និងភាគល្អិតដែលមាននៅក្នុងបរិយាកាស ឬមកពីការអង្គុយសម្លឹងមើលសៀវភៅ ឬកំព្យូទ័រក្នុងរយៈពេលយូរ។ ដោយសារភ្នែកជាសរីរាង្គដ៏សំខាន់មួយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សា។បើនិយាយពីវិធីសាស្រ្តថែរក្សាវិញ ការលាងភ្នែកជាអ្វីដែលបុគ្គលគ្រប់រូបគិតដល់មុនគេ ដើម្បីបំបាត់នូវអាការៈរមាស់ភ្នែកទាំងនោះ។ យ៉ាងណាមិញតើអ្នកច្បាស់ទេថា ការលាងភ្នែករបស់អ្នកត្រឹមត្រូវ និងមានសុវត្ថិភាព? បើមិនទាន់ច្បាស់ទេ លោកអ្នកអាចស្វែងយល់ពីគន្លឹះខាងក្រោមពីវិធីសាស្រ្តក្នុងការលាងភ្នែកឲ្យបានត្រឹមត្រូវ…

មានទឹកលាងភ្នែក៖ គួរតែមានផលិតផលទឹកលាងភ្នែកនៅក្នុងផ្ទះ ជាពិសេសចំពោះគ្រួសារដែលមានកុមារតូចៗ ដែលអ្នកអាចរកទិញបាននៅតាមឱសថស្ថាននានា ដោយត្រូវប្រាកដថាទឹកលាងភ្នែកនោះមាន pH កម្រិតណឺត (pH ៧.០)។

ប្រើទឹកស្អាត៖ ប្រសិនបើមិនមានទឹកលាងភ្នែក អាចប្រើទឹកស្អាតជំនួសបាន ប៉ុន្តែទឹកដែលចេញពីក្បាលរ៉ូប៊ីណេអាចមានវត្តមានមេរោគដែលអាចប៉ះពាល់ដល់ភ្នែក។ ដូចនេះអ្នកគួរប្រើទឹកដែលបានធ្វើការច្រោះយកមេរោគចេញ ឬប្រើទឹកសុទ្ធក៏បាន។

រយៈពេលលាងភ្នែក៖ វាមានការប្រែប្រួលទៅតាមកម្រិតនៃការឆ្លងមេរោគក្នុងភ្នែករបស់អ្នកតួយ៉ាង៖
• ត្រូវការតែ ៥ នាទីសម្រាប់លាង ប្រសិនបើភ្នែកអ្នកត្រូវបានប៉ះពាល់ដោយសារធាតុដូចជាសាប៊ូ។
• ការប៉ះពាល់លក្ខណៈមធ្យម ដូចជាម្ទេស ឬសារធាតុអាស៊ីត អាចធ្វើការលាងពី ២០ នាទី ឬលើសពីនេះ។

សីតុណ្ហភាពទឹក ៖ ពេលប្រើទឹកសុទ្ធក្នុងការលាងភ្នែកអ្នកមិនត្រូវយកវាចេញភ្លាមៗពីទូទឹកកកសម្រាប់ប្រើនោះទេ។ ទឹកដែលស័ក្តិសមសម្រាប់លាងភ្នែកគួរតែមានសីតុណ្ហភាពពី១៥.៦ ទៅ៣៧.៨ អង្សាសេ។
    
ធ្វើការលាងភ្លាមៗ ៖ លាងសម្អាតភ្នែករបស់អ្នកបានកាន់តែឆាប់កាន់តែល្អ រាល់ពេលដែលមានអាការៈផ្សេងៗ ព្រោះក្នុងករណីការលាងមិនបានទាន់ពេលវេលា អាចបង្កឲ្យមានការខូចខាតច្រើនទៅកាន់សរីរាង្គភ្នែករបស់អ្នក។យ៉ាងណាមិញ ប្រសិនមិនបានធូរស្រាល ឬមានរោគសញ្ញាសង្ស័យកើតឡើង គួរធ្វើការស្វែងរកការព្យាបាលពីអ្នកឯកទេស។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             


មតិយោបល់