ជីវិតរស់នៅដ៏ប្រសើរសម្រាប់ស្ត្រីជាមួយនឹងអាហារបំប៉នធម្មជាតិ

រាងកាយរបស់ស្រ្តី ជាមួយនឹងរចនាសម្ព័ន្ធដ៏ស្មុគស្មាញ អាចធ្វើឲ្យស្រ្តីផ្ទាល់ជួបប្រទះនឹងបញ្ហាសុខភាពជាច្រើន ដោយពេលខ្លះ​ គេមិនអាចសូម្បីកំណត់មូលហេតុ នៃការបង្កនោះឲ្យច្បាស់លាស់បានទៀតផង។ ដូចនេះ ការត្រៀមខ្លួនឲ្យបានល្អនៅគ្រប់ដំណាក់កាលដែលស្រ្តីត្រូវឆ្លងកាត់ក្នុងជីវិត ពិតជាសំខាន់ មុនពេលដែលពួកគេត្រូវប្រឈម និងបង្ខំទទួលយកបញ្ហាណាមួយ នៅថ្ងៃក្រោយ។ 

ជាក់ស្តែង ផលិតផលធម្មជាតិជាច្រើននៅលើទីផ្សារ ត្រូវបានជ្រើសរើស ជាវិធីសាស្រ្តសម្រាប់ជាជំនួយដល់ស្រ្តី និងសព្វថ្ងៃវាត្រូវបានក្លាយជាផ្នែកមួយដ៏សំខាន់ នៃអាហារប្រចាំថ្ងៃរបស់ស្ត្រីជាច្រើនផងដែរ។ ក្នុងនោះ ពពួកតែបៃតង ផលិតផលសណ្តែកសៀង (មានផ្ទុក Isoflavone) ព្រមទាំងអាស៊ីត ហ្វូលិក (វីតាមីនបេ៩) ត្រូវបានដឹងថាជាប្រភេទអាហារបំប៉ន ដែលមានឥទ្ធិពលយ៉ាងល្អប្រសើរទៅលើសុខភាពស្ត្រីទាំងមុនពេល និងអំឡុងពេលពេញវ័យ រហូតដល់វ័យអស់រដូវផងដែរ។ ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃសារធាតុទាំងអស់នេះ ក៏ដូចជាការប្រើប្រាស់របស់វា ត្រូវបានលើកមកបង្ហាញជាបន្តបន្ទាប់។ ដោយសារតែសារធាតុ Isoflavone ពីសណ្តែកសៀង ត្រូវបានលើកមកលម្អិតក្នុងអត្ថបទមុនរួចមកហើយ ដោយលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃគ្លីនិកលុច្ស ដូចនេះ សូមតាមដានយល់ដឹងបន្តជាមួយលោកស្រីវេជ្ជបណ្ឌិត ទាក់ទិននឹងសារធាតុពីរទៀតគឺ តែបៃតង និងអាស៊ីត ហ្វូលិក។

អ្វីជាឥទ្ធិពលនៃតែបៃតង និងអាស៊ីត ហ្វូលិក (វីតាមីន បេ៩)?
តែបៃតង៖ សារធាតុជាច្រើនដែលមាននៅក្នុងតែបៃតងដូចជា Caffeine, Theanine,Theaflavins, Theobromine, Theophyllineនិងសារធាតុដទៃទៀត  សុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាពដោយឡែកពីគ្នា តួយ៉ាងវាអាចការពារនិងព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ជាពិសេសគឺឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកផងដែរ។
អាស៊ីត ហ្វូលិក៖ ជាប្រភេទវីតាមីន ដែលរលាយក្នុងទឹក វាមិនមានផលិតនៅក្នុងខ្លួនរបស់មនុស្សឡើយ ដូចនេះ វាទាមទារឲ្យយើងទទួលយកពីចំណីអាហារ ខាងក្រៅ ដូចជា រុក្ខជាតិ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គោ សាច់មាន់ ថ្លើមជ្រូកជាដើម។ ក្រៅពីនោះ វាក៏មានក្នុងផលិតផលអាហារដូចជា ម្សៅនំ នំបុ័ង ឬអាហារបំប៉ននានាផងដែរ។ អាស៊ីត ហ្វូលិក មានមុខងារសម្រាប់ការលូតលាស់កោសិកា និងជួយបង្កើនការចងចាំ ព្រមទាំងចាំបាច់យ៉ាងខ្លាំងចំពោះ
សុខភាពស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន រួមទាំងក្មេង និងក្មេងជំទង់ ។

តែបៃតង និងអាស៊ីត ហ្វូលិក ត្រូវបានប្រើប្រាស់ដើម្បីអ្វី?
• តែបៃតង អាចជាជម្រើសដ៏ល្អសម្រាប់សុខភាពដោយវាអាចទប់ស្កាត់នូវជំងឺមួយចំនួនដូចជា៖
  - ជំងឺពុកឆ្អឹង៖ ដែលជាជំងឺកើតឡើងជាញឹកញាប់ចំពោះស្រ្តីស្ថិតក្នុងវ័យអស់រដូវ។ ឥទ្ធិពលរបស់តែបៃតង អាចជួយពង្រឹងនូវភាពរឹងមាំរបស់ឆ្អឹង និងសាច់ដុំរបស់ស្រ្តីយ៉ាងមានប្រសិទ្ធភាព។ 
  - គ្រប់គ្រងទម្ងន់៖ សារធាតុ  Catechins នៅក្នុងតែបៃតង មានឥទ្ធិពលក្នុងការសម្រក និងគ្រប់គ្រងទម្ងន់ តាមរយៈការកាត់បន្ថយបានយ៉ាងល្អ នូវទម្ងន់ខ្លួន និងទម្ងន់សារធាតុខ្លាញ់ក្នុងខ្លួន។
   - ដុំមហារីកក្នុងស្បូន៖ ជាប្រភេទមហារីក (Leiomyoma) កើតមានលើស្រ្តីដល់ទៅជាង ៧០ ដែលនៅមិនទាន់មានវិធីសាស្រ្តព្យាបាល ជាក់លាក់ណាមួយសម្រាប់រោគសញ្ញានៃដុំមហារីកនេះនៅឡើយទេ។ យ៉ាងណាមិញ សារធាតុដែលមាននៅក្នុងតែបៃតងអាចជួយប្រឆាំងនូវការរលាក ប្រឆាំងការលូតលាស់ និង ប្រឆាំងនឹងការធ្វើអុកស៊ីតកម្ម ដែលជាមូលហេតុមួយនៃការបង្កជំងឺមហារីក។
  - ជំងឺមហារីក៖ តាមការពិសោធ សារធាតុ Polyphenols ដែលមានក្នុងតែបៃតង មានលទ្ធភាពការពារ និងកាត់បន្ថយការរីករាលដាលនៃជំងឺ មហារីកក្រពេញអូវែ និងមហារីកស្រទាប់ស្បូន។
  - ជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ៖ ជំងឺទឹកនោមផ្អែមរបស់ស្ត្រីមានផ្ទៃពោះអាចបង្កការប្រឈមជាច្រើន សម្រាប់ទារកក្នុងផ្ទៃ រីឯតែបៃតងមានឥទ្ធិពលកាត់បន្ថយនូវបញ្ហាមួយចំនួនលើទារកដែលបង្កដោយការលើស ជាតិស្ករ ក្នុងឈាមនោះ។
  - ការដកជាតិពុលពីក្នុងខ្លួន៖ តែបៃតងមានសមត្ថភាពក្នុងការការពារ និងកាត់បន្ថយឥទ្ធិពលអាក្រក់ នៃរ៉ាឌីកាល់សេរី ដែលជាកត្តាបង្កជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ការខូចខាតនៃប្រព័ន្ធប្រសាទជាដើម (Neurodegenerative disorders)។ ការសិក្សាក៏បង្ហាញផងដែរថាតែបៃតង អាចកាត់បន្ថយផលរំខាននៃសារធាតុសំណក្នុងបរិស្ថានដែលជាមូលហេតុនៃភាពអន់ថយសមត្ថភាពក្នុងការ បន្តពូជចំពោះបុរស។
  - ជំងឺឆ្លង៖ សារធាតុ Catechins និង Caffeineនៃតែបៃតងមានសមត្ថភាពប្រឆាំងនឹងសកម្មភាព របស់ពពួកមីក្រុបបានយ៉ាងល្អ ដូចជា បាក់តេរី P.mirabilis និងS.pyogenesរួមនឹងពពួកផ្សិត C.albicanជាដើម។   

• អាស៊ីត ហ្វូលិក (វីតាមីន បេ៩)៖
  -  ចំពោះស្រ្តីមានផ្ទៃពោះ៖ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់អាស៊ីត ហ្វូលិក ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ អំឡុងពេលពពោះ អាចជួយការពារកូនក្នុងផ្ទៃ ពីបញ្ហាពីរយ៉ាងគឺ ការលូតលាស់ខុសប្រក្រតីនៃឆ្អឹងកងខ្នង (Spina bifida) និងខួរក្បាលតូច (Anencephaly)។ ស្រ្តីត្រូវចៀសវាងកង្វះអាស៊ីតហ្វូលិក នៅគ្រប់ដំណាក់កាលក្នុងវ័យបន្តពូជ ពីព្រោះបញ្ហាទាំងនេះ អាចចាប់ផ្តើមតាំងពី ៣ ទៅ ៤ សប្តាហ៍ដំបូងដែលស្ត្រី ភាគច្រើននៅមិនទាន់ដឹងផងថាខ្លួនមានផ្ទៃពោះ។
  -  ចំពោះជំងឺទាក់ទងនឹងបេះដូង៖ ការប្រើប្រាស់អាស៊ីត ហ្វូលិកអាចកាត់បន្ថយនូវអាមីណូអាស៊ីតមួយប្រភេទ​ ដែលប៉ះពាល់ដល់សរសៃឈាម និងអាចបណ្តាលឲ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។   
  -  ចំពោះសុខភាពស្បែក៖ អាស៊ីត ហ្វូលិកអាចជួយទៅលើភាពតឹងណែន មានសំណើម និងភ្លឺរលោងរបស់ស្បែក។ វាក៏ជួយរក្សានូវភាព វ័យក្មេង និងកាត់បន្ថយភាពចាស់របស់ស្បែកតាមរយៈការកម្ចាត់ចោលនូវជាតិពុលដែល ជាមូលហេតុមួយផងដែរនៃជំងឺមុន។
 - ចំពោះបញ្ហាសក់៖ អាស៊ីត ហ្វូលិក អាចផ្តល់ផលល្អចំពោះកោសិកាសក់ដោយវាជួយក្នុងការបង្កើតកោសិកាថ្មីសម្រាប់ ការលូតលាស់របស់សក់។ កង្វះខាតនូវអាស៊ីត ហ្វូលិក មិនត្រឹម មានផលប៉ះពាល់ចំពោះការលូតលាស់របស់សក់ វាក៏អាចបង្កឲ្យមានសក់ស្កូវមុនអាយុ និងជ្រុះសក់ទៀតផង។
 - ចំពោះជំងឺបាក់ទឹកចិត្ត៖ កម្រិតគ្រប់គ្រាន់នៃអាស៊ីត ហ្វូលិកនៅក្នុងខ្លួនអាចជួយទៅដល់មុខងាររបស់ខួរក្បាលឲ្យ បានល្អ ជំរុញអារម្មណ៍ឲ្យប្រសើរឡើង និងជាជំនួយកំឡុងពេលបាក់ទឹកចិត្ត។   
 - ចំពោះអាការៈទូទៅ៖ ភាពអស់កម្លាំង ខ្សោយ រាក មិនសូវចង់ញ៉ាំអាហារ ការស្រកទម្ងន់ ឈឺក្បាលជាដើម អាចបណ្តាលមកពីកង្វះអាស៊ីតហ្វូលិក ដែលទាមទារឲ្យធ្វើការបង្គ្រប់វិញឲ្យបានត្រឹមត្រូវ។
 - ចំពោះបញ្ហាសុខភាពទាក់ទងនឹងអាស៊ីត ហ្វូលិក៖ កង្វះនៃសារធាតុនេះក្នុងរបបអាហារ អាចធ្វើឲ្យមានជំងឺខ្វះឈាម ខ្សោយការចងចាំ ភាពវង្វេងវង្វាន់ ដង្ហើមខ្លីជាដើម។

ដោយសារតែមុខងារដ៏ច្រើនលើសលប់របស់សារធាតុខាងលើចំពោះសុខភាព ការប្រើប្រាស់ និងការបញ្ចូលវាទៅក្នុង របបអាហារប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវជាពិសេសសម្រាប់ស្ត្រីគឺពិតជាសំខាន់ដែលអ្នកគ្រប់គ្នា មិនគួរមើលរំលង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧