តេីធ្វេីយ៉ាងណាទេីបយេីងអាចដឹងច្បាស់ពីបញ្ហាសុខភាពក្រពះ និង ពោះវៀន?

(9)
898
ដោយ : Ekip Reception

ស្វែងយល់ថា តើធ្វើយ៉ាងណាទើបយើងអាចដឹងច្បាស់ពីបញ្ហាសុខភាពក្រពះនិង ពោះវៀន? ជាមួយវេជ្ជបណ្ឌិតឯកទេស ស៊ង សុភីរម្យ ផ្នែកថ្លើម ក្រពះ ពោះវៀន ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង លីយ៉ុង(ប្រទេសបារាំង)។

យើងសង្កេតឃើញថាប្រជាជនខ្មែរយើងមានបញ្ហាសុខភាពទាក់ទងនឹងក្រពះ ពោះវៀនជាច្រើនរៀងរាល់ថ្ងៃ…
១- តើមានជំងឺណាខ្លះដែលលោកវេជ្ជបណ្ឌិតសង្កេតឃើញញឹកញាប់នៅប្រទេសកម្ពុជាយើងនេះ?
ចំ៖ ជំងឺវិបត្តិរំលាយអាហារ ជំងឺខ្សោយពោះវៀន ជំងឺរលាក ឬដំដៅក្រពះពោះវៀន  និង បញ្ហាដុំសាច់ក្នុងក្រពះពោះវៀនជាដើម។

២- តើធ្វើយ៉ាងដូចម្តេច ទើបអាចដឹងច្បាស់ថាយើងមានបញ្ហាណាមួយឲ្យច្បាស់លាស់ទៅ?
ចំ៖ ដើម្បីឲ្យដឹងថាគាត់មានជំងឺណាមួយអោយច្បាស់នោះ ជាដំបូង អ្នកជំងឺត្រូវការពិគ្រោះជាមួយវេជ្ជបណ្ឌិតនឹងរៀបរាប់ពីអាការ:របស់គាត់ ពេលនោះគ្រូពេទ្យនឹងពិនិត្យរាងកាយទូទៅ ដើម្បីរកមូលហេតុ និង សរីរាង្គណាមួយដែលអាចពាក់ពន្ធ័នឹងរោគសញ្ញាគាត់ មុននឹងធ្វើការសន្និដ្ឋានថាគាត់មានជំងឺណាមួយពិតប្រាកដ។ ពេលខ្លះទៀត ក៏ទាមទារឲ្យមានការពិនិត្យឈាម ឬអេកូសាស្រ្តបន្ថែម ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ ហើយពេលខ្លះទៀតអាចឈានដល់ការតម្រូវឲ្យឆ្លុះក្រពះ ឬពោះវៀនក្នុងគោលបំណងអោយមើលឃើញមូលហេតុដូចជារលាក ដំបៅ ឬដុំសាច់ តែម្តង។

៣-តើការឆ្លុះក្រពះពោះវៀននេះ គេធ្វើឡើងយ៉ាងដូចម្តេចទៅ? ហើយវាចាំបាច់ត្រូវធ្វើសម្រាប់អ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀនទាំងអស់ឬយ៉ាងណា?
ចំ៖ ការឆ្លុះក្រពះពោះវៀន ជាមធ្យោបាយដែលគេប្រើទូទៅនៅលើសកលោកយើងនេះ ដើម្បីមើលឃើញពីរូបរាង ក្រពះពោះវៀនច្បាស់តែម្តង ដោយការប្រើបំពង់តូចមួយបំពាក់ដោយកាមេរ៉ាដែលមានសភាពទន់ និងអាចបត់បែនតាមប្រដាប់រំលាយអាហាររបស់មនុស្សយើង ដែលវាមានសុវត្ថិភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពយើងនោះទេ។

ជាទូទៅ គេមិនតម្រូវឲ្យធ្វើការឆ្លុះក្រពះពោះវៀនលើអ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀនទាំងអស់នោះទេ លើកលែងតែអ្នកជំងឺនោះគាត់មាន
- ការចុកពោះរ៉ាំរ៉ៃ ហើយមិនធូរស្រាល បន្ទាប់ពីការប្រើថ្នាំព្យាបាល
- ការក្អួតចង្អោរលើសពី២ថ្ងៃជាប់គ្នា
- អ្នកជំងឺមានបញ្ហាប្រដាប់រំលាយអាហារដែលមានអាយុលើសពី៤៥ឆ្នាំ
- អ្នកជំងឺដែលមានស្រកគីឡូច្រើន
- អ្នកជំងឺដែលសង្ស័យថាមានហូរឈាមតាមប្រដាប់រំលាយអាហារដូចជា បត់ជើងធំពណ៌ខ្មៅ ឬឈាមក្រហម ស្រស់តែម្តង ព្រោះវាជារោគសញ្ញាបញ្ជាក់ថា អ្នកជំងឺគាត់មានសញ្ញាគ្រោះថ្នាក់ដែលអាចមានជំងឺដំបៅ ឬដុំសាច់ក្រពះពោះវៀន ដែលទាមទារការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យទាន់ពេលវេលា។

៤-តើការឆ្លុះក្រពះពោះវៀនមានការលំបាកទេ? តាមការលឺតៗគ្នា គេថាប្រជាជនយើងខ្លាចការឆ្លុះ និងបារម្ភខ្លាចវាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
ចំ៖ ជាការពិតណាស់ គឺពួកគាត់ខ្លាចឈឺចាប់ ខ្លាចប៉ះពាល់ដល់សុខភាព ខ្លាចពិបាកខ្លាំងពេកទ្រាំពុំបាន ខ្លាចធ្វើឲ្យចុះខ្សោយកម្លាំង ខ្លាចធ្វើឲ្យគាត់រលាកកាន់តែខ្លាំង ឬធ្លាយក្រពះពោះវៀនជាដើម .....។ល។

គ្លីនិកឯកទេស អេគីប យើងខ្ញុំសូមធ្វើការបកស្រាយជូនដល់អ៊ំ ពូមីង និងបងប្អូនទាំងអស់គ្នាថា ៖ «ការឆ្លុះពិនិត្យ ក្រពះពោះវៀនអាចធ្វើជូនបានគ្រប់វ័យ និង អាយុ អ្វីដែលលើសពីនេះ គឺវាមិនបណ្តាលឲ្យមានការស្ទះដង្ហើម ការចុះខ្សោយកម្លាំង ឬប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបណ្តាលឲ្យមានការរលាក ឬធ្លាយក្រពះពោះវៀននោះដែរ ព្រោះបំពង់នោះតូច និងទាន់ហើយយើងអាចមើលឃើញផ្លូវចូលក្នុងប្រដាប់រំលាយអាហារដោយងាយស្រួល និងមិនគ្រោះថ្នាក់។ ការឆ្លុះនេះ គឺមានផលរំខានបន្តិចបន្តួចដូចជា ការក្អួតចង្អោរ ឬការឈឺអួលៗក្នុងពោះតិចតួចប៉ុណ្ណោះ។»

តែនាពេលបច្ចុប្បន្ននេះ ដោយសារតែមាននូវបច្ចេកទេសទំនើប ពេលនេះយើងក៏អាចប្រើប្រាស់ថ្នាំគេងជូនអ្នកជំងឺដែលមិនមានផលប៉ះពាល់ដល់សុខភាពគាត់ ព្រមទាំងអាចបញ្ចៀសនូវការពិបាកដែលរៀបរាប់ខាងលើនេះបានហើយអ្នកជំងឺនឹងដឹងខ្លួនភ្លាម បន្ទាប់ពីឆ្លុះរួច។ ការធ្វើបែបនេះធ្វើឲ្យការឆ្លុះពិនិត្យរបស់យើងកាន់តែងាយស្រួល និងច្បាស់លាស់ ព្រមទាំងអាចកាត់ដុំសាច់ក្រពះ ពោះវៀនដែលតូចជាង៣cm ជូនពួកគាត់ដោយមិនចាំបាច់ធ្វើការវះកាត់បើកពោះនោះទេ។

ខ្ញុំក៍សូមសម្រាបជូនដែរថា «វាជាមធ្យោបាយដែលគេប្រើទូទៅនៅប្រទេសជឿនលឿនដូចជាបារាំង និងជប៉ុនដែលក្រុមវេជ្ជបណ្ឌិតយើងខ្ញុំបានទៅសិក្សានិងបណ្តុះបណ្តាលបន្តនៅទីនោះ ហើយមានសុវត្ថិភាពតាមកម្រិតស្តង់ដារអន្តរជាតិផងដែរ។» 

រក្សាសិទ្ធិដោយ ៖ គ្លីនិកអេគីប
Tel: 017 55 33 17 /070 55 33 17/066 55 33 17

ការសម្ភាសផ្ទាល់នឹងមកដល់ក្នុងពេលឆាប់ៗនេះ...
Video interview will be coming soon...

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧