ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ ជាអ្វីដែលគួរយកចិត្តទុកដាក់ខ្លាំងជាងគេ ពីគ្លីនិក ព្រីនសេស

ជាមួយនឹងវត្តមានក្នុងការបម្រើនូវសេវាសុខាភិបាលជូនដល់អតិថិជនជាតិ និងអន្តរជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមក គ្លីនិក ព្រីនសេសបាននាំមកជូនអតិថិជនរបស់ខ្លួននូវសេវាសុខាភិបាលក្នុងកម្រិតមិនចាញ់ពីសេវាដែលអ្នកជំងឺភាគច្រើនយល់ខុសថាមានតែនៅក្រៅប្រទេស។​ ជាមួយនឹងគោលជំហរដ៏រឹងមាំក្នុងការបម្រើដល់អតិថិជនគ្រប់ជាន់ថ្នាក់ វណ្ណៈបុណ្យសក្តិឲ្យស្មើៗគ្នា ជាមួយនឹងពាក្យស្លោកខ្លីតែមានអត្ថន័យខ្លឹមសារ«គុណភាព សុវត្ថិភាព ក្រមសីលធម៌វិជ្ជាជីវៈ»វេជ្ជបណ្ឌិតដែលបម្រើការក្នុងគ្លីនិក ព្រីនសេសសុទ្ធតែមានវិជ្ជាជីវៈខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្រ្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា លោកនាយកប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈច្បាស់លាស់នៃគ្លីនិក ព្រីនសេសផ្ទាល់ ក៏ជាវេជ្ជបណ្ឌិតមួយរូបដែលបានបម្រើការងារ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ ក្នុងវិស័យសុខាភិបាលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងឆ្នាំ១៩៩១ភ្លាម លោកក៏បានបម្រើការងារដំបូងជាមួយនឹងអ៊ុនតាក់ រួចក៏បានចូលបង្រៀនក្នុងសាលាដែលលោកវេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសថៃ រួចទើបបម្រើការងារជាមួយនឹងអង្គការអន្តរជាតិក្នុងការរៀបចំកម្មវិធីសិក្សា និងការចុះបង្រៀនដល់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យមួយចំនួនផងដែរ។ សព្វថ្ងៃផ្ទាល់ លោកវេជ្ជបណ្ឌិត អ វឌ្ឍនៈ ជានាយកនៃគ្លីនិក ព្រីនសេស។

គ្លីនិក ព្រីនសេសមានបម្រើនូវសេវាសុខាភិបាលទូទៅដែលលោកអ្នកពិតជាអាចជឿទុកចិត្តបានពីកម្រិតនៃគុណភាពបាន ជាច្រើនដែលរួមមានដូចជា ផ្នែករោគស្រ្តី ផ្នែកបេះដូង ក្រពះ-ពោះវៀន ផ្នែកវះកាត់ ផ្នែកត្រចៀក-ច្រមុះ បំពង់ក ភ្នែក និងផ្នែកផ្លូវចិត្តជាដើម។ ក្រៅពីការតុបតែង និងរចនាទាំងខាងក្នុង​​ និងក្រៅប្រកបដោយភាពទាក់ទាញ និងអនាម័យខ្ពស់ហើយ គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតឯកទេសជាច្រើនរូបដែលបានសុទ្ធតែបានបញ្ចប់ការសិក្សាពីក្រៅប្រទេស ដែលរួមមានប្រទេសបារាំង ប្រទេសអាមេរិច ប្រទេសចិនជាដើម ។ អ្វីដែលរឹតតែពិសេសនោះ គឺថាក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅក្នុងគ្លីនិកនេះ គឺមានទំនោរធ្វើការងារជាក្រុម ដោយហេតុថាពួកគាត់មានការយល់ឃើញថា ម្នាក់ៗមានឯកទេសផ្ទាល់ខ្លួនក៏ពិតមែន​តែក៏មិនប្រាកដថាខ្លួនឯងល្អឥតខ្ចោះនោះដែរ ហេតុនេះហើយចាំបាច់ត្រូវមានការរៀនសូត្រពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាបម្រើសេវាជូនដល់អតិថិជនឲ្យបានឌិតដល់ និងប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀត ពួកគាត់ក៏មិនភ្លេចពីស្វ័យសិក្សាជាមួយនឹងឯកសារដែលមានប្រភពគួរទុកចិត្ត​ និងមានការទទួលស្គាល់ជាលក្ខណៈសកល តាមរយៈការអានសៀវភៅ ឬធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។

លោកនាយកបានបន្តទៀតថា «ចំណុចដែលយើងតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ ព្រោះថាមុនចាប់ផ្តើមធ្វើការព្យាបាល យើងចាំបាច់ត្រូវដឹងជាមុនសិនថាតើអ្នកជំងឺកើតមានជំងឺអ្វី​​ នោះទើបយើងជាវេជ្ជបណ្ឌិតជំនាញអាចធ្វើផ្តល់ជូននូវការព្យាបាលបានត្រឹមត្រូវទៅតាមរោគសញ្ញា ក៏ដូចជាសភាពរបស់អ្នកជំងឺ»។ សម្រាប់ការព្យាបាល គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតតាមឯកទេស តាមផ្នែកដែលបានរៀបរាប់ខាងលើ ដែលលោកអ្នកមិនចាំបាច់ព្រួយបារម្ភថាពិបាកនឹងត្រូវស្វែងរកនៅកន្លែងណាផ្សេងនោះទេ ហើយការព្យាបាលទៀតសោត គឺធ្វើឡើងទៅតាមក្បួនវិធីតាមបែបវេជ្ជសាស្រ្តដែលធានាជូននូវសុវតិ្ថភាពជូនដល់លោកអ្នក។ រីឯការផ្តល់ឱសថវិញ វេជ្ជបណ្ឌិតទាំងអស់នៃគ្លីនិក ព្រីនសេស ចាំបាច់ត្រូវគោរពក្បូនច្បាប់ត្រឹមត្រូវដោយមានកម្រិត ​និងបរិមាណដែលបានកំណត់រួចជាស្រេច ហើយដាច់ខាតមិនធ្វើការបំពានច្បាប់នោះឡើយ។ 
ផ្ទុយពីគំនិតក្នុងការចង់ឲ្យអ្នកជំងឺចាយប្រាក់ច្រើនទៅលើថ្លៃថ្នាំ ក្នុងនាមជាវេជ្ជបណ្ឌិតដែលបានប្រលូកក្នុងវិស័យវេជ្ជសាស្រ្តជាច្រើនឆ្នាំ លោកវេជ្ជបណ្ឌិតវឌ្ឍនៈ​ ក៏បានបញ្ជាក់ដែរថា «ការសរសេរពីវិធីនៃការប្រើប្រាស់ថ្នាំនីមួយៗមិនថាថ្នាក់ជាតិ ឬអន្តរជាតិនោះទេ គឺសុទ្ធតែត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាពីសំណាក់អ្នកជំនាញការមកពីច្រើនទីកន្លែង និងមានឯកទេសច្បាស់លាស់យ៉ាងម៉ត់ចត់រួចហើយ ហេតុនេះហើយ យើងមិនអាចតាមតែចិត្តចង់បានចំនេញច្រើនហើយផ្តល់ជូននូវវេជ្ជបញ្ជាដែលប្រាសចាកពីនោះទេ។» និយាយដល់ត្រង់បញ្ហាប្រាក់ចំនេញ លោកក៏បានបន្ថែមផងដែរថា​ «យើងត្រូវការប្រាក់ចំនូលសម្រាប់ធ្វើការផ្គត់ផ្គង់គ្លីនិក និងជីវិតក៏ពិតមែនតែយើងមិនអាចយកប្រាក់មកលុបពីលើបច្ចេកទេសនោះទេ វាជាកំហុសឆ្គងដ៏ធំក្នុងវិស័យវេជ្ជសាស្រ្ត»។ ដូចដែលបានបញ្ជាក់ស្រាប់នៅក្នុងពាក្យស្លោកប្រចាំគ្លីនិក គឺគ្រូពេទ្យ និងបុគ្គលិករបស់គ្លីនិក ព្រីនសេស គ្រប់រូបចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ប្រចាំខ្លួន ដើម្បីមានទំនាក់ទំនងក៏ដូចជាការប្រាស្រ័យទាក់ទងល្អជាមួយនឹងអតិថិជន។ 

មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់មិនប្រថុយក្នុងការទទួលអ្នកជំងឺដែលមិនត្រូវនឹងឯកទេសរបស់ខ្លួនឡើយ ប្រសិនបើមានសភាពដែលគាត់មិនអាចធ្វើការព្យាបាលបាន គឺធ្វើការផ្ទេរទៅកាន់អ្នកដែលមានជំនាញត្រឹមត្រូវឲ្យទាន់ពេលវេលា ដោយមិនទុកឲ្យធ្លាក់ដំណាក់កាលធ្ងន់ធ្ងរ ឬចុងក្រោយនោះឡើយ។ លក្ខណៈដ៏ល្អឯករបស់គ្លីនិក ព្រីនសេស មួយទៀតនោះ គឺមានឯកសារពីសភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗយ៉ាងច្បាស់ ហើយក៏មានតម្កល់ទុកសម្រាប់ជាព័ត៌មានយ៉ាងត្រឹមត្រូវ។​
ងាកត្រលប់មកឧបសគ្គក្នុងការបើកដំណើរការវិញ លោកនាយកក៏បានបង្ហើបប្រាប់ហេលស៍ថាមយើងផងដែរថា កាលពីដំបូង អ្វីដែលលំបាកនោះ គឺការប្រើប្រាស់សេវាមិនបានគ្រប់គ្រាន់​ដោយសារតែមិនទាន់សូវមានអតិថិជនស្គាល់ច្រើន។ ឧបសគ្គមួយទៀតនោះ កើតមានដោយសារវេជ្ជបណ្ឌិតធំៗភាគច្រើនបានទទួលប្រព័ន្ធនៃការសិក្សាពីប្រទេសខុសគ្នា ហើយភាសាបច្ចេកទេសដែលប្រើប្រាស់ទៀតសោតក៏មិនដូចគ្នាទៀត ដែលបាបង្កជាបញ្ហាលំបាកបន្តិចបន្តួចដែរ ដែលដំណោះស្រាយសមា្រប់បញ្ហានេះ គឺមានតែពេលវេលា។ ក្រោយពីធ្វើការជាមួយគ្នាក៏ឃើញមានលក្ខណៈប្រសើរច្រើនហើយ។ ចំណុចមួយសំខាន់មួយទៀតនោះ គឺមកពីផ្នត់គំនិតរបស់អ្នកជំងឺផ្ទាល់ ដែលមិនសូវមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ដោយមានការយល់ឃើញថា ពេទ្យណាក៏ដូចពេទ្យណាដែរ។

ចំពោះបញ្ហាដែលអ្នកជំងឺបាត់បង់ទំនុកចិត្តចំពោះពេទ្យក្នុងស្រុកនេះ លោកក៏មានយោបល់ថា មូលហេតុអាចមកពីគ្រួពេទ្យមួយចំនួនដែលធ្វើការអួតសរសើរពីខ្លួនឯង ហើយក៏បង្អាប់ពីគុណភាព និងវិជ្ជាជីវៈពេទ្យជាដៃគូរបស់ខ្លួន ហើយពេទ្យ ឬគ្លីនិកធំៗមួយចំនួនក៏មានការនិយាយមិនល្អពីគ្លីនិកតូចៗផងដែរ។ នេះជាហេតុនាំឲ្យអ្នកជំងឺលែងមានទំនុកចិត្ត ហើយជាចុងបញ្ចប់ក៏សម្រេចចិត្តស្វែងរកសេវាក្នុងប្រទេសដទៃវិញ។

ជាចុងក្រោយ  លោកក៏បន្ថែមនូវប្រសាសន៍ប្រកបដោយអត្ថន័យថា លោកតែងឲ្យអ្នកជំងឺធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើ សភាពជំងឺរបស់ខ្លួនកម្រិតណាគួរស្វែងរកសេវាសុខាភិបាលក្នុងកម្រិតណា ដោយមិនបាននិយាយបង្ខំ ឬបង្ហាញចំៗឲ្យពួកគេមករកគ្លីនិករបស់ខ្លួនឡើយ។  ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាថា ប្រសិនបើមានបញ្ហាសុខភាព ហើយគ្រូពេទ្យជំនាញក្នុងប្រទេសអាចជួយបាន គួរតែកុំចេញទៅប្រទេសក្រៅអី ព្រោះថាទង្វើបែបនេះនឹងអាចឲ្យលោកអ្នកកាត់បន្ថយចំណាយ​ ក៏ដូចជាពេលវេលា លើកតម្កើងវិស័យសុខាភិបាលក្នុងប្រទេស និងជួយអ្នកជំងឺឲ្យទាន់ពេលវេលា។ បើអ្នកចេញទៅប្រទេសដទៃ ហើយអ្នកជំងឺខ្លះក៏មិនចេះភាសាបរទេស រីឯអ្នកបកប្រែក៏មិនមែនជាអ្នកជំនាញផ្នែកពេទ្យ ហេតុនេះហើយការបកប្រែហាក់ដូចមិនសូវបានត្រឹមត្រូវតាមកម្រិត តែបើអ្នកបានជួបជាមួយអ្នកជំនាញនឹងមានការពន្យល់ច្បាស់លាស់។

ស្វែងរកសេវាសុខភាពដែលមានវេជ្ជបណ្ឌិតជំនាញដែលបានបញ្ចប់ការសិក្សាពីប្រទេសក្រៅ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ សូមអញ្ជើញមកកាន់គ្លីនិក ព្រីនសេស ដែលមានអាស័យដ្ឋានផ្ទះលេខ ១៣២ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ពាក្យទាក់ទង


មតិយោបល់